ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តល់​សេ​ក្តី​ទុកចិត្ត ប្រកាស​តែងតាំង​លោកស្រី តិ​មា វិច្ឆិកា​ល ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​អភិបាលរង​ដល់​អាណត្តិ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី តិ​មា វិច្ឆិកា​ល នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោកស្រី កែវ…

រាជធានី​ភ្នំពេញ ៖ លោកស្រី តិ​មា វិច្ឆិកា​ល នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ដល់​អាណត្តិ និង​ត្រូវ​ផ្ទេរ​ទៅ​កាន់​អង្គភាព​ដើម​វិញ ។

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ
ក្រោម​អធិបតីភាព​ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​អភិបាល​មួយ​រូប និង​អភិបាលរង ចំនួន​១០​រូប ជា​ជំនួយការ​។ ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​គណ​ន​យ្យ​ភាព​ទ្វេ​ទិស ក្នុង​កិច្ចការ​បម្រើ​អោយ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ យើង​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើរ ជាមួយ​និង​ការ​បង្ក្រាប់​បទល្មើស​បាន​ទាន់​ពេលវេលា​។ ជាក់ស្តែង នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក កន្លង​មក​ថ្មី​ៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ថែរក្សា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ បង្ក​សប្បាយភាព​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ដោយ​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​នេះ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម​រហូត​ដល់​ជាង​៦​លាន​៣​សែន​នាក់ កើនឡើង​ជាង​ឆ្នាំ​មុន ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​របស់​មន្ត្រីរាជការ​នា​ពេល​នេះ គឺជា​ដំណើរការ​ជា​ធម្មតា នៃ​មុខងារសាធារណៈ សម្រាប់​អាជីព​ជា​មន្ត្រីរាជការ​ស៊ី​វិល ថ្នាក់​ក្រោម​ជាតិ ដែល​តែង​មានការ​តែងតាំង ប្រគល់​ភារកិច្ច ផ្ទេរ​ភារកិច្ច សម្រួល ភារកិច្ច ចូល​និវត្តន៍ និង​ការ​កំណត់​អាណត្តិ ដឹកនាំ​ក្នុង​ជួរ​គណៈ​អភិបាល​។ ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង លោកស្រី តិ​មា វិច្ឆិកា​ល នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ជា​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ដល់​អាណត្តិ ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ ក៏​បាន​ផ្តាំផ្ញើ​អោយ​លោកស្រី តិ​មា វិច្ឆិកា​ល ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ត្រូវ​បង្កើន​ស្មារតី យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បំពេញភារកិច្ច ក៏​ដូច​ជា ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​និង​បណ្តា​ក្រសួង​-​ស្ថាប័ន អង្គភាព​រដ្ឋ ទីក្រុង​សម្ព័ន្ធមេត្រីភាព មន្ទីរ​-​អង្គភាព​ជំនាញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អង្គការ​សង្គម ស៊ី​វិល​ទាំងអស់ ជា​ពិសេស ត្រូវ​ចូលរួម​សហការ អនុវត្ត​ការងារ ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព មិត្តភាព ឯកភាព​ផ្ទៃក្នុង គណៈ​អភិបាល ក្រុមប្រឹក្សា និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​លើកកម្ពស់​កិត្យានុភាព​របស់​រាជធានី​ភ្នំពេញ ហើយ​យើង​ទាំងអស់​គ្នា ត្រូវ​ចាត់​ទុក​ថា សាមគ្គីភាព​ផ្ទៃក្នុង គឺជា​កត្តា​ជ័យ​ជំនះ​គ្រប់​ភារកិច្ច ។

ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្នុង​ឱកាស​នោះ​បាន​មាន​ប្រសាសន៍ កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​អស់កម្លាំង​កាយ​ចិត្ត ស្មារតី​ក្នុង​ការ​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លង​មក​ថ្មី​ៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ថែរក្សា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ រហូត​ទទួល​បាន​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលរួម​សប្បាយ​រីករាយ ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន ក៏​បាន​ចូលរួម​អបអរសាទរ ចំពោះ​លោកស្រី តិ​មា វិច្ឆិកា​ល ដែល​ត្រូវ​បាន​តែងតាំង ជា​អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោកស្រី កែវ សុខ​ពិសី ដែល​ត្រូវ​ដល់​អាណត្តិ និង​ផ្ទេរ​ទៅ​កាន់​អង្គភាព​ដើម​វិញ ។
ឯកឧត្តម​សូម​អោយ​លោកស្រី តិ​មា វិច្ឆិកា​ល យកចិត្តទុកដាក់​បំពេញភារកិច្ច ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ ដើម្បី​លើកកម្ពស់​កិត្យានុភាព​របស់​រាជធានី​ភ្នំពេញ អោយ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​បន្ថែម​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្រី តិ​មា វិច្ឆិកា​ល បាន​បញ្ជាក់​ថា លោកស្រី​បាន​បំពេញការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ អស់​រយៈពេល​២០​ឆ្នាំ រហូត​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ តែងតាំង​លោកស្រី ជា​អភិបាលរង រាជធានី​ភ្នំពេញ​។ ជាមួយ​គ្នា​នេះ លោកស្រី បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បំពេញការងារ​ទ្វេ​ដង អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ធ្វើ​អោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ប្រកាន់​នៅ​គុណសម្បត្តិ ៤​យ៉ាង គឺ​ឆន្ទៈ​ម្ចាស់​ការ ភក្តីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សាធារណៈ​។ ប្តេជ្ញា​លើកកម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង អោយ​បាន​ល្អ​ប្រសើរ​ពង្រឹងសមត្ថភាព ដោយ​បន្ត​សិក្សា​រៀនសូត្រ​មួយ​ជីវិត និង​ពង្រឹង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ អោយ​កាន់តែ​ល្អ​ថែម​ទៀត ។

ប្តេជ្ញា អនុវត្ត និង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ដោយ​ធានា​នូវ​សុខដុម​នី​យ​កម្ម និង​ចូលរួម​ទប់ស្កាត់ លុប​បំបាត់​រាល់​បាតុភាព​អសកម្ម​នានា ដែល​អាច​ប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់ ដល់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ