ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ឡាវ វៀតណាម នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ចាន់​សា​ម៉ា​ន ចាន់​យ៉ា​ឡា​ត់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ចាន់​សា​ម៉ា​ន ចាន់​យ៉ា​ឡា​ត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ហ្វា​ន វ៉ា​ន់​ហ្សា​ង (Phan Van Giang) រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម រដ្ឋមន្ត្រី​ការពារ​ប្រទេស ឡាវ និង​វៀតណាម បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ កម្ពុជា ឡាវ និង​វៀតណាម ក៏​ដូច​ជា​ជោគជ័យ នៃ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា ក្រោម​ប្រធានបទ ៖ «​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ បាក់​រលំ​អគារ​» ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៤ ផង​ដែរ​។ ការណ៍​នេះ​បាន​បង្ហាញ​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​បី​។ នា​ខណៈ​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ នៃ​ក្រសួង​ការពារ​ប្រទេស​ឡាវ និង​វៀតណាម បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វិមាន​ឈ្នះ​-​ឈ្នះ ដែល​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​ជាតិ​, ការ​បិទ​បញ្ចប់​នូវ​ភ្លើង​សង្គ្រាមស៊ីវិល និង​ការ​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញលេញ នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ប្រទេស ឡាវ និង​វៀតណាម បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត ជាមួយ​ក្រសួងការពារជាតិ​កម្ពុជា តាម​រយៈ ៖ ការ​បន្ត​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ដើម្បី​សង្គ្រោះ​គ្រោះ​មហន្តរាយ​, ការ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​បី​, ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​ទស្សនកិច្ច​សិក្សា ជាដើម ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​សម្ដែង​នូវ​ការ​រីករាយ ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​បី និង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ នៃ​ការ​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៤​។ សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា កម្ពុជា ឡាវ និង​វៀតណាម នៅ​មាន​សក្ដានុពល​ជា​ច្រើន​ទៀត​ដែល​អាច​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​លើ​វិស័យ​វិនិយោគ និង ពាណិជ្ជកម្ម​, កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, ទេសចរណ៍ និង​សន្ដិសុខ ដោយ​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន ដូច​ជា​ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ជាដើម ។

សម្ដេច​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ដល់​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​បី បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ