រាជធានីភ្នំពេញ ៖ តុលាការខេត្តកណ្តាលបានសម្រេចឃុំខ្លួនស្ត្រីហ្វីលីពីនចំនួន១៣នាក់ និងស្ត្រីខ្មែរម្នាក់នេះធ្វើឡើង ក្រោយតុលាការខេត្តកណ្ដាលបើកសវនាការជាអសាធារណ:ចំនួន២ថ្ងៃពីថ្ងៃ២៨ ខែវិច្ឆិកា ដល់២៩ ខែវិច្ឆិកា ២០២៤ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។
តាមសេចក្ដីប្រកាសព័ត៌មានដដែល ស្ត្រីហ្វីលីពីនចំនួន១៣នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ក្នុងម្នាក់ៗ តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេល២ឆ្នាំ ដោយទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ«ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់ឆ្លងដែន និងបទសមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន» ។ ចំណែកស្ត្រីខ្មែរម្នាក់ត្រូវប្ដូរបទចោទពីការសមគំនិតក្នុងបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន មកបទ «មិនប្ដឹងបរិហាបទឧក្រិដ្ឋ» ដែលជនជាប់ត្រូវជាប់ឃុំ ៦ខែ តែអនុវត្តទោស ១ខែ ១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរធម្មតា ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការបានលើកឡើងថាការប្ដូរបទចោទលើស្ត្រីខ្មែរម្នាក់នេះ ក្រោយរកឃើញថា ស្ត្រីរូបនេះគ្រាន់ជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារ ដើម្បីមើលថែស្ត្រីហ្វីលីពីន។ គួរជម្រាបជូនថា អាជ្ញាធរមានសមត្ថកិច្ចបានបំបែកសំបុកក្រុមស្ត្រីពពោះជំនួសខាងលើ នៅចំណុចបុរីវិមានភ្នំពេញ ស្ថិតនៅលើផ្លូវ៦A ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីខែមីនា ឆ្នាំ២០២៤និងក្នុងអំឡុងឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានលើកឡើងថានៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជា អសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៥ អ.ក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ដែលមានជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣ (ដប់បី)នាក់ និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា២៧ មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលមានជនជាប់ចោទជាស្ត្រីជនជាតិខ្មែរចំនួន០១ (មួយ)នាក់។
ប្រភពបន្តថា ក្រោយពីបញ្ចប់កិច្ចពិភាក្សាដេញដោលនាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្តាល បានពិនិត្យ និងពិចារណាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានាក្នុងសំណុំ រឿង និងបានចេញសាលក្រមព្រហ្មទណ្ឌលេខ១៧៧/ញ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេច ផ្តន្ទាទោស ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣(ដប់បី) នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤(បួន)ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ (ពីរ)ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា២៧ មាត្រា៩៤ កថាខណ្ឌទី១ ចំណុចទី១ មាត្រា១០៦ មាត្រា១០៧ និងមាត្រា១០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ កថាខណ្ឌទី៣ ចំណុចទី១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
ចំពោះជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារដើម្បីមើលថែ ស្ត្រីជនជាតិហ្វីលីពីនត្រូវបានតុលាការសម្រេច៖
១.កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទ ក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា២៧ មាត្រា២៩ នៃ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មកជា បរិហារបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌវិញ។ ២.ផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ កំណត់រយៈពេល៦ (ប្រាំមួយ)ខែ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ (ពីរ)ខែ១ (មួយ) ថ្ងៃ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ មិនប្តឹងបរិហារបទឧក្រិដ្ឋ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា១០៦ មាត្រា១០៧ មាត្រា១០៨ និងមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមបញ្ជាក់ជូនថា ជុំវិញការសម្រេចសេចក្តីខាងលើ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានធ្វើការពិចារណាយ៉ាងល្អិតល្អន់ ច្បាស់លាស់ និង ត្រឹមត្រូវបំផុតផ្អែកតាមច្បាប់ជាធរមាន ហើយបានកំណត់ថា អំពើដែលបានប្រព្រឹត្តដោយជនជាប់ចោទជា ស្ត្រីជនជាតិហ្វីលីពីនទាំង១៣ (ដប់បី) នាក់ គឺជាបទល្មើសដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អំពើនេះ គឺជាបទល្មើសប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលត្រូវផ្តន្ទាទោសដោយ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយសារ បទល្មើសនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន។ ប៉ុន្តែ ក្នុងករណីសំណុំរឿងខាងលើនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិ ហ្វីលីពីនទាំង១៣ (ដប់បី) នាក់នេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារកក្នុងគោលបំណងលក់-ដូរ ទៅឱ្យអ្នកទីបី ជាថ្នូរនឹងប្រាក់ ដែលអំពើនេះត្រូវកំណត់ថាជាបទល្មើសលក់-ដូរមនុស្ស។ ហេតុដូច្នេះ ស្ត្រី ដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូន ដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
ចែករំលែកព័តមាននេះ