រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យ ចំនួន១៣នាក់ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល ។
ការលើកឡើងជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តអរុណវត្តិ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ។
លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋ ចំនួន១៣នាក់ បានលើកឡើងជាសំណើរ និងសំណូមពរ ស្មើនឹង១៦បញ្ហា ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញរបស់យើង ជួយដោះស្រាយ ដែលក្នុងនោះមានទាំងការ សុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ យើងបានចាត់អោយអាជ្ញាធរ និងមន្ទីរជំនាញដោះស្រាយជូនភ្លាមៗ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ចំនួន១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយនៅពេលក្រោយ ។
លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី បានបញ្ជាក់ថា អ្វីដែលជាការកត់សំគាល់ វេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធ សន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព កងកម្លាំងនិងអាជ្ញាធររបស់យើង អនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ ។
លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា ៖ វេទិកានេះ យើងពិតបានរកឃើញ នូវបញ្ហាសំខាន់ៗ ជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើង នូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ ។
ក្នុងឱកាសនោះដែរលោក ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។
ប្រជាពលរដ្ឋ អាចលើកឡើងជាសំណើរ និងសំណូមពរ ចំនួន៤បញ្ហា នៅក្នុងវេទិកានេះ ដែលមានដូចជា ៖ ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ ៕
ចែករំលែកព័តមាននេះ