ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ចៅសង្កាត់​ចោម​ចៅ​ទី​២ និង​ស្ត្រី​ម្ចាស់​សំឡេង​ឆ្លើយឆ្លង​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំ​ពេញ​​​ ៖ ​ លោកប៉េង ម៉េ​ង​គ័ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ខែវិច្ឆិកា ឆ្នាំ​២០២៤កន្លងទៅ បាន​ឲ្យ​ដឹង​ថាតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​បុគ្គល​២​រូប៖…

រាជ​ធា​នី​ភ្នំ​ពេញ​​​ ៖ ​ លោកប៉េង ម៉េ​ង​គ័ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ខែវិច្ឆិកា ឆ្នាំ​២០២៤កន្លងទៅ បាន​ឲ្យ​ដឹង​ថាតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​បុគ្គល​២​រូប៖ ១-ឈ្មោះ វ៉ាសា​រ៉​ង ភេទ​ប្រុស ជា​ចៅ​សង្កាត់​​ចោម​ចៅ​ទី​២ ពី​បទ​គំរាមកំហែង​ដោយ​មាន​​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បទ​​​មិន​​ប្តឹង​បរិហារ​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ ដោយ​អ្នករាជការ​សាធារ​ណ​: តាម​មាត្រា២៣២ និង​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-​ចោទ​ប្រាន់​ឈ្មោះ ស៊ុ​យ ជីវ៉ា ភេទ​ស្រី ពី​បទ​ប៉ុនប៉ង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​មាត្រា២៧នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា៤០​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។ សូមរំលឹកថា ៖ ឃាត់ខ្លួន​ចៅសង្កាត់​ចោម​ចៅ​ទី​២ និង​ស្ត្រី​ដែល​ចរចា​រឿង​លុយ ​ពាក់ព័ន្ធ​គ្រឿ.ង.ញៀ.ន​​

ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការចោទប្រកាន់​បុគ្គល​ទាំង​២នាក់រួច​មក សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី និង​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ សូម​ជម្រាប​ថា លោក វ៉ា សារ៉ង ចៅសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌពោធិ៍​សែន​ជ័យ និង​​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ុ​យ ជីវ៉ា ហៅ​ កុ​ត ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ បន្ទាប់​ពី​បែកធ្លាយ​សារសំឡេង​ចរចា​ទារ​លុយ​ចំនួន​១​លានរៀល ជា​ថ្នូរនឹង​ការ​មិន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹងបទល្មើស​គ្រឿងញៀន ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២នាក់ ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២​នាក់​​នេះ​​ គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង​ការដ្ឋាន​នគរបាលរាជ​ធានី​ភ្នំពេញ និង​ឯក​ឧត្តម​ ឃួ​ង ស្រេង អភិបាលរាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ លោក វ៉ា សា​រ៉​ង ចៅ​សង្កាត់​​ចោម​​ចៅ​ទី​២ បានសារភាព​កំហុស និង​​បញ្ជាក់​​ថា សារ​សំឡេង​នោះ​ពិតជា​សំឡេងរបស់​​គាត់​ប្រាកដ​មែន ។ ចំណែក​ស្ត្រី​ជា​ម្ចាស់​សំឡេងដែល​និយាយ​ចរចា​ជា​មួយ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​២ ក៏​បាន​សារ​ភាព​ដែរ​ថា ខ្លួន​ធ្លាប់​ចែកចាយ​គ្រឿង​ញៀនចំនួន​២​លើក​មក​ហើយ ។

ជនសង្ស័យ​ឈ្មោះ ស៊ុ​យ ជីវ៉ា បាន​ឆ្លើយថា កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ ខ្លួន​ត្រូវ​បាន​ចាប់​និង​ដោះ​លែង​វិញ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។ បន្ទាប់​ពី​ដោះ​លែង​ លោកចៅសង្កាត់​ចោម​ចៅ​ទី​២ បាន​ទូរស័ព្ទ​មក​គំរាមកំហែង​ទារប្រាក់​ពី​ខ្លួន​ចំនួន​១លានរៀល ជា​ច្រើន​លើក​ច្រើន​សា ហើយ​ខ្លួន​មាន​ការ​ភិតភ័យ​ក៏​លួច​ថត​សំឡេង​លោក​ចៅសង្កាត់​ទុក​ រួចផ្ញើ​ទៅ​​អ្នក​ស្គាល់គ្នា    ហើយ​គេ​ក៏​បង្ហោះ​លើ​បណ្តាញ​សង្គមតែម្តង​ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ការ​បែក​ធ្លាយសារ​សំឡេង​​ឆ្លង​ឆ្លើយ​គ្នា​តាម​ទូរស័ព្ទរវាង​លោក វ៉ា សារ៉ង ចៅ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍សែន​ជ័យ ជាមួយ​ស្ត្រីម្នាក់ ​ចរចា​គ្នា​រឿង​លុយកាក់ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ នៅក្នុង​សារ​សំឡេង​នោះ លោក​ចៅសង្កាត់​ចោម​ចៅ​២ ​បាន​ចរចាទារប្រាក់​ពី​ស្ត្រី​ជាមុខសញ្ញា​គ្រឿងញៀន​រូប​នោះ  ហើយ​ស្ត្រី​រូបនោះថា មាន​តែ​១០-២០ម៉ឺន​រៀល ។ ក្រោយមក​លោក​ចៅសង្កាត់បង្ខំ​ឱ្យ​យក​១០០ដុល្លារ​សិនហើយ​គាត់​នឹង​ចេញ​ឲ្យ​គេ​ហូបបាយ​១៥០ដុល្លារ ជា​ថ្នូរនឹង​ការ​មិន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងបទល្មើសគ្រឿងញៀន ។​

បន្ទាប់​ពី​បែកធ្លាយ​សារ​សំឡេង​នោះ ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​បង្ហោះ​ចែកចាយ​បន្ត​គ្នា​ព្រោងព្រាត ។ ទន្ទឹម​នឹង​នេះ ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​២ ក៏​បាន​ឆ្លើយ​ដែរ​ថា សារ​សំឡេង​នោះពិតជា​របស់​គាត់​ប្រាកដ​មែន ។ នៅ​ក្នុង​សារ​សំឡេង​នោះ លោកចៅសង្កាត់​បញ្ជាក់​ថា ទំនង​ជាគាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹងផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ