ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស.ពមនុស្សម្នាក់​ច្រកបាវរសាត់អណ្ដែតមកទើរ​ច្រាំងទន្លេក្បែរស្ពានគីហ្ស៊ុណា

8 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សាកសពបុរសម្នាក់សង្ស័យត្រូវគេសម្លាប់ច្រកបាវ បានរសាត់អណ្ដែតតាមទឹកទន្លេមេគង្គមកទើរច្រាំងទន្លេត្រង់ចំណុចកំពង់សាឡាង ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤…

ខេត្តកំពង់ចាម ៖ សាកសពបុរសម្នាក់សង្ស័យត្រូវគេសម្លាប់ច្រកបាវ បានរសាត់អណ្ដែតតាមទឹកទន្លេមេគង្គមកទើរច្រាំងទន្លេត្រង់ចំណុចកំពង់សាឡាង ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ ហើយត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌចុះ​ហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ​មុនពេលមានការភ្ញាក់ផ្អើល មានអ្នកស្ទូចត្រីបានជិះម៉ូតូមកឈប់នៅមាត់ច្រាំងទន្លេអតីតកំពង់សាឡាងក្បែរក្រោមស្ពានគីហ្ស៊ុណានាព្រឹកថ្ងៃ​កើតហេតុ​ក៏បានប្រទះឃើញសាកសពច្រកបាវ​អណ្ដែតមកទើមាត់ច្រាំង ដំបូងមិនដឹងថាជាមនុស្សប្រុសឬស្រីនោះទេ ។ រួចក៏បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ព្រមទាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមចុះមកត្រួតពិនិត្យជាបន្ទាន់តែម្តង​។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា តាមរយៈការលើកសពមកដាក់លើ​ច្រាំង​ទន្លេ និង​បង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការត្រួតពិនិត្យឃើញថា សពមានសភាពហើម ជាមនុស្សប្រុស មានអាយុប្រហែលជាង ៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណនោះទេ នៅលើទ្រូងមានស្នាមចាក់សាក់ ហើយត្រង់ក្បាលមានស្នាមវាយ ។

ក្រោយពីបានពិនិត្យរួចរាល់ សពត្រូវបានដឹកទៅតម្កល់ដាក់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីរង់ចាំមើលក្រែងមានសាច់ញាតិមកតាមរក គិតរហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃដដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពបុរសដែលស្លាប់មានទីលំនៅទីណាពិតប្រាកដនៅឡើយ។

សមត្ថកិច្ចមិនបាន​​ឱ្យដឹង​ថា ​ការស្លាប់របស់ជនរងគ្រោះខាងលើ​នោះជាអំពើឃា.តកម្មឬយ៉ាងណានោះទេ​ ។ បើតាមការពិនិត្យមើលជាក់ស្ដែង អាចត្រូវគេសម្លាប់ពីកន្លែងណាមួយហើយច្រកបាវបោះទម្លាក់ចូលទឹកទន្លេដើម្បីបំបាត់ភស្តុតាង។

តាមរយៈការសួរនាំរកសាច់ញាតិស្រុកនៅតាមដងទន្លេមេគង្គទាំងផ្នែកខាងលើនិងខាងក្រោមក្នុងនោះមានភូមិសាស្ត្រជាប់ខេត្តត្បូងឃ្មុំ ក៏មិនទាន់មានសមាជិកក្រុមគ្រួសារណាមួយបានអះអាងបាត់ពីការបាត់មនុស្សក្នុងគ្រួសារនោះទេ ។

ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងតែយកចិត្តទុកដាក់លើករណីនេះ បើកធ្វើការស្រាវជ្រាវដុតដៃដុតជើងអាចសង្ឃឹមថានឹងបំបែកសំណុំរឿងនៅពេលណាមួយជាក់ជាមិនខាន។

សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបាត់​សមាជិក​ក្នុង​គ្រួសារមានភិនភាគចាក់សាក់នៅដើមទ្រូង អាចទាក់ទងមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម នោះនឹងដឹងព័ត៌មានពិស្ដារបន្ថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ