រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតចិន បានជួបសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ។ ការជជែកទ្វេភាគីរបស់ប្រមុខការទូតកម្ពុជា និងទូតចិន ខណៈភាគីទាំងពីរ (កម្ពុជា-ចិន) នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានសម្តែងការពេញចិត្ត ចំពោះស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងពហុសណ្ឋានរវាងប្រទេសទាំងពីរ ។
នៅក្នុងជំនួបសម្តែងការគួរសមរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពាំនាំ នូវការអបអរសាទរយ៉ាងកក់ក្តៅរបស់ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាថ្មី ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីសេចក្តីរីករាយឥតឧបមា និងការត្រៀមបន្តទំនាក់ទំនងការងារដ៏ជិតស្និទ្ធជាថ្មីឡើងវិញរបស់ឯកឧត្តម វ៉ាង យី ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីចិន ចំពោះការផ្តល់ការត្រួតពិនិត្យដ៏ពិសេស ដល់ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ និង សម្តេចម៉ែ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយចំពោះអង្គព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលជានិម្មិតរូបបង្ហាញពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតចិន អំពីការរៀបចំ ដំណើរទស្សនកិច្ចផ្លូវការ នាពេលខាងមុខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយបានគូសបញ្ជាក់ពីតម្លៃ នៃដំណើរទស្សនកិច្ចនេះ ក្នុងការពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឆ្ពោះអនាគតរួមគ្នា ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ។
ការរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានពិភាក្សាផងដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានអះអាងពីការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានជោគជ័យ នូវកុងសង់ស៊ីស និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជំរុញគម្រោងសំខាន់ៗ ដូចជា ច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ ឧស្សាហកម្ម គម្រោងអភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្នា នៅយុគសម័យថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រទេសចិន ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញ នូវការគាំទ្រ ឥតងាករេរបស់ចិនសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីក ហ្វូណន តេជោ និងការ ប្តេជ្ញាចិត្តរបស់ចិន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងការសាទរចំពោះការ កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃ ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្តារឡើងវិញ នូវចំនួនភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជា ឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩ ។
ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅ វិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងបានអះអាងជាថ្មី ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ។
ភាគីទាំងពីរ គូសបញ្ជាក់ថែមទៀតពីសារៈសំខាន់ នៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ៕
ចែករំលែកព័តមាននេះ