ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​យ៉ាង​តិច​៥៦​នាក់​ក្នុង​ការ​ប្រជ្រៀត​គ្នា​នៅ​ប្រទេស​ហ្គីណេ

2 ថ្ងៃ មុន

ទី​ក្រុង​កូ​ណាគ្រី៖ ថ្មី​​ៗ​នេះ មាន​ហេតុ​ការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​មនុស្ស​យ៉ាង​តិច​៥៦​នាក់​ និង​របួស​ជា​ច្រើន​នាក់​ទៀត​​នៅ​ពហុ​កីឡដ្ឋាន​នៃ​ប្រទេស​ហ្គីណេ​​​។ ​មុន​នឹង​ឈាន​ដល់​​បញ្ហា​នោះ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ និង​ប្រវាយ​ប្រតប់​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​ម្ខាង​ៗ​។ អាជ្ញា​ធរ​កំពុង​ចុះ​ស៊ើប​អង្កេត​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ធំ​បំផុត​នៅ​ក្នុង​រឿង​នេះ​​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ក៏​មាន​កុមារ​តូច​ៗ​មួយ​ចំនួន​ផង​ដែរ​។ នេះបើ​​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​។…

ទី​ក្រុង​កូ​ណាគ្រី៖ ថ្មី​​ៗ​នេះ មាន​ហេតុ​ការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​មនុស្ស​យ៉ាង​តិច​៥៦​នាក់​ និង​របួស​ជា​ច្រើន​នាក់​ទៀត​​នៅ​ពហុ​កីឡដ្ឋាន​នៃ​ប្រទេស​ហ្គីណេ​​​។ ​មុន​នឹង​ឈាន​ដល់​​បញ្ហា​នោះ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ និង​ប្រវាយ​ប្រតប់​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​ម្ខាង​ៗ​។ អាជ្ញា​ធរ​កំពុង​ចុះ​ស៊ើប​អង្កេត​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ធំ​បំផុត​នៅ​ក្នុង​រឿង​នេះ​​។

នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ក៏​មាន​កុមារ​តូច​ៗ​មួយ​ចំនួន​ផង​ដែរ​។ នេះបើ​​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​។ ​នាយក​រដ្ឋ​មន្ត្រី​ហ្គីណេ​ថ្លែង​​​ថា​ហេតុ​​ការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​យ៉ាង​រង្គា​ល​នេះ​កើត​ឡើង​នៅ​ពេល​​ប្រកួត​រវាង​ក្រុម​​​ឡាបេ (Labe) និង​ក្រុម​អឹន​ហ្សឺរ៉េ​កូរ៉េ​ (Nzerekore) ​ដើម្បី​ជា​កិត្តិ​យស​ចំពោះ​អគ្គ​បញ្ជា​ការ​កង​ទ័ព​ប្រទេស​នេះ។​

​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​កង​សន្តិ​សុខ​​បាន​ប្រើ​ប្រាស់​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​ដើម្បី​រក្សា​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ​​នៅ​ពេល​ហ្វូង​មនុស្ស​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ និង​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​នៅ​ពេល​ក្រុម​ម្ខាង​ទៀត​ទាត់​បាល់​ប៉េណាល់​ទី​ចូល​ខាង​ក្រុម​ខ្លួន​​​។ ​​ពួក​គេ​ចាប់​ផ្ដើម​គប់​គ្រវែង​ដុំ​ថ្ម​ចូល​​ទី​លាន​ប្រកួត​។ ដោយ​សារ​មើល​ឃើញ​សភាព​ការណ៍​មិន​ស្រួល​ កង​​សន្តិ​សុខ​ក៏​ប្រើ​ប្រាស់​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​​នៅ​ក្នុង​បំណង​ល្អ​​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ឱ្យអ្នក​កំពុង​ជ្រួល​ច្របល់​នោះ​ចាប់​ផ្ដើម​បំបែក​ហ្វូង​។

តាម​ពិត​ ឧស្ម័ន​ចេញ​ទឹក​ភ្នែក​គេ​ប្រើ​សម្រាប់​បំបែក​ហ្វូង​បាតុករ​ដែល​តវ៉ា​ដោយ​ហិង្សា​នៅ​តាម​ទី​វាល​ ឬ​នៅ​តាម​ដង​ផ្លូវ​​ដែល​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ការ​ជម្លៀស​ខ្លួន​ដើម្បី​គេច​ចេញ​ពី​ការ​ឈ្លក់​ផ្សែង​។ ​​ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​នៅ​ក្នុង​ទី​លាន​បាល់​ទាត់​មិន​​​​ត្រូវ​កាលៈ​ទេសៈ​ទេព្រោះ​មនុស្ស​មិន​ដឹង​ត្រូវ​រត់​ទៅណា​​។ ​នៅ​​​ឥណ្ឌូណេស៊ី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​មាន​ករណី​​មនុស្ស​ជាន់​គ្នា​ស្លាប់​ច្រើន​បែប​នេះ​ដែរ​ដោយ​សារ​​​ឧស្ម័ន​ចេញ​ទឹក​​ភ្នែក​​។ ​

​ឧស្ម័ន​នេះ​ធ្វើ​ឱ្យ​មនុស្ស​​ឈ្លក់​ផ្សែង និង​ដក​ដង្ហើម​មិន​ដល់​គ្នា​។ ម៉្លោះ​ហើយ​ អ្នក​ទស្សនា​បាល់​ទាត់​​​ត្រូវ​តែ​រត់​តម្រង់​ទៅ​រក​​ច្រក​ចេញ​-​ចូល​ដើម្បី​គេច​ចេញ​ពី​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​នេះ​​។ ​តាម​រយៈ​វីឌីអូ​ឃ្លីប​​​ដែល​​ថត​បាន​ពី​កន្លែង​កើត​ហេតុ​ គេ​ឃើញ​​អ្នក​គាំ​ទ្រ​ក្រុម​បាល់​ទាត់​ម្ខាង​ទៀត​ដែល​មិន​សុខ​ចិត្ត​នឹង​បាល់​ប៉េណាល់​ទី​នោះ​​ស្រែក​តវ៉ា​​យ៉ាង​ពុះ​កញ្ជ្រោល​ទៅ​អាជ្ញា​កណ្ដាល​។​

​មិន​យូរ​ប៉ុន្មាន​ពួក​គេ​​រត់ទាំង​ហ្វូង​សំដៅ​​ទៅ​បរិវេណ​ប្រកួត​​។ សាក្សី​និយា​យថា​ក្រោយ​ពេល​បាញ់​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​នោះ មនុស្ស​គិត​តែ​សម្រុក​ចេញ​ទៅ​ខាង​ក្រៅ​កន្លែង​ប្រកួត​។ អ្នក​ខ្លះ​ចេញ​តាម​ច្រក​ទ្វារ​ទាន់​ក៏​ចេញ​ទៅ​។ រីឯ​អ្នក​ខ្លះ​ទៀត​​ចេញ​មិន​ទាន់​​ក៏​ចាប់​ផ្ដើម​ឡើង​ទៅ​លើ​ជញ្ជាំង​ ឬ​របង​ពហុ​កីឡដ្ឋាន។ នៅ​ទី​បំផុត ពួក​គេ​សុច​ចិត្ត​ប្រថុយ​ជីវិត​លោត​ពី​លើ​​របង​ខ្ពស់​ៗ។

សូម​ជម្រាប​ថា​ប្រទេស​ហ្គីណេ​គ្រប់​គ្រង​ដោយ​របប​យោធា​ចាប់​តាំង​ពី​ពួក​គេ​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​អតីត​ប្រធានា​ធិបតី​អាល់​ហ្វា​ ខុន​ដេ (Alpha Conde) កាល​ពី​ឆ្នាំ​២០២១​។ ហ្គីណេ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិ​វឌ្ឍ​នៃ​តំបន់​អាហ្វ្រិក​ខាង​លិច​​​ដូច​ជា​ម៉ាលី (Mali), នីហ្ស៊ែ​ (Niger) និ​ងបួ​គីណា​ហ្វាសូ (Burkina Faso) ដែល​សុទ្ធ​តែ​​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ