ក្រុមមន្ត្រីបីប្រភេទដែលពលរដ្ឋស្អប់ គឺមន្ត្រីឡេមឡឺម អែបអប និងពុករលួយ សូមប្រុងប្រយ័ត្នខ្លួនពីព្រោះ រដ្ឋាភិបាលអណត្តិទី៧នេះហាក់អនុវត្តមែនទែនហើយលើក្រុមមន្ត្រីទាំងនេះ ។
ប្រត្យក្រភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមមន្ត្រីទាំងបីប្រភេទនេះបានឃើញជាក់ស្តែងយ៉ាងហោចណាស់ពីរករណីធំៗហើយនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ ហើយមន្ត្រីទាំងនោះ គឺសុទ្ធសឹងតែជាមន្ត្រីដែលមានយសស័ក្តិគ្រាក់ៗ ហើយសុទ្ធតែធ្លាប់មានកិត្តិនាម និងភាពល្បីល្បាញគួរសម ទាំងនៅក្នុង សង្គម និងនៅក្នុងនយោបាយ ។
ករណីទីមួយ គឺករណីពាក់ព័ន្ធនឹងលោក លី សាម៉េត ដែលមកដល់ដើមខែធ្នូនេះមានបុគ្គលយ៉ាងហោចណាស់១០នាក់ហើយដែលត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងពុករលួយសូកប៉ាន់ នៅក្នុងជួរមន្ត្រីដែលមានទឹកប្រាក់ចូលខ្ទង់លានដុល្លារ ។ នៅក្នុងសំណុំរឿងនេះ បានរហូតបុណ្យស័ក្តិមន្ត្រីជាន់ខ្ពស់ថ្នាក់នយោបាយ និងថ្នាក់ក្រោមជាតិមួយចំនួន ដែលមានឋានៈតាំងពីរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលស្រុក ឧកញ៉ា និងអ្នកដែលមានលុយជាច្រើនរូបហើយមិនដឹងថា តើនរណានឹងត្រូវជាប់ពាក់ព័ន្ធទៀតនៅឡើយ ។
នៅក្នុងសំណុំរឿងនេះ លោក ដួង តារា មានតួនាទីជារដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី ហើយអ្នកដែលស្គាល់ប្រវត្តិគេដឹងថា គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប គឺត្រូវសមត្ថកិច្ចឃាត់ខ្លួននៅទីសាធារណៈក្តៅៗពេលចុះពីយន្តហោះ ហើយត្រូវចោទប្រកាន់ពីបទឆបោកអស់ទាំងបុណ្យស័ក្តិ និងកំពុងតែមានពិរុទ្ធផ្លូវច្បាប់បន្ថែមទៀត ។ ករណីទីពីរ គឺពាក់ព័ន្ធសំណុំរឿងឆរបោក ដ៏ក្តៅគគុកនៅខេត្តសៀមរាប ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ។ នៅក្នុងសំណុំរឿងនេះ បុគ្គលសំខាន់ពីររូបក៏ត្រូវបានតុលាការកោះហៅផងដែរ គឺលោក ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ស ថាវី គឺជា អតីតអភិបាលខេត្តឧត្តរមានជ័យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ។
លោក ស ថាវី ត្រូវបានតុលាការខេត្តសៀមរាបកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅពេលព្រឹកថ្ងៃទី១១ ខែធ្នូ ហើយ លោក ស៊ាន បូរ៉ាត់ ក៏ត្រូវបានតុលាការខេត្តសៀមរាបកោះហៅឲ្យចូលឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ផងដែរ ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ សារព័ត៌មានមួយចំនួនបានរាយការណ៍ឲ្យដឹងថា ការកោះហៅលោក ស៊ាន បូរ៉ាត់ នេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាលដែលកំពុងទទួលជួយការពារក្តីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្នុងគម្រោងឆបោកតាមរូបមន្តដែលគេស្គាល់ថា Ponzi Scheme ។
ពីរករណីដ៏ប្រត្យក្រនេះ អាចជាសក្ខីកម្មមួយបង្ហាញថា រដ្ឋាភិបាលកម្ពុជាអណត្តិថ្មីនេះ ប្រហែលជាមិនអោប ដៃបណ្តែតបណ្តោយឲ្យក្រុមមន្ត្រីដែលរាស្ត្រមិនចូលចិត្តទាំងទាំង៣នេះ បានបន្តសោយសុខ និង សម្ងំធ្វើមានធ្វើបាននៅលើគំនរទុក្ខលំបាករបស់ប្រជាពលរដ្ឋតទៅទៀតហើយ ។ ក្រៅពីនោះក៏នៅមានករណីមន្ត្រី និងកងកម្លាំងអសកម្មមួយចំនួនទៀត ដែលត្រូវបណ្តេញចេញពីក្របខណ្ឌដោយសារតែបញ្ហាគ្រឿងញៀ.ន និងការអនុវត្តសកម្មភាពមិនសមរម្យខុសវិន័យ និងប៉ះពាល់ដល់កិត្តិយសកងកម្លាំងប្រដាប់អាវុធ ។
គួររំលឹកថា នៅក្នុងសារអបអរទិវាជាតិ និងអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅសម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់សាធារណៈជនថា អ្វីក៏ដោយអោយតែប៉ះពាល់ដល់ប្រយោជន៍សាធារណៈរាជរដ្ឋាភិបាលនឹងរារាំងភ្លាម ។ នៅក្នុងសារនោះសម្តេចធិបតី សង្កត់ធ្ងន់ថា សម្រាប់ឆ្នាំ២០២៤ គ្រប់ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជន ទាំងអស់ សូមគាំទ្រ និងសហការជាមួយនឹងរដ្ឋាភិបាល ដើម្បីបំពេញបេសកម្មជា ប្រវត្តិសាស្ត្ររបស់យើងដើម្បីសង្គមស្អាតស្អំ និងរុងរឿង។
នៅក្នុងរយៈពេលនោះមកដល់ពេលនេះ ចំណាត់ការប្រឆាំងអ្វីដែលសម្តេចលើកឡើងឃើញថា អនុវត្តពិតប្រាកដមែន ។ ដូច្នេះយើងសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តអនុវត្ត និងបោសសម្អាតអំពើពុករលួយ ជាពិសេស គឺសកម្មភាពរបស់មន្ត្រីដែលពលរដ្ឋស្អប់ទាំងបីខាងលើបន្ថែមទៀត ។ មន្ត្រី គឺមានភារកិច្ចបម្រើពលរដ្ឋមិនមែនគាបសង្កត់ពលរដ្ឋយកលាភសក្ការៈនោះទេ ។ មន្ត្រីឡើងបុណ្យឡើងស័ក្តិគួរតែឡើងតាមថានានុក្រម និងសមត្ថភាពការងារមិនមែនឡើងតាមការសូកប៉ាន់ឡើយ ។ កាលបើកម្ពុជាអាចទប់ស្កាត់អំពើពុករលួយបានយ៉ាងមានប្រសិទ្ធភាពនោះ កម្ពុជានឹងកាន់តែធ្វើដំណើរទៅមុខបានលឿនក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ដូច្នេះ យើងត្រូវរួមគ្នាជាមួយរដ្ឋាភិបាលក្នុងការបំបាត់អំពើពុករលួយ គ្រប់ប្រភេទ ៕
ចែករំលែកព័តមាននេះ