ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដំបូងត្រូវធ្វើពេលចូលកាន់តំណែងថ្ងៃទី១ លោក ត្រាំ នឹងដំឡើងពន្ធលើចិន ម៉ិកស៊ិក និងកាណាដា

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងថា លោកនឹងវាយលុកប្រទេស​ចិន ម៉ិកស៊ិក…

0:00
0:00

សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងថា លោកនឹងវាយលុកប្រទេស​ចិន ម៉ិកស៊ិក និងកាណាដា ជាមួយនឹងការដំឡើងពន្ធថ្មី ពោលគឺនៅថ្ងៃទី១ នៃការចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក។

ប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតវ័យ៧៨ឆ្នាំរូបនេះ បានប្រកាសថា ភ្លាមៗ បន្ទាប់ពីការចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដាក់ពន្ធ ២៥% លើទំនិញគ្រប់មុខមកពីប្រទេសម៉ិកស៊ិក និងកាណាដា។

លោកក៏បន្តទៀតថា ពន្ធបន្ថែម ១០% នឹងត្រូវដាក់លើប្រទេសចិន។ បទបញ្ជាប្រតិបត្តិថ្មីនេះ នឹងបង្ហាញអំពីការកើនឡើងភាពតានតឹងជាមួយដៃគូពាណិជ្ជកម្មធំបំផុតទាំង ៣ របស់សហរដ្ឋ​អាមេរិក។

លោក ត្រាំ បានបញ្ជាក់ក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social របស់លោកថា ពន្ធដាក់លើប្រទេសម៉ិកស៊ិក និងកាណាដានឹងនៅដដែល លុះត្រាប្រទេសទាំងពីរទប់ស្កាត់ការហូរចូលគ្រឿងញៀន ជាពិសេសថ្នាំញៀនហ្វេនតានីល និងជនចំណាកស្រុកឆ្លងព្រំដែនដោយខុសច្បាប់។ ក្នុងការប្រកាសដាច់ដោយឡែកមួយទៀត លោក ត្រាំ បានវាយប្រហារទីក្រុងប៉េកាំង ចំពោះការខកខានមិនបានធ្វើតាមការសន្យា ដើម្បីអនុវត្តទោសប្រហារជីវិត សម្រាប់អ្នកត្រូវបានចាប់ខ្លួនជាប់ទាក់ទងនឹងថ្នាំញៀនហ្វេនតានីល។

អ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបានប្រាប់ BBC ថា ការចោទប្រកាន់ថា ចិនមានចេតនាអនុញ្ញាតឱ្យថ្នាំហ្វេនតានីលហូរចូលសហរដ្ឋអាមេរិក គឺផ្ទុយស្រឡះទាំងស្រុងទៅនឹងការពិត។ អ្នកនាំពាក្យដដែលបានបន្តថា ប្រទេសចិនជឿថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកមានអត្ថប្រយោជន៍ទៅវិញទៅមក។ គ្មាននរណាម្នាក់នឹងឈ្នះសង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមពន្ធនោះទេ។

ពន្ធថ្មីនេះ ទំនងជារំលាយលក្ខខណ្ឌនៃកិច្ចព្រមព្រៀង អាមេរិក-ម៉ិកស៊ិក-កាណាដា គ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ដែលលោក ត្រាំ បានចុះហត្ថលេខាលើច្បាប់ចូលជាធរមានក្នុងឆ្នាំ ២០២០ ដោយបានបន្តទំនាក់ទំនងពាណិជ្ជកម្ម ដោយមិនបង់ពន្ធយ៉ាងច្រើនរវាងប្រទេសជិតខាងទាំង៣៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ