ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​ពុក​រលួយ​?

12 ម៉ោង មុន

ទី​ក្រុង​​ប៉េកាំង៖ ​មាន​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ លោក​តុង​ជុន​ (Dong Jun) ត្រូវ​បក្ស​កុម្មុយ​និស្ត​ចិន​ដក​តំណែង​បាត់​ទៅ​ហើយ​។ ដំណឹង​នេះ​ចុះ​ផ្សាយ​មុន​គេ​នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​​ហ្វាយ​ណាន់​សល​ថាមស៍ (Financial Times) ។…

ទី​ក្រុង​​ប៉េកាំង៖ ​មាន​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ លោក​តុង​ជុន​ (Dong Jun) ត្រូវ​បក្ស​កុម្មុយ​និស្ត​ចិន​ដក​តំណែង​បាត់​ទៅ​ហើយ​។ ដំណឹង​នេះ​ចុះ​ផ្សាយ​មុន​គេ​នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​​ហ្វាយ​ណាន់​សល​ថាមស៍ (Financial Times) ។ កាសែត​ដដែល​នេះ​ចុះ​ផ្សាយ​ថា​លោក​តុង​ជុន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​​បក្ស​កុម្មុយនិស្ត​ចិន​​ពាក់​ព័ន្ធ​នឹង​អំពើ​​​ពុក​រលួយ​។ លោក​ត្រូវ​បាន​តែង​​តាំង​ជា​រដ្ឋ​មន្ត្រី​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣​បន្ទាប់​ពី​​លោក​លីសាង​ហ្វ៊ូ​ (Li Shangfu) ដែល​ជា​អ្នក​ជំនាន់​មុន​របស់​លោក​ក៏​​ត្រូវ​អស់​​តំណែង​ដោយ​សាររឿង​​ពុ​ក​រលួយ​ដូច​គ្នា​។​

​​​នេះ​ជា​ផ្នែក​​មួយ​​នៃ​​​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​នៅ​​ប្រទេស​ចិន​ ជា​ពិសេស​នៅ​ក្នុង​ជួរ​កង​ទ័ព​ និង​ក្រសួង​ការ​ពារ​ជាតិ​។ ចាប់​តាំង​ពី​ឆ្នាំ​២០២៣​មក​ ​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្រិត​ឧត្ដម​សេនីយ៍​​៩​នាក់​ និង​មន្ត្រី​កំពូល​ៗយោធា​ដទៃ​ទៀត​​ត្រូវ​​បាន​ដក​តំណែង​។ កាល​ពី​មុន​មក​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ លោក​តុង​ជុន​ធ្លាប់​​ជា​​មេបញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​​។ ក្រោយ​មក​ លោក​លី​សាន​ហ្វ៊ូ​​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​បាន​៧​ខែ​ក៏​ត្រូវ​បណ្ដេញ​ចេញ​វិញ​ ហើយ​​លោក​តុង​ជុន​ក៏​ឡើង​មក​ជំនួស​។​

​សូម​រំលឹក​ថា​កាល​ពី​សប្ដាហ៍មុន រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​អាមេរិក លោក​ឡយ​អូស្ទីន​ បាន​ស្នើ​សុំជួប​លោក​តុង​ជុន​ជា​លក្ខណៈ​ទ្វេ​ភាគី​នៅ​ប្រទេស​ឡាវ​។ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ពី​លោក​តុង​ជុន​ទេ​។ ប្រហែល​ជា​​​លោក​តុង​ជុន​​មាន​បញ្ហា​តាំង​ពី​ពេល​នោះ​មក​ក៏​មិន​ដឹង​។ ​ជា​ប្រមុខ​ការ​ពារ​ជាតិ​ចិន លោក​តុង​ជុន​ត្រូវ​​​ធ្វើ​ទំនាក់​ទំនង​​​នយោបាយ​ការ​ពារ​ជាតិ​​​​ជា​មួយ​ប្រទេស​ដទៃ​ទៀត​។

​ភាព​តាន​តឹង​ផ្នែក​យោធា​រវាង​​​អាមេរិក និង​ចិន​បាន​កែ​សម្រួល​ខ្លះ​ៗ​នៅ​ក្នុងមុខ​តំណែង​របស់​លោក​​។ ប្រទេស​ទាំង​២ចាប់​ផ្ដើម​ការ​សន្ទនា​គ្នា​​ឡើង​វិញ​​កម្រិត​មេ​បបញ្ជា​ការ​កង​ទ័ព​​កាល​ពី​ខែ​កញ្ញា​។ ទោះ​ជា​មាន​គុណ​សម្បត្តិ​បែប​នេះ​ក្ដី លោក​តុង​ជុន​មិន​ត្រូវបានដំឡើង​​​តំណែង​​នៅ​ក្នុង​គណៈ​កម្ម​ការ​យោធា​នៃ​បក្ស​កុម្មុយ​និស្ត​ចិន​ទេ​នៅពេល​បើក​​​មហា​សន្និ​បាត​បក្ស​កាល​ពី​ដើម​ឆ្នាំ​២០២៤​។

ជា​ទូ​ទៅ​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ត្រូវ​មាន​តួ​នាទី​នៅ​ក្នុង​គណៈ​កម្ម​ការ​យោធា​នៃ​បក្ស​កុម្មុយ​និស្ត​ និង​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ផង​ដែរ​។ ប៉ុន្តែ​​ជាក់​ស្ដែង លោក​តុង​ជុង​គ្មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​ទាំង​២​នេះ​ទេ​។ ​កាល​ពី​​​​ពេល​បើក​មហា​សន្និ​បាត​បក្ស​​នៅ​ដើម​​ឆ្នាំ​២០២៤ មាន​ការ​ប្រកាស​តែង​តាំង​មុខ​តំណែង​យ៉ាង​ព្រោង​ព្រាត​។ ប៉ុន្តែ​លោក​តុង​ជុន​គ្មាន​ឈ្មោះ​នៅ​ក្នុ​ងនោះ​ទេ​។ នៅ​ក្នុង​ក្រុម​ប្រឹក្សា​រដ្ឋ​ក៏​ដូច​គ្នា​ដែរ​។ នៅ​ក្នុង​ការ​តែង​តាំង​តួ​នាទី​មន្ត្រី​​រដ្ឋាភិបាល​កាល​ពី​ខែ​មីនា​ លោក​​ក៏ទទួល​បាន​ការ​​​តែង​តាំង​អ្វី​ទាំង​អស់​។​

អ្នក​វិភាគ​នៅ​សាកល​វិទ្យាល័យ​ចច​ថោន​ថ្លែង​ថា​រឿង​នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើលទេ​។ ​កាល​ណា​បក្ស​កុម្មុយ​និស្ត​ចាប់​ផ្ដើម​ដុស​ក្អែល​មន្ត្រី​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ពេល​នោះ​នឹង​មាន​ការ​ដក​ហូត​តំណែង​មន្ត្រី​តូច​ធំ​ជា​មិន​ខាន​ឡើយ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​២​រូប​ដែល​កាន់​តំណែង​មុន​លោក​តុង​ជុន​ ​គឺ​​លោក​លី​សាង​ហ្វ៊ូ​ (Li Shangfu) និង​លោក​វៃ​ហ្វឹង​ហឺ​ (Wei Fenghe) ត្រូវ​​បាន​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​បក្ស​​​កាល​ពី​ខែ​មិថុនា​​ពី​បទធ្វើ​ខុស​​វិន័យ​បក្ស​​​។ មាន​ន័យ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ