មិនមែនតែថៃទេ ! បងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំក៏ពេញនិយមខ្លាំងដែរ សត្វក្អែប ជាសត្វមួយប្រភេទដែលមានពិសខ្លាំង ហើយក៏ជាសត្វមួយប្រភេទដែលខ្មែរយើងចូលចិត្តយកមកប្រើធ្វើជាថ្នាំខ្លាំង សម្រាប់ត្រាំស្រាសរ និងស្រាថ្នាំសម្រាប់ពិសាផងដែរ ។
យ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍នៅប្រទេសថៃវិញថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអាជីព និងមុខរបរថ្មីប្លែក គឺការចាប់សត្វក្អែបលក់ដែលកំពុងមានតម្លៃថ្លៃកប់ពពកនៅលើទីផ្សារ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod online កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ស្ត្រីជនជាតិថៃម្នាក់បានទម្លាយពីអាជីពថ្មីរបស់នាងដោយធ្វើការផ្សព្វផ្សាយ នៅតាមបណ្តាញសង្គម Tik Tok ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះអាជីព និងមុខរបរថ្មីនោះ គឺជាការដើរចាប់សត្វក្អែបលក់យកមកលក់ ។
តាមសម្ដីរបស់នារីខាងលើ បានរៀបរាប់បន្តឱ្យដឹងថា នាងជាកម្មករជាជ័រក្នុងចម្ការកៅស៊ូមួយកន្លែង នៅពេលដែលជាជ័រមិនបាន នាងក៏ដើរ ចាប់សត្វក្អែបដែលឡើងលើដើមកៅស៊ូគេចទឹកភ្លៀង ដើម្បីយកទៅលក់ ។ អ្វីដែលកាន់តែមិននឹកស្មានដល់នោះ នារីរូបនេះបានឱ្យដឹងទៀតថា មុខរបរដើរចាប់សត្វក្អែបលក់នេះពិតជាអាចរកចំណូលបានច្រើនខ្លាំងណាស់ ពោល គឺរកបានជាងការជាជ័រកៅស៊ូទៅទៀត ព្រោះក្នុងមួយគីឡូវាមានតម្លៃរហូតដល់ទៅជិត៣០០ដុល្លារឯណោះ ហើយបើសំណាងថ្ងៃណាភ្លៀងធំ នាងចាប់បានជាងមួយគីឡូក៏មានដែរ ។
ទន្ទឹមនឹងនេះ ចំពោះមុខរបរថ្មីប្លែក តែរកចំណូលបានច្រើនស្ទើរមិនគួរឲ្យជឿរនេះ បានធ្វើឱ្យមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមនាំគ្នាលាន់មាត់យ៉ាងខ្លាំង ព្រោះមិននឹកស្មានថា សត្វក្អែប ដែលជាប្រភេទសត្វអសិរពិស ដែលមានពិស និងគួរឲ្យខ្លាចរអើមសោះ ប៉ុន្តែមានតម្លៃថ្លៃដល់ម្លឹង ។
ស្របពេលជាមួយគ្នានេះ ក៏មានអ្នកលេងបណ្ដាញសង្គមខ្លះក៏បានលើកឡើងឱ្យដឹងថា គ្មានអ្វីចម្លែកនោះឡើយ តាមពិតសត្វក្អែបនេះមានអ្នកយកទៅបំពងលក់ ដែលក្នុងមួយក្បាលៗតម្លៃមិនថោកនោះទេ ហើយនេះក៏ជាហេតុផលមួយដែលធ្វើឲ្យអាជីពមួយនេះផ្តល់ប្រាក់ចំណូលច្រើន ប៉ុន្តែអាចនឹងប្រឈមនឹងគ្រោះថ្នាក់បន្តិច ។
ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើងវិញ បងប្អូនមួយចំនួនធំភាគច្រើនយកសត្វក្អែប ដែលជាសត្វមានពិសនេះយកមកត្រាំស្រាសរ ឬស្រាថ្នាំ ដើម្បីពិសាជាដើម ប៉ុន្តែចំពោះការយកមកបំពងបរិភោគនៅខ្មែរ គឺពុំសូវមានឡើយ ប៉ុន្តែបើមានក៏ភាគតិចនោះដែរ ។ ចុះសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ តើនៅប្រទេសកម្ពុជាយើង បងប្អូនដឹងអត់ថាសត្វក្អែប អាចយកទៅធ្វើអ្វីបានខ្លះ ក្រៅពីត្រាំស្រាសរ និងស្រាថ្នាំ ? ហើយតើបងប្អូនដែលសាកល្បងដែរឬអត់ ?៕ អត្ថបទ៖ រៀម រ៉ាន់
ចែករំលែកព័តមាននេះ