ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តាម​វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​អាពាហ៍ពិពាហ៍ គឺជា​ពិធី​ឆ្លង​វ័យ​មួយ ហើយ​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៅ​ក្នុង​សង្គម​ជីវភាព​រស់នៅ​ដែល​តែងតែ​ប្រារព្ធ​ឡើង​ដោយ​ភាព​រីករាយ និង​មាន​ឫសគល់​នៅ​ក្នុង​ប្រពៃណី​ដ៏​ជ្រាលជ្រៅ ។ ដូចនេះ សំណួរ​ថា តើ​នៅ​ពេល​ណា​ដែល​បុរស…

តាម​វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​អាពាហ៍ពិពាហ៍ គឺជា​ពិធី​ឆ្លង​វ័យ​មួយ ហើយ​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៅ​ក្នុង​សង្គម​ជីវភាព​រស់នៅ​ដែល​តែងតែ​ប្រារព្ធ​ឡើង​ដោយ​ភាព​រីករាយ និង​មាន​ឫសគល់​នៅ​ក្នុង​ប្រពៃណី​ដ៏​ជ្រាលជ្រៅ ។ ដូចនេះ សំណួរ​ថា តើ​នៅ​ពេល​ណា​ដែល​បុរស និង​ស្ត្រី គួរ​រៀប​អាពាហ៍ពិពាហ៍ មិន​មាន​ចម្លើយ​ជាស​កល​ទេ ព្រោះ​វា​អាស្រ័យ​លើ​គោលដៅ​ផ្ទាល់ខ្លួន ការ​រំពឹង​ទុក​ក្នុង​គ្រួសារ និង​បទដ្ឋាន​សង្គម ។

ជា​ទូទៅ​នៅ​ក្នុង​សង្គម ការ​រៀបចំ​អាពាហ៍ពិពាហ៍ ជា​រឿយ​ៗ​ត្រូវ​បាន​ជះ​ឥទ្ធិពល​ដោយ​ជំនឿ ការ​រំពឹង​ទុក​ក្នុង​សង្គម​គ្រួសារ និង​ការ​ពិចារណា​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ការ​ត្រៀមខ្លួន​ក្នុង​គ្រួសារ​ជាដើម ប៉ុន្តែ​ជា​រួម​មករ​វាង​បុរស និង​ស្ត្រី សង្គម​ខ្មែ​យើង​នៅ​តែ​ឲ្យ​ស្ត្រី​រៀប​ការ​នៅ​អាយុ​ដែល​ក្មេង​ជាង​បុរស ។

សម័យនេះ ហាក់​ខុស​ពី​សម័យ​មុន​ច្រើន​ពីព្រោះ​បុរស និង​ស្ត្រី​អាច​មាន​ពេលវេលា​យូរ​បន្តិច ហើយ​ក៏​មាន​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ជ្រើសរើស​គូស្រករ​របស់​ពួក​គេ​ផង​ដែរ ។ នៅ​សម័យ​មុន​ពិធី​អាពាហ៍ពិពាហ៍ មួយ​ចំនួន​ធំ គឺ​កើត​មាន​ឡើង​ដោយ​ការ​រៀបចំ និង​ទុកដាក់​ដោយ​គ្រួសារ​ពោល គឺ​មាន​ឪពុក​ម្តាយ​ទាំង​សងខាង ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​នេះ យុវជន និង​យុវនារី​ខ្មែរ គឺ​មាន​ឥស្សរភាព​ច្រើន​នៅ​ក្នុង​ការ​ចាប់​ដៃគូ ដើម្បី​កសាង​អនាគត​គ្រួសារ ។

ដំណើរការ​នៃ​ការ​ចាប់​ដៃគូ​នេះ​តែងតែ​ផ្តោត​នៅ​លើ​រូបសម្បត្តិ ចរិយា​ស​ម្ប​តិ្ត ការ​អប់រំ ចំណង់​ចំណូលចិត្ត ការងារ ទ្រព្យសម្បត្តិ …​ជាដើម ។ តាម​ការ​សង្កេត​ជា​រួម​នៅ​សម័យនេះ បុរស​ខ្មែរ​ជា​ច្រើន គឺ​តែងតែ​និយម​រៀប​ការ​នៅ​ពេល​ដែល​ពួក​គេ​មាន​វ័យ​ប្រមាណ​ជា​ពី​២៥​ឆ្នាំ ទៅ​ដល់​៣០​ឆ្នាំ ហើយ​ក៏​មាន​ខ្លះ​អាច​ពន្យា​ពេល​ដល់​៤០​ឆ្នាំ​ខ្លះ​ដែរ ។ ការ​ដែល​បុរស​ខ្មែរ​និយម​រៀបចំ​បង្កើត​គ្រួសារ​នៅ​ក្នុងអំឡុងពេល​នៃ​ចន្លោះ​អាយុ​នេះ គឺ​ដោយសារ​តែ​អំឡុង​ពេល​នេះ គឺជា​អំឡុង​ពេលវេលា​ដែល​ពួក​គេ​មាន​សក្តានុពល​ក៏​ដូច​ជា ថាមពល​ដែល​អាច​ធានា​បាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ អាជីព និង​ភាព​ចាស់ទុំ​នៅ​ក្នុង​សង្គម ។

ដោយឡែក សម្រាប់​ស្ត្រី​វិញ ភាគច្រើន​ពួក​គេ​ច្រើន​មាន​ទំនោរ​រៀបចំ​អនាគត​និង​សម្រេចចិត្ត​ចាប់ដៃ​ជាមួយនឹង​បុរស​បង្កើត​គ្រួសារ​នៅ​ពេល​ដែល​ពួក​គេ​មាន​វ័យ​ចាប់ពី​២០​ដល់​រង្វង់​៣០​ឆ្នាំ ។ ប៉ុន្តែ​សម័យនេះ​ដោយសារ​តែ​ការ​សិក្សា និង​អាជីព​ការងារ​ក៏​ដូច​ជា លក្ខខណ្ឌ​សេដ្ឋកិច្ច ស្ត្រី​មួយ​ចំនួន​ក៏​បាន​ពន្យារពេល​នៅ​ក្នុង​ការ​គិតគូ​អំពី​ជីវិត​គ្រួសារ​នេះ​រាង​យឺត​បន្តិច​ផង​ដែរ ពោល គឺ​អាច​ដល់​ក្នុង​រង្វង់​៣៥​ឆ្នាំ​ចុះ ។

បទដ្ឋាន​នៃ​ការ​ចាប់ដៃ​គ្នា​តាម​របៀប​បុរាណ​ដែល​កំណត់​ដោយ​គ្រួសារ​ហាក់​កាត់​បន្ថយ​ច្រើន ។ ជីវិត​ជា​គូ​របស់​បុរស និង​ស្ត្រី​នៅ​កម្ពុជា​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ត្រូវ​បាន​បុរស និង​ស្ត្រី​ផ្តល់​អាទិភាព​ខ្លាំង​លើ​ការ​អប់រំ និង​ការ​អភិវឌ្ឍ​អាជីព​ជា​ពិសេស​នៅ​តំបន់​ទីក្រុង ។

តើ​ហេតុ​អ្វី​បានជា​បុរស និង​ស្ត្រី​ចាំបាច់​កំណត់​អាយុ​នៅ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ពេលវេលា​សម្រាប់​បង្កើត​គ្រួសារ0x017d7
ជីវិត​អាពាហ៍ពិពាហ៍​មិនមែន​ងាយស្រួល​ឡើយ ។ កាលណា​បុរស និង​ស្ត្រី​សម្រេចចិត្ត​ចាប់ដៃ​គ្នា​ឆ្លងកាត់​ពិធី​នេះ នោះ​បញ្ជាក់​ថា​អ្វី​ៗ​នឹង​ប្រែប្រួល ។ ដូច្នេះ​ការ​ដែល​រៀប​ការ​នៅ​ពេល​វ័យក្មេង​ពេក​វា​ពិតជា​ពិបាក​នៅ​ក្នុង​ការ​សម្របសម្រួល ។ តាម​បទ​ពិសោធន៍​បង្ហាញ​ថា គូស្នេហ៍​ដែល​រៀប​ការ​នៅ​ក្មេង​វ័យ​ពេក ពួក​គេ​អាច​ជួប​បញ្ហា​ខ្វះ​បទ​ពិសោធន៍​ជីវិត​ដែល​នាំ​ឱ្យ​មានការ​យល់​ច្រឡំ និង​ជម្លោះ ភាព​ច្របូកច្របល់​នៃ​ផ្លូវចិត្ត ហើយ​នាំ​ឲ្យ​គ្រួសារ​ងាយ​បែកបាក់ ។

ដូច្នេះ​ទាំង​បុរស និង​ស្ត្រី ការ​រៀប​ការ​ក្នុង​អាយុ​កំណត់​ខាងលើ គឺជា​វ័យ​សមរម្យ​ល្មម ដែល​ពួក​គេ​មាន​តាំងពី​ពេលវេលា និង​សក្តានុពល​ច្រើន​ក្នុង​ការ​រៀបចំ​ផែនការ និង​ពង្រីក​គ្រួសារ ។ ទាំង​បុរស និង​ស្ត្រី គឺ​ពោរពេញ​ដោយ​ថាមពល​នៅ​ក្នុង​ការងារ​រក​ចំណូល ហើយ​និយាយ​អំពី​សុខភាព​ផ្លូវភេទ​ក៏​បរិបូរណ៍ ជា​ពិសេស​ស្ត្រី​ទទួល​បាន​អត្ថប្រយោជន៍​ពី​លក្ខខណ្ឌ​ជីវសាស្ត្រ​កាន់តែ​ប្រសើរ​សម្រាប់​ការ​សម្រាលកូន ដោយ​កាត់​បន្ថយ​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ។

ម្យ៉ាងវិញទៀត គូ​ស្វាមីភរិយា​ដែល​រៀប​ការ នៅ​ក្នុង​វ័យ​នេះ​អាច​ងាយស្រួល​សម្របសម្រួល​ផ្លូវចិត្ត និង​មាន​ភាព​ចាស់ទុំ​ដែល​នាំ​ឲ្យ​ពួក​គេ​អាច​បង្កើត​ទំនាក់ទំនង​គ្រួសារ​រឹង​មាំ ។ ពួក​គេ​ក៏​មានឱកាស​ចែករំលែក​បទ​ពិសោធន៍​ជីវិត​សំខាន់​ៗ​ជាមួយ​គ្នា ហើយ​អាច​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​អ​វ​សាន្ត​នៃ​ជីវិត​រៀង​ៗ​ខ្លួន ។

សរុប​ទៅ ការ​កំណត់​អាយុ​ត្រឹមត្រូវ​ដើម្បី​រៀប​ការ គឺជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន និង​សង្គម​គ្រួសារ ប៉ុន្តែ​ផ្អែក​តាម​កត្តា​ជីវសាស្ត្រ និង​សង្គម​វ័យ​ដែល​បុរស និង​ស្ត្រី​គួរតែ​សក្តិ​សម​បំផុត​នៅ​ក្នុង​ការ​ចាប់ដៃ​គ្នា​ដើរ​ចូល​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ គឺ​បុរស​គួរតែ​នៅ​ក្នុង​វ័យ​ពី​២៥​ឆ្នាំទៅ ៣០​ឆ្នាំ​ហើយ​យឺត​បំផុត​គួរ​ត្រឹម​៤០​ឆ្នាំ ។

ដោយឡែក ស្ត្រី​វិញ គឺ​រង្វង់​ពី​២០ ទៅ​៣៥​ឆ្នាំ ។ នៅ​ក្នុង​វ័យ​នេះ​ទាំង​ស្ត្រី និង​បុរស គឺ​ច្រើន​តែ​មាន​ចរិត​ចាស់ទុំ ចំណេះ និង​បទ​ពិសោធន៍​ជីវិត​ក៏​មាន​ច្រើន ម្យ៉ាងវិញទៀត​បញ្ហា​ហិរញ្ញវត្ថុ​ក៏​រឹង​មាំ ហើយ​សុខភាព​សម្រស់ និង​សុខភាព​ទូទៅ​ក៏​ប្រសើរ ។ សុភមង្គល​នៅ​ក្នុង​គ្រួសារ​មួយ គឺ​ចាំបាច់​បំផុត គឺ​មាន​លុយ​មានបទពិសោធន៍​ល្អជា​មួយ​គ្នា ការ​យោគយល់​គ្នា ការ​សម្របសម្រួល មាន​ភាព​ចាស់ទុំ និង​សុខភាព​ល្អ​នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ