ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​បញ្ឈប់ មិន​ឲ្យ​កែប្រែ​បង្គោលព្រំ​ដី នៃ​បឹង​ទន្លេរ​សាប​ទៀត​ទេ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​បញ្ឈប់ មិន​ឲ្យ​មានការ​កែប្រែ​បង្គោលព្រំ​ដី…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​បញ្ឈប់ មិន​ឲ្យ​មានការ​កែប្រែ​បង្គោលព្រំ​ដី នៃ​បឹង​ទន្លេសាប បន្ទាប់​ពី​បាន​បញ្ចប់​ការ​បោះ​បង្គោលព្រំ កំណត់​តំបន់​៣ នៃ​បឹង​ទន្លេសាប គឺ​មិន​ឱ្យ​មានការ​កែសម្រួល ឬ​ការ​កែប្រែ​ទៀត​ទេ ត្រូវ​ថែរក្សា​ឱ្យ​បាន ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា “​រដ្ឋាភិបាល មាន​ភារកិច្ច​២ ទី​១. កាតព្វកិច្ច ចំពោះ​ប្រជាពលរដ្ឋ ដែល​នៅ​ជាក់ស្តែង នៅ​កន្លែង​នោះ ជា​ពិសេស​អ្នក ដែល​មាន​ភូមិករ​នៅ​ទីនោះ​យូរហើយ ដែល​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​កាត់​តំបន់​១ ឲ្យ​កន្លែង​ខ្លះ កន្លែង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ដែល​មិន​ប៉ះពាល់ ធ្ងន់ធ្ងរ ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ប្រព័ន្ធ​ជីវៈចំរុះ នៃ​បឹង​ទន្លេរ​សាប យើង​អាច​ផ្តល់​សិទ្ធិ ជូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​នៅ​ក្នុង​ការ​អាស្រ័យ​ផង ដើម្បី​គាត់​បាន​ផល​ចំណូល​មួយ​ចំនួន តែ​មិន​បំផ្លាញ​អេកូឡូស៊ី ប្រភព​ជីវៈចំរុះ ធនធាន​ត្រី សម្រាប់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នោះ​ទេ​” ។

សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ដោយឡែក​តំបន់​៣ ដែល​ជា​តំបន់ ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់ ដល់​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចំរុះ និង​ប្រភព​ត្រី ត្រូវ​បាន​សម្តេច​ធិ​បតី បញ្ជាក់​មិន​ឱ្យ​មានការ​រំលោភ​លើ​តំបន់​៣​ឡើយ ព្រោះ​ជា​តំបន់​ដាច់ខាត ត្រូវ​ការពារ ។

សម្តេច​បវរ​ធិ​បតី មានបាន​បន្ថែម​ថា “​រដ្ឋាភិបាល ដៃ​ម្ខាង​គិត​ផលប្រយោជន៍​ប្រជាជន រាប់រយ​នាក់​រាប់រយ​គ្រួសារ ដែល​នៅ​ក្នុង​នោះ ដៃ​ម្ខាង គឺ​១៧​លាន​នាក់ ហើយ​បឹង​ទន្លេរ​សាប​នេះ គឺ​មិនមែន​ថែ​សម្រាប់ ១៧​លាន​នាក់​ទេ បឹង​ទន្លេរ​សាប​នេះ ១៧​លាន​នាក់ បច្ចុប្បន្ន តែ​២០​ឆ្នាំ​ទៀត ប្រជាជន​ខ្មែរ​អាច​កើនឡើង​២០​លាន​នាក់ ៣០​លាន​នាក់ យើង​ការពារ​បឹង​នេះ សម្រាប់​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស មិន​ថា​ប៉ុន្មាន​លាន​នាក់​នោះ​ទេ​” ។

បន្ទាប់​ពី​បាន​បញ្ចប់​ការ​បោះបង្គោល សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា “​ខ្ញុំ​បាន​ប្រាប់​ហើយ គឺ​គ្មាន​ការ​កំណត់ ឬ​កែសម្រួល​ព្រំ​ដី​ទៀត​ទេ យើង​ធ្លាប់​កែ​ពី​ព្រំ​តំបន់ ៣ មក​តំបន់​២ ហើយ​ថ្មី​ៗ​នេះ យើង​កែ​រាប់​ម៉ឺន​ហិច​តា​ទៀត ដើម្បី​ឱ្យ​ប្រជាជន​មាន​សិទ្ធិ​ពី​តំបន់​៣ មក​តំបន់​២ យើង​កែ សឹងតែ​អស់​ទៅ​ហើយ ចឹ​ង​នៅ​មានការ​ស្នើ​សុំ​ចង់​កែ​អា​តំបន់​៣ តំបន់​២ ធ្វើ​អី​ទៀត អត់​ទេ ត្រូវ​ការពារ​សម្រាប់ ១៧​លាន​នាក់ គឺ​មិន​មានការ​កែប្រែ​តំបន់​៣ មក​តំបន់​២​ទៀត​ទេ គឺ​ត្រូវ​ថែរក្សា​ឱ្យ​បាន​។ យើង​គ្រាន់ តែ​កែ​មក​ចង់ ៨​ម៉ឺន​ហិច​តា កែ​ពី​តំបន់​៣ មក​តំបន់​២ និង​តំបន់​១ មាន​៨​ម៉ឺន​ហិច​តា ដើម្បី​យក​មក​ឱ្យ​ប្រជាជន មានកម្ម​សិទ្ធិ ឬ​មួយ​មាន​សិទ្ធិ​ប្រើប្រាស់ ឥឡូវ​បើ​សុំ​កាត់​រាប់​សែន​ហិច​តា​ទៀត កាត់​អត់​ឈប់​ទេ តំបន់​៣ មក​តំបន់​២ ធ្វើ​តំបន់​២​ហើយ សុំ​ពង្រីក​តំបន់​៣ មក​ទៀត ចឹ​ង​គឺ​អត់​ចប់ ចឹ​ង​ត្រូវ​តែ​ហ៊ាន​អា​កាត់​មួយ ដើម្បី​ផលប្រយោជន៍​រួម​” ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​អះអាង​ដែរ​ថា ការ​ការពារ​តំបន់​៣ នៃ​បឹង​ទន្លេរ​សាប កឺ​មិនមែន​សម្រាប់​សម្តេច​ខ្លួនឯង​ផ្ទាល់ ហើយ​ក៏​មិនមែន​សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល អាជ្ញាធរ​ណា​ម្នាក់​ដែរ គឺ​សម្រាប់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ប្រព័ន្ធ​ជីវៈចំរុះ ប្រព័ន្ធ​ត្រី​នៅ​មាន​អនាគត​វែង​ឆ្ងាយ​បន្ត​ទៅ​ទៀត ។

សម្តេច​បវរ​ធិ​បតី ក៏​បាន​ប្រកាស​ជា​សា​រណៈ ថា សម្រាប់​តំបន់​២ ក៏​គ្មាន​កម្មសិទ្ធិ និង​គ្មាន​ការ​លក់ដូរ​នោះ​ដែរ មាន​ត្រឹម​សិទ្ធិ​ប្រើប្រាស់​ជួល​ពី​រដ្ឋ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ