ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺ​ម៉ង់​សន្យា​ផ្ដល់​ជំនួយ​យោធា​៦៨៤​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែន

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ​អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាហ្វ​ សូល បំពេញ​ទស្សន​កិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ទី​ក្រុង​កៀវ​ ហើយ​​ជា​ទស្សន​កិច្ច​លើក​ទី​១​​​ចាប់​តាំង​ពី​ខែ​មិថុនា​ ​ឆ្នាំ​២០២២​។ ម៉្យាង​ទៀត​ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​​អាទិត្យ​​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ហ្សេឡិន​ស្គី​និយាយ​រិះ​គ​ន់​ខ្លាំង​ៗ​ចំពោះ​មេ​ដឹក​នាំ​អាល្លឺម៉ង់​រូប​នេះ​ដែល​លួច​និយាយ​ទូរ​ស័ព្ទ​ស្ងាត់​ៗ​ជា​មួយ​លោក​ពូទីន​។ ការ​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ពូទីន​នៅ​ពេល​នោះ​ដោយ​សារ​លោក​បារម្ភ​ថា​តើ​លោ​កត្រាំ​នឹង​ប្រកាន់​ជំហរ​បែប​ណា​ចំពោះ​អ៊ុយ​ក្រែន​​​នៅ​ពេល​លោ​ក​សន្យា​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។…

ទី​ក្រុង​កៀវ៖ ​អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាហ្វ​ សូល បំពេញ​ទស្សន​កិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ទី​ក្រុង​កៀវ​ ហើយ​​ជា​ទស្សន​កិច្ច​លើក​ទី​១​​​ចាប់​តាំង​ពី​ខែ​មិថុនា​ ​ឆ្នាំ​២០២២​។ ម៉្យាង​ទៀត​ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​​អាទិត្យ​​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ហ្សេឡិន​ស្គី​និយាយ​រិះ​គ​ន់​ខ្លាំង​ៗ​ចំពោះ​មេ​ដឹក​នាំ​អាល្លឺម៉ង់​រូប​នេះ​ដែល​លួច​និយាយ​ទូរ​ស័ព្ទ​ស្ងាត់​ៗ​ជា​មួយ​លោក​ពូទីន​។

ការ​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ពូទីន​នៅ​ពេល​នោះ​ដោយ​សារ​លោក​បារម្ភ​ថា​តើ​លោ​កត្រាំ​នឹង​ប្រកាន់​ជំហរ​បែប​ណា​ចំពោះ​អ៊ុយ​ក្រែន​​​នៅ​ពេល​លោ​ក​សន្យា​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ សម្រាប់​អាល្លឺ​ម៉ង់​ ​​មាន​ផ្លូវ​ច្រើន​​សម្រាប់​​ជ្រើស​រើស​​​។ លោក​សូល​យល់​ថា​បើ​បំណាច់​នឹង​មាន​ការ​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន លោ​កក៏​ចង់​ដើរ​តួនាទី​ដ៏​សំខាន់​ម្នាក់​ដែរ​។ បើ​បណ្ដោយ​ឱ្យ​លោក​ត្រាំ​យក​គុណ​សម្បត្តិ​នេះ​តែ​ម្នាក់​ឯង​ហាក់​ដូច​ជា​មិន​សម​។

​​ឥឡូវ​នេះ មាន​របត់​នយោបាយ​ថ្មី​ពាក់​ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែន​។ នៅ​ពេល​មាន​សញ្ញា​ថា​​អ៊ុយ​ក្រែន​គេច​មិន​ផុត​ពី​ត្រូវ​ចូល​តុ​ចរ​ចា​​​​ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​បាន​ឱ្យ​តម្រុយ​ជា​បណ្ដើរ​ៗ​កាល​ពី​​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា «​បើ​ត្រូវ​កាត់​ទឹក​ដីខ្លះ​ទៅ​ឱ្យ​រុស្ស៊ី​ក៏​លោក​សុខ​ចិត្ត​ដែរ​។ សំខាន់​ឱ្យ​តែ​អ៊ុយក្រែន​បាន​ចូ​លជា​សមាជិក​អង្គ​​ការ​ណាតូ​​ដើម្បី​ទទួល​បាន​ការ​ការ​ពារ​សន្តិ​សុខ​ជាតិ​»​។​

​លោក​សូល​ក៏​កំពុង​​​ទាក់​ទាញ​ការ​គាំទ្រ​មុន​ការ​​បោះឆ្នោត​​ខែ​កុម្ភៈ ឆ្នាំ​២០២៥​។ នៅ​ពេល​យុទ្ធ​នា​ការ​ឃោសនា​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ លោក​ចង់​បង្ហាញ​ថា​អាល្លឺម៉ង់​ជា​ប្រទេស​ផ្ដល់​អាវុធ​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​លំដាប់​ទី​២​​នៅ​លើ​​ពិភព​លោក​ និង​លំដាប់​ទី​១​នៅ​ទ្វីប​អឺរ៉ុប​​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​ផ្ដល់​អាវុធ​ដោយ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​ដើម្បី​ជៀស​វាង​ការ​ផ្ទុះ​​​សង្គ្រាម​កាន់​តែ​ធំ​។ ដូច​ជា​​​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ម៉ាក​ថូរ៉ូស (Taurus) ដែល​អាច​បាញ់​ចំ​គោល​ដៅ​ល្អ​​​លោក​មិន​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ទេ​។

ចំណុច​១​ទៀត​ លោ​កសូល​ក៏​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​ចំពោះ​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​អង្គ​ការ​ណា​តូ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​ឱកាស​ជួប​គ្នា​នៅ​យប់​នេះ​ លោក​ទាំង​២​បាន​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​របស់​អាល្លឺម៉ង់​ដើម្បី​ផ្ដល់​ជំនួយ​យោធា​គិត​ជា​ទឹក​ប្រាក់​៦៨៤​លាន​ដុល្លារ​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២៤​​​​​ដើម្បី​ឱ្យ​អ៊ុយ​ក្រែន​បន្ត​ការ​តស៊ូ​​របស់​ខ្លួន​។​​

លោក​​​បញ្ជាក់​ជា​ថ្មី​ថា​ប្រទេស​អាល្លឺម៉ង់​​មិន​ថា​​ពី​មុន ពេល​បច្ចុប្បន្ន​ ឬ​ត​ទៅ​​​អនាគត​ទេ នៅ​តែ​ជា​​​អ្នក​ឧបត្ថម្ភ-​គាំទ្រ​អ៊ុយ​ក្រែន​ដ៏​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អឺរ៉ុប​។ លោក​​ទៅ​អ៊ុយ​ក្រែន​លើក​នេះ​ជិះ​រថ​ភ្លើង​ឆ្លង​កាត់​តាម​ប្រទេស​ប៉ូឡូញ​​។ ការ​ធ្វើ​ដំណើរ​លើក​នេះ​ធ្វើ​ឡើង​ដោយ​សម្ងាត់​។ រហូត​ដល់​លោក​សូល​ធ្វើ​ដំណើរ​ដល់​ទី​ក្រុង​កៀវ​ និង​ជួប​លោក​ហ្សេឡិន​ស្គីទើប​គេ​ប្រកាស​ជា​ចំហ​។

លោក​សូល​ថ្លែង​ថា​​​ទស្សន​កិច្ច​របស់​លោក​លើក​នេះ​​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​​អំពី​ការ​រួប​រួម​​​គ្នា​ជា​មួយ​ប្រទេស​អ៊ុយ​ក្រែន​ដែល​​​ខិត​ខំតស៊ូ​​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​​ការ​ពារ​ជាតិ​​មាតុ​ភូមិ​របស់​ខ្លួន​​រយៈ​ពេល​ជាង​១​​ពាន់​ថ្ងៃ​​​មក​ហើយ​។ លោក​ថ្លែង​ជា​ថ្មី​ម្ដង​ទៀត​ថា​អ៊ុយ​ក្រែន​អាច​សង្ឃឹម​ទុក​ចិត្ត​មក​លើ​ប្រទេស​អាល្លឺម៉ង់​បាន​។ ​អ្វី​ដែល​យើ​ងហ៊ាន​និយាយ​គឺ​យើង​ហ៊ាន​ធ្វើ​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ