ទីក្រុងហាណូយ៖ សេដ្ឋីអចលនទ្រព្យវៀតណាម លោកស្រីជឿងមីឡាន ត្រូវសាលាដំបូងកាត់ទោសប្រហារជីវិតប្រហារជីវិតកាលពីខែមេសា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីបានប្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ប្រចាំទីក្រុងហូជីមិញដដែល។ កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍តម្កល់ទុកសេចក្ដីសម្រេចរបស់សាលាដំបូងទុកជាបានការដដែល។ មានន័យថាទោសប្រហារជីវិតនៅរក្សាទុកដដែលទោះបីលោកស្រីជួលមេធាវីខ្លាំងៗ និងធ្វើសារណាការពារខ្លួនកម្រាស់ជាច្រើនទំព័រយ៉ាងណាក្ដី។
សាលាឧទ្ធរណ៍យល់ថាទោសកំហុសរបស់លោកស្រីជឿងមីឡានមានលក្ខណៈធំធេងពេក ល្បីខ្ចរខ្ចាយខ្ទរខ្ទារលោកា។ រឿងនេះល្បីខ្លាំងណាស់ មិនត្រឹមតែវៀតណាម ឬទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែល្បីលំដាប់ពិភពលោកមិនចាញ់សំណុំរឿងឆបោកផន់ហ្ស៊ីស្គីម (Ponzi Scheme) នៅប្រទេសអាមេរិកនោះទេ។ គ្រាន់តែថាទំហំលុយឆបោករបស់ផន់ហ្ស៊ីស្គីមច្រើនជាងនេះ។
កាលពីខែមេសា សាលាដំបូងរកឃើញថាលោកស្រីជឿងមីឡានមានទោសពីបទឆបោកប្រាក់១២,៥ពាន់លានដុល្លារ។ ចំនួននេះស្មើនឹងជិត៣%នៃផលិតផលសរុបក្នុងស្រុក (GDP) របស់វៀតណាមកាលពីឆ្នាំ២០២២។ ក្នុងនាមជាអគ្គនាយិការក្រុមហ៊ុនអចលនទ្រព្យវ៉ាន់ធិញហ្វាត (Van Thinh Phat) លោកស្រីជឿងមីឡានត្រួតត្រាធនាគារពាណិជ្ជសៃហ្កន (SCB) ប្រៀបដូចជាកម្មសិទ្ធិផ្ដាច់មុខរបស់គាត់ដូច្នេះដែរ។ មានន័យថាគាត់ពង្វក់ និងបង្គាប់បញ្ជាធនាគារស្រេចនឹងចិត្តរបស់គាត់។
ចាប់ពីឆ្នាំ២០១២-២០២២ លោកស្រីជឿងមីឡានគិតតែបង្កើតក្រុមហ៊ុនខ្យល់ពីរបីពាន់ក្រុមហ៊ុន ដាក់តែឈ្មោះអ្នកតំណាងក្រុមហ៊ុន និងបុគ្គលិកបន្តិចបន្តួច ប៉ុន្តែគ្មានសកម្មភាពអាជីវកម្មអ្វីទាំងអស់។ ក្រុមហ៊ុនខ្យល់ទាំងនេះក៏ចាប់ផ្ដើមដាក់សំណើទៅធនាគារពាណិជ្ជសៃហ្កនដើម្បីស្នើសុំប្រាក់កម្ចីអាជីវកម្ម(business loan)។ ក្រុមហ៊ុនខ្យល់ទាំងនេះខ្ចីប្រាក់២៥០០ដងស្មើនឹង២៧ពាន់លានដុល្លារ។ ខ្ចីរហូតដល់រលាយធនាគារ រហូតដល់លុយរបស់អតិថិជនយកទៅផ្ញើក៏អស់រលីងគ្មានសល់។
បន្ទាប់ពីក្រុមហ៊ុនខ្យល់រាប់ពាន់នេះបានលុយពីធនាគារពាណិជ្ជសៃហ្កនរួចហើយ ពួកគេក៏ចាប់ផ្ដើមប្រកាសក្ស័យទុនជាបន្តបន្ទាប់។ ធម្មតានៅពេលប្រកាសក្ស័យទុន មិនមែនខាងរដ្ឋាភិបាលគេជឿភ្លាមៗទេ។ គេមានក្រុមអធិការកិច្ច និងសវនកម្មចុះពិនិត្យផ្ទៀងផ្ទាត់។ លោកស្រីជឿងមីឡានអាចព្យាករដឹងអំពីនីតិវិធីនេះតាំងពីដំបូងដៃ។ ដូច្នេះ លោកស្រីយកលុយទៅបំបិតមាត់ក្រុមអធិការកិច្ច និងអគ្គសវនកម្មដើម្បីធ្វើរបាយការណ៍ភូតភរទៅរដ្ឋាភិបាលថាក្រុមហ៊ុនទាំងនេះពិតជាក្ស័យទុនមែន។
និយាយឱ្យស្រួលស្ដាប់ទៅ, នេះជាការឃុបឃិតគ្នាជាប្រព័ន្ធដ៏ធំ១ប្រៀបបាននឹងសម្លកំពិស។ ពោលគឺជាប់ទាក់ទងគ្នាតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល។ អីចឹងហើយបានជាមានការហូតតំណែងខ្ទេចខ្ទីអស់គ្មានសល់តាំងពីនាយករដ្ឋមន្ត្រីរហូតដល់ប្រធានាធិបតី។
កាលពីថ្ងៃអង្គារ តុលាការមិននិយាយច្រើនទេ ហើយក៏មិនអាចយោគយល់អ្វីទាំងអស់ទោះបីលោកស្រីជឿងមីឡានខំអង្វរឡើងទន់ឆ្អឹងយ៉ាងណាក៏ដោយ។ តុលាការនិយាយតែ១ម៉ាត់ដោយខ្លី «បើចង់រួចផុតពីទោសប្រហារជីវិតលុះត្រាតែលោកស្រីជឿងមីឡានមានលុយ៧៥%នៃលុយឆបោកសរុបតម្កល់នៅតុលាការដើម្បីទូទាត់ការខូចខាត។ ចំនួននេះស្មើនឹង១១ពាន់លានដុល្លារ។ បើមានលុយ៧៥%ហើយ លោកស្រីជឿងមីឡានត្រូវខំរកលុយសងជនរងគ្រោះដែលដាក់ប្រាក់វិនិយោគនៅក្នុងគម្រោងខ្យល់របស់គាត់»។
ឥឡូវនេះ នៅមានច្រកចេញតែ១គត់បើតាមលោកង្វៀនខាក់យ៉ាង (Nguyen Khac Giang) ជាអ្នករៀនសូត្រចេះដឹងរបស់វៀតណាមដែលកំពុងសិក្សាស្រាវជ្រាវនៅសិង្ហបុរី។ លោកថ្លែងថាលោកស្រីជឿងមីឡានមិនទាន់ប្រហារជីវិតឆាប់ៗនេះទេព្រោះគាត់ជាមនុស្សកាលីបខ្ពស់ម្នាក់ដែលក្រឡុកស្ថានការណ៍ឡើងវិលក្បុងទូទាំងប្រទេសវៀតណាម។ លោកយ៉ាងយល់ថាលោកស្រីជឿងមីឡានអាចនឹងស្នើសុំពិនិត្យសើរើសំណុំរឿងនេះឡើងវិញទាំងអស់ដើម្បីកាត់ទោសសាថ្មី។ រីឯចំណុច១ទៀត លោកស្រីជឿងមីឡានអាចនឹងស្នើសុំការធ្វើអន្តរាគមន៍ពីប្រធានាធិបតីវៀតណាមក្នុងនាមជាប្រមុខរដ្ឋដើម្បីបន្ធូរបន្ថយទោស៕
ចែករំលែកព័តមាននេះ