ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនក្មេងទំនើងចំនួន ៦នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ។
យោងតាមកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា នៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្មេងទំនើងមួយក្រុម មានគ្នាចំនួន០៦នាក់ ប្រមូលផ្ដុំគ្នាដោយមានកាំបិត និងដុំថ្ម ត្រៀមបង្កជម្លោះជាមួយក្រុមម្ខាងទៀត។ ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ទីតាំងខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាក្មេងទំនើង ចំនួន៦នាក់ ។
អាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តថា ក្មេងទំនើងទាំង ៦នាក់ រួមមាន ៖
១.ឈ្មោះ ឡៃ គណ្ណិត ភេទប្រុស អាយុ១៧ឆ្នាំ
២.ឈ្មោះ អៀម ចៅវាំង ភេទប្រុស អាយុ១៧ឆ្នាំ
៣.ឈ្មោះ រ៉ាហ៊ូ សាំយូអែល ហៅក្រៅ សាំ ភេទប្រុស អាយុ១៥ឆ្នាំ
៤.ឈ្មោះ ឧត្តម សត្យា ហៅក្រៅ ញ៉ា ភេទប្រុស អាយុ១៤ឆ្នាំ
៥.ឈ្មោះ ងួន សុជា ភេទប្រុស អាយុ១៧ឆ្នាំ
៦.ឈ្មោះ ម៉ៅ ឃុនណារ៉ារី ភេទប្រុស អាយុ១៩ឆ្នាំ ។
ក្មេងទំនើងទាំង០៦នាក់ គឺជាសមាជិកក្រុម MT មានឈ្មោះជាភាសាខ្មែរ ម៉ាក់តី ព្រមទាំងដកហូតវត្ថុតាង មាន ៖ កាំបិត និងដុំថ្ម ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសូរនាំនិងចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ពួកគេ គឺមានទំនាស់ ជាមួយក្រុម បេនឡាន និងក្រុម KPS (កំពង់ស្វាយ) គឺតែងតែដេញវាយ និងកាប់គ្នាឱ្យតែជួបគ្នា។ ហើយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមខ្លួនកំពុងតែអង្គុយ នៅតារាងបាល់ ម៉ាក់តី ដែលស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ស្រាប់តែមានក្រុមបេនឡាន មានគ្នាចំនួន០៣នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានទាញកាំបិត មកកាប់ទៅលើឈ្មោះ ថៃ ដែលជាសមាជិកក្រុម MT(ម៉ាក់តី) របស់ខ្លួនតែមិនមានរងរបួសទេ ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/02156271acf41fe39dc73465b474ed6b.jpg)
ចែករំលែកព័តមាននេះ