ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.នដា.បខ្លាំង! Man City ៦ប្រកួតចុងក្រោយរកឈ្នះមិនឃើញ និងរបូតដល់១៧គ្រាប់

8 ម៉ោង មុន

ចក្រភពអង់គ្លេស ៖ មេឃខៀវ Manchester City ឈរក្នុងនាមក្រុមបាល់ទាត់ខ្លាំងបំផុតមួយរបស់ពិភពលោកនោះ បច្ចុប្បន្នកំពុងតែដុនដាបខ្លាំង ដោយ៦ប្រកួតចុងក្រោយ មិនទាន់រកឃើញជ័យជម្នះនៅឡើយ ក្រោយចាញ់៥ប្រកួត…

ចក្រភពអង់គ្លេស ៖ មេឃខៀវ Manchester City ឈរក្នុងនាមក្រុមបាល់ទាត់ខ្លាំងបំផុតមួយរបស់ពិភពលោកនោះ បច្ចុប្បន្នកំពុងតែដុនដាបខ្លាំង ដោយ៦ប្រកួតចុងក្រោយ មិនទាន់រកឃើញជ័យជម្នះនៅឡើយ ក្រោយចាញ់៥ប្រកួត ស្មើ១ប្រកួត ត្រូវគូប្រកួតបំប៉ោងសំណាញ់រហូតដល់១៧គ្រាប់។
លទ្ធផល ៦ ប្រកួតចុងក្រោយរបស់ Man City ៖

-៣១/១០/២៤ ចាញ់ក្រុមម្ចាស់ផ្ទះ Tottenham Hotspur លទ្ធផល ២-១ ពានរង្វាន់ League Cup
-០២/១១/២៤ ចាញ់ក្រុមម្ចាស់ផ្ទះ Bournemouth លទ្ធផល ២-១ ពានរង្វាន់ Premier League
-០៦/១១/២៤ ចាញ់ក្រុមម្ចាស់ផ្ទះ Sporting Lisbon លទ្ធផល ៤-១ ពានរង្វាន់ UEFA Champions League
-១០/១១/២៤ ចាញ់ក្រុមម្ចាស់ផ្ទះ Brighton លទ្ធផល ២-១ ពានរង្វាន់ Premier League
-២៤/១១/២៤ ចាញ់ក្រុមភ្ញៀវ Tottenham លទ្ធផល ៤-០ ពានរង្វាន់ Premier League
-២៧/១១/២៤ ស្មើក្រុមភ្ញៀវ Feyenoord លទ្ធផល ៣-៣ ពានរង្វាន់ UEFA Champions League

ដើមចមដែលធ្វើឱ្យក្រុមរបស់លោក Pep Guardiola ធ្លាក់ទម្រង់លេងខ្លាំងបែបនេះ ដោយសារតែបញ្ហាកីឡាកររបួសជាច្រើននាក់ ហើយសុទ្ធតែជាកីឡាករឆ្នើមៗប្រចាំក្រុមថែមទៀតផង។ ជាមួយនឹងស្ថានភាពបែពនេះ Man City ត្រូវធ្វើការងារធ្ងន់បន្ថែមទៀត នៅពានរង្វាន់ Champions League ដើម្បីជៀសវាងការប្រកួតជម្រុះ Play-off ពីរជើង ដណ្តើមកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ។ ដ្បិតក្រោមទម្រង់ថ្មី ការប្រកួតជាលីគតែមាន៣៦ក្រុម ដោយក្រុមបញ្ចប់នៅចំណាត់ថ្នាក់ចាប់ពីលេខ១ដល់៨ ឈ្នះកៅអីស្វ័យប្រវត្តិទៅវគ្គ១៦ក្រុមចុងក្រោយ ចំណែកក្រុមចំណាត់ថ្នាក់ចាប់ពី៩ដល់១៦ នៅសល់ឱកាសប្រកួត Play-off ពីរជើង ចម្រាញ់យក៨ក្រុមឡើងទៅបង្គ្រប់។

បច្ចុប្បន្ន Man City កំពុងឈរចំណាត់ថ្នាក់ទី ១៥ ហើយប្រកួតបន្ទាប់ពួកគេត្រូវប៉ះម្ចាស់ផ្ទះ Juventus នៅថ្ងៃទី១១ ខែធ្នូ មុនប៉ះម្ចាស់ផ្ទះ PSG នៅថ្ងៃទី២២ ខែមករា និងប្រកួតចុងក្រោយនៃការប្រកួតលីគតែមួយ ប៉ះភ្ញៀវ Club Brugge នៅថ្ងៃទី២៩ ខែមករា។

ក្រឡេកទៅកាន់ការប្រកួតលីគក្នុងស្រុកឯណោះវិញ លទ្ធភាពនៃការប្រជែងតំណែងជើងឯករបស់ Man City ក៏កំពុងតែរសាត់ឆ្ងាយបន្តិចម្តងៗហើយ។ ក្រោយឆ្លងកាត់១២ប្រកួតកន្លងមក ឈ្នះ៧ ស្មើ២ និងចាញ់៣ មាន ២៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមហង្សក្រហម Liverpool នៅកំពូលតារាងរហូតដល់៨ពិន្ទុ។ ក្រុមទាំងពីរនឹងត្រូវតទល់គ្នានៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ ដូច្នេះមានន័យថា Liverpool នឹងបន្ថែមគម្លាតរហូតដល់ ១១ពិន្ទុ ប្រសិនបើឈ្នះការប្រកួតនេះ៕ ដកស្រង់ ៖ ESPN, BBC និង Goal.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ