ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្វើ​ចម្ការ​បរាជ័យ​បោះបង់​ដី​រាប់​សិប​ហិក​តា ​បែរ​មក​កាក់កប​​​មុខរបរ​ចិញ្ចឹម​កណ្ដូប​និង​ចង្រិត

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ក្រោយ​ពី​បរាជ័យ​ស្ទើរ​រាល់​ឆ្នាំ​ក្នុង​មុខរបរ​ធ្វើ​ចម្ការ  អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់​ជា​ជន​ពិការ​ជើង​ និង​ពិការ​ភ្នែក​ផង  បាន​សម្រេច​បោះបង់​ដីចម្ការ​រាប់​សិប​ហិក​តា​ឱ្យទៅ​កូន​ៗ ហើយ​គាត់​និង​ប្រពន្ធ​បាន​ងាក​មក​ចាប់​យកមុខ​របរ​ចិញ្ចឹមសត្វ​ចង្រិត​និង​សត្វ​កណ្ដូប​ដែល​គាត់​អះអាង​ថា​«​ទ​ទូល​បាន​ផល​ល្អ និង​រក​ចំណូល​បាន​ប្រសើរ​ជាង​ធ្វើ​ចម្ការ​»​ ។ ​ក្នុង​វ័យ​៥៨​ឆ្នាំ…

ខេត្តបាត់ដំបង​ ៖  ក្រោយ​ពី​បរាជ័យ​ស្ទើរ​រាល់​ឆ្នាំ​ក្នុង​មុខរបរ​ធ្វើ​ចម្ការ  អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់​ជា​ជន​ពិការ​ជើង​ និង​ពិការ​ភ្នែក​ផង  បាន​សម្រេច​បោះបង់​ដីចម្ការ​រាប់​សិប​ហិក​តា​ឱ្យទៅ​កូន​ៗ ហើយ​គាត់​និង​ប្រពន្ធ​បាន​ងាក​មក​ចាប់​យកមុខ​របរ​ចិញ្ចឹមសត្វ​ចង្រិត​និង​សត្វ​កណ្ដូប​ដែល​គាត់​អះអាង​ថា​«​ទ​ទូល​បាន​ផល​ល្អ និង​រក​ចំណូល​បាន​ប្រសើរ​ជាង​ធ្វើ​ចម្ការ​»​ ។

​ក្នុង​វ័យ​៥៨​ឆ្នាំ ពិការ​ជើង​និង​ពិការ​ភ្នែក​ម្ខាង​ផង ដោយសារ​តែ​សង្គ្រាម​ លោក ចឹក យ៉ូ​ន ជា​អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់​ដែល​មាន​ដីចម្ការ​ស្ទើរ​ខ្ទង់រយ​ហិក​តា រស់នៅ​ភូមិ​ស្នូល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ ។  ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ធ្វើ​ចម្ការ​មិន​កាក់កប ខាតបង់​ស្ទើរ​រាល់​ឆ្នាំ ជំពាក់​ធនាគារ​ដោះខ្លួន​មិន​រួច គាត់​និង​ភា​រិ​យា ក៏​សម្រេច​បោះបង់​ដីចម្ការ​រាប់​សិប​ហិ​ក​តា​ឲ្យ​ទៅ​កូន​ៗ ហើយ​ក៏​ងាក​មិន​ចាប់​មុខរបរ​ចិញ្ចឹមសត្វ​ចង្រិត និង​សត្វ​កណ្ដូប​ធ្វើ​ជា​«​អាជីព​»​ប្រចាំ​ថ្ងែ​ ទ​ទូល​បាន​ជោគជ័យ​ដែល​គាត់​នឹក​ស្មាន​មិន​ដល់​ ។

​ជួប​ជាមួយ​កោះសន្តិភាព កាលពី​ស​ប្ដា​ហ៍​​មុន​នេះ លោក ចឹក យ៉ូ​ន បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​និង​ប្រពន្ធ បាន​ចាប់ផ្ដើម​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ចង្រិត​នេះ​​ ប្រហែល​០៦​ឆ្នាំ​កន្លង​មក​ហើយ រីឯ​សត្វ​កណ្ដូប​ខ្ញុំ​ទើប​ចាប់ផ្ដើម​ចិញ្ចឹម​បាន​ប្រហែល​០១​ឆ្នាំ​ប៉ុណ្ណោះ​»​ ។  គាត់​បាន​លើក​ឡើង​ថា «​មូលហេតុ​ដែល​ខ្ញុំ​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិត​និង​កណ្ដូប​នេះ  ដោយសារ​តែ​ធ្វើ​ចម្ការ​មិន​កាក់កប ខាតបង់​ស្ទើរ​រាល់​ឆ្នាំ ថែម​ទាំង​ជំពាក់​បំណុល​ធនាគារ​រើខ្លួន​មិន​រួច​ទៀត​ផង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​» ​។

​ត្រង់​ចំណុច​នេះ លោក​ចឹក យ៉ូ​ន បាន​ប្រាប់​ទៀត​ថា «​ខ្ញុំ​ឈប់​ធ្វើ​ចម្ការ​ហើយ​ដីធ្លី​ទាំងអស់​ ខ្ញុំ​បាន​ចែក​ឲ្យ​កូន​ៗ​អស់ហើយ​ ។  ខ្ញុំ​និង​យាយ​ខ្ញុំ​ចិញ្ចឹម​ចង្រិត​និង​កណ្ដូប​ម្ដង មិនសូវ​ចុះ​កម្លាំង បើ​ទោះជា​ហត់នឿយ ក៏​ហត់​ក្នុង​ម្លប់​ដែរ មិន​លី​សែង ធ្វើការ​នៅ​ហាលវាល ហាល​ក្ដៅ​ដូច​ធ្វើ​ចម្ការ​ទេ​» ​។

​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លំនៅ​ឋាន នៅ​ផ្នែក​ខាងក្រោយ​គេ​ឃើញ​កូន​ទ្រុង​ជា​ច្រើន  ដែល​ធ្វើ​ពី​ឈើ​ប្រក់​តង់​កៅស៊ូ​ព​ណ៏​ស និង​មាន​ហ៊ុមជិត​ទៅ​ដោយ​ស្បៃ​មុង​ដែល​ស​សង់​តម្រៀប​គ្នា ​។ នោះ​គឺជា​«​ទ្រុង​ចិញ្ចឹមសត្វ​កណ្ដូប​»​ ។ 

ដោយឡែក ​នៅ​ខាង​ទ្រុង​ចិញ្ចឹម​កណ្ដូប គេ​ឃើញ​រោង​ប្រក់​ស័ង្កសី​ចំនួន​០២​ខ្នង សង់​ឆ្ងាយ​ពី​គ្នា​បន្តិច ដែល​មាន​ហ៊ុម​​ស្បៃ​ជិត​ដូច​ទ្រុង​កណ្ដូប​ដែរ  ហើយ​ខាងក្នុង​រោង​នីមួយ​ៗ មាន​រៀប​អិដ្ឋ​ធ្វើ​ដូច​អាង​ទឹក​វែង​ៗ​ចំនួន​០២​ ។  នោះ​គឺជា​«​អាង​ចិញ្ចឹម​ចង្រិត​»​ ។ ​លោក ចឹក យ៉ូ​ន និង​ភា​រិ​យា របស់​គាត់ ទំនង​ដូច​ជា​មិនសូវ​មាន​ពេលទំនេរ​ប៉ុន្មាន​ទេ​ ។ នេះ​បើ​តាម​ការ​ពិនិត្យ​លើ​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​ ។ 

ស្លៀក​ត្រឹម​ខោខ្លី ដៃ​ដេរ​ស្បៃ​មុង​បណ្ដើរ​ និយាយ​លេង​ជាមួយ​កោះសន្តិភាព​បណ្ដើរ នៅ​ខាង​មុខ​ទ្រុង​កណ្ដូប​​របស់​គាត់​ ។  លោក ចឹក យ៉ូ​ន បាន​លើក​ឡើង​ដោយ​សង្ខេប​ៗ ពី​ប្រវត្តិ​តស៊ូ​ក្នុង​សម័យ​ខ្មែរក្រហម​​រហូត​ធ្លាក់ខ្លួន​ពិការ​ជើង​ និង​ពិការ​ភ្នែក​ម្ខាង​ លាយឡំ​ជាមួយនឹង​ប្រវត្តិ​ធ្វើ​ចម្ការ និងប្រវត្តិ​ចិញ្ចឹម​ចង្រិត និង​សត្វ​កណ្ដូប​ ។

​ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹមសត្វ​កណ្ដូប  គាត់​បាន​និយាយ​ថា តាម​ពិត​សត្វ​កណ្ដូប​នេះ លោក​ទើប​ចិញ្ចឹម​បាន​ប្រហែល​០១​ឆ្នាំ​ទេ តែបើ​សត្វ​ចង្រិត​វិញ លោក​ចិញ្ចឹម​បាន​រយៈ​ពេល​០៦​ឆ្នាំ​កន្លង​មក​ហើយ​ ។   លោក​បាន​ប្រាប់​ថា នៅ​ក្នុង​តំបន់​នោះ លោក​ជា​អ្នក​ចិញ្ចឹម​ចង្រិត​មុនគេ ហើយ​ចិញ្ចឹម​ច្រើន​ជាងគេ​ទៀត​ ។  សត្វ​កណ្ដូប​ចិញ្ចឹម​រយៈ​ពេល​៤៥​ថ្ងៃ​ យើង​អាច​ចាប់​លក់​បាន​ហើយ រីឯ​សត្វ​ចង្រិត​ក៏​ដូច​គ្នា​ដែរ​ ។   គាត់​បាន​បញ្ជាក់​ថា  ការ​ចាប់ផ្ដើម​ចិញ្ចឹម​ដំបូង ទាំង​ពូជ​ចង្រិត និង​ពូជ​កណ្ដូប​សុទ្ធតែ​ទិញ​មក​ពី​ថៃ​ទាំងអស់​ ។ ប៉ុន្តែ​ បច្ចុប្បន្ន មាន​គេ​ចិញ្ចឹម​ច្រើន អាច​ទិ​ញេ​ពូជ​ក្នុងស្រុក​យើង​បាន ​។

​បញ្ចប់​ការ​និយាយ​ពី​សត្វ​កណ្ដូប  លោក ចឹក យ៉ូ​ន បាន​ចាក​ចេញពី​ទ្រុង​កណ្ដូប រួច​នាំ​យើង​ទៅ​មើល​ពី​កន្លែង​ចិញ្ចឹមសត្វ​ចង្រិត​ដ៏​ធំ​ចំនួន​០២​រោង​របស់​គាត់​ម្ដង ​។ ​ នៅ​ក្នុង​រោង​នីមួយ​ៗ មាន​អាង​ចិញ្ចឹមសត្វ​ចង្រិត​ធំ​ៗ និង​វែង​ៗ​ចំ​នួ​០២​ធ្វើ​ពី​អិដ្ឋ​ ។  អាង​នីមួយ​ៗ​មាន​ទទឹង​១,៥​ម៉ែត្រ  មាន​បណ្ដោយ​០៨​ម៉ែត្រ និង មានកំ​ពស់​ប្រហែល​០៧​តឹក​ ។   ដង្ខៅ​ចង្រិត​រូប​នេះ បាន​ពន្យល់​ថា  សត្វ​ចង្រិត និង​សត្វ​កណ្ដូប​ស៊ី​ចំណី​​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ​។

​ប៉ុន្តែ​ចង្រិត​អាច​ស៊ី​ស្មៅ​ផង និង​ស៊ី​ចំណី​មាន់​លាយ​ជាមួយ​កន្ទក់​ផង តែបើ​កណ្ដូប​ភាគច្រើន​ស៊ី​ស្មៅ ដូច​ជា​ស្លឹកចេក ស្លឹក​ពោត ស្មៅ​គោ ស្លឹក​អំពៅ​ ។​ល​។  បើ​និយាយ​ពី​ការ​ថែទាំ​វិញ លោក ចឹក យ៉ូ​ន បាន​ប្រាប់​ដូច្នេះ​ថា «​ខ្ញុំហត់នឿយ​នឹង​ដើរ​រក​ស្មៅ​ឲ្យ​វា​ស៊ី រីឯ​ប្រពន្ធ​ខ្ញុំ ជា​អ្នក​មើលថែ​ផ្ទាល់ និង​រៀបចំ​ភ្ញាស់​ពូជ ដើម្បី​ដាក់​ចិញ្ចឹម​បន្ត ក្រោយ​ពេល​ចាប់​លក់​អស់​» ​។

​កោះសន្តិភាព​៖ តើ​ការ​ចិញ្ចឹម​ចង្រិត​និង​កណ្ដូប ហត់នឿយ​ដូច​ធ្វើ​ចម្ការ​ទេ ?  គាត់​សើច ជាមួយនឹង​ការ​លើក​ឡើង​ដូច្នេះ​ថា ​«​តាម​ពិត​ការងារ​អ្វី​ក៏​ហត់នឿយ​ដែរ តែ​ការ​ចិញ្ចឹម​ចង្រិត កណ្ដូប​នេះ ជា​ការ​ស្រាល​ជា​ការងារ​ធ្វើ​ចម្ការ ហើយ​វាយ​ដែរ​តែ​នឿយ​ក្នុង​ម្លប់ មិន​នឿយហត់​ដូច​ធ្វើ​ចម្ការ​រាល​វាល ហាល​ក្ដៅ​ទេ​។  ម្យ៉ាងទៀត ចិញ្ចឹម​ចង្រិត​និង​កណ្ដូប មិន​ពិបាក​រក​ទីផ្សារ ហើយ​ប្រមូល​ផល​លក់​រាល់​ខែ មិន​ដូច​ធ្វើ​ចម្ការ​០១​ឆ្នាំ​ប្រមូល​ផល​ម្ដង ​បាន​ផល​ហើយ​គ្មាន​ទីផ្សារ ប្រឈម​មុខ​នឹង​ការ​ខាតបង់​ស្ទើរ​រាល់​ឆ្នាំ​»​ ។ 

គាត់​បាន​បញ្ជាក់​ថា ចង្រិត​គាត់​ប្រមូល​ផល​វិល​ជុំ​ ។  ចាប់​លក់​ម្ដង​០២​អាង ​បាន​លើស​ពី​១០០​គីឡូក្រាម​។ រីឯ​សត្វ​កណ្ដូប​ក៏​ចាប់​លក់​វិល​ជុំ​ជាមួយ​ចង្រិត​ដែរ​ ។ 

ចប់​ពី​ការ​សន្ទនា​រឿង​ចង្រិត​និង​កណ្ដូប​ជាមួយ​លោក ចឹក យ៉ូ​ន  យើង​ងាក​ទៅ​មើល​ភា​រិ​យា​គាត់​វិញ គឺ អ្នកស្រី ទុ​យ ឃឿ​ប អាយុ​៦៣​ឆ្នាំ ក៏​មមារញឹក​ណាស់​ដែរ ដែល​កំពុង​រៀបចំ​ដាក់​ពង​កណ្ដូប​ភ្ញាស់​នៅ​ក្នុង​កេស​ស្នោរ​ ។

​គាត់​និយាយ​ពី​វិធី​ភ្ញាស់​ពង​កណ្ដូប ឬ​ពង​ចង្រិត  ដែល​មើលទៅ​សកម្មភាព​បំពេញការងារ​របស់​ពួក​គាត់​ហាក់​សប្បាយ​រីករាយ​ ។  និយាយ​បណ្ដើរ​សើច​លែង​សប្បាយ​បណ្ដើរ ហាក់​មិន​ធុញទ្រាន់​នឹង​សំនួរ​របស់​សន្តិភាព​ឡើយ​ ។ ​អ្នកស្រី ទុ​យ ឃឿ​ប បាន​ពន្យល់​ពី​វិធី​ភ្ញាស់​ពង​កណ្ដូប​យ៉ាង​ដូច្នេះ​ថា «​ពង​កណ្ដូប ភ្ញាស់​មាន​រយៈពេល​យូរ​ជាង​ពង​ចង្រិត តែ​ការ​ចិញ្ចឹម​រយៈ​៤៥​ថ្ងៃ​ដូច​គ្នា គឺ​អាច​ចាប់​លក់​បាន​ហើយ​»​ ។​

កោះសន្តិភាព​៖  តើ​ការ​ចិញ្ចឹម​ចង្រិត កណ្ដូប លំបាក​យ៉ាងម៉េច​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើ​ស​ម្ការ ?  អ្នកស្រី ទុ​យ ឃឿ​ប បាន​ផ្ដល់​ចម្លើយ​ថា «​ធ្វើ​ចម្ការ​ដើមទុន​តិច​ ធ្វើ​ទៅ​រវល់​តែ​ខាត តែបើ​យើង​ធ្វើ​អានេះ បើ​ចំណាយ​ដើម​១​លាន​រៀល ក៏​យើង​បាន​ចំណេញ​ពាក់កណ្ដាល​មក​វិញ​ដែរ​។ ហើយ​បើ​យើង​បោះបង់​របរ​នេះ​ចោល យើង​ស៊ូ​ក្ដៅ​មិន​រួច ធ្វើ​ចម្ការ​»​ ។

​កោះសន្តិភាព​៖ លោកពូ​ប្រាប់​ថា ចិញ្ចឹម​ចង្រិត​នេះ​ មាន​រយៈពេល​០៦​ឆ្នាំ​ហើយ  តើ​ធ្លាប់​បរាជ័យ​ម្ដងណា​ទេ ?  ពីរ​អ្នកតា​យាយ ហាក់​អស់​សំណើរ​ព្រម​គ្នា មុន​ពេល​ឆ្លើយនឹង​សំណួរ​នេះ​ ។  គាត់​និយាយ​ព្រម​ៗ​គ្នា​ថា «​ធ្លាប់​ខាត​ម្ដង​ហើយ អស់​៨០​ម៉ឺន​រៀល​» ​។  មូលហេតុ​ដែល​ខាត​ឡុងចុង​ម្ដងនោះ បើ​តាម​លោក ចឹក យ៉ូ​ន បាន​បញ្ជាក់​ដូច្នេះ​ថា «​កាលនោះ​ចិញ្ចឹម​ចង្រិត​ពូជ​ខ្មៅ​ ។  ពេល​ចាប់​លក់​គេ​អត់​ទិញ ព្រោះ​វា​កើតរោគ​ ។  ចាប់ពី​ពេល​នោះ​មក ខ្ញុំ​ចិញ្ចឹម​ពូ​ជ​ក្រហម​ម្ដង ដែល​ទិញ​ពូជ​ពី​ថៃ​មក គឺ​ចិញ្ចឹម​ពូជ​ចង្រិត​ក្រហម​នេះ ជោគជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​»​ ។

​ជាមួយនឹង​ភាព​ជោគជ័យ​នៃ​អាជីព​ចិញ្ចឹម​ចង្រិត និង​កណ្ដូប​នេះ គ្រួសារ​វ័យ​ចំណាស់​ពី​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​អះអាង​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ចង្រិត​ កណ្ដូប ក្នុង​រយៈពេល​ប៉ុន្មាន​កន្លង​ទៅ​នេះ គាត់​បាន​ដោះបំណុល​ធនាគារ​ស្ទើរ​រួចរាល់​ហើយ ដែល​បំណុល​នោះ​ជំពាក់​ធនាគារ ក្នុង​អំឡុង​ធ្វើ​ចម្ការ​ ។  ប៉ុន្តែ​សព្វថ្ងៃ​គាត់​បាន​បោះបង់​ដីចម្ការ​ទាំងអស់​ចែក​ទៅ​ឲ្យ​កូន​ៗ ហើយ​គាត់​០២​នាក់​តា​យាយ​នេះ ងាក​មក​ចាប់​អាជីព​ចិញ្ចឹម​ចង្រិត និង​កណ្ដូប​វិញ​ម្ដង​ ។

​លោក ចឹក យ៉ូ​ន បាន​ប្រាប់​ពី​តំលៃ​ទីផ្សារ​ចង្រិត និង​កន្ដូប​ថា  សព្វថ្ងៃ​ចង្រិត​លក់​តំលៃ​១២០០០​រៀល ក្នុង​០១​គីឡូក្រាម រីឯ​កណ្ដូប​លក់​បាន​តំលៃ​ចន្លោះ​ពី​១៧០០០​រៀល ទៅ​២០០០០​រៀល ក្នុង​០១​គីឡូក្រាម​។  ហើយ​មិន​ខ្វះ​ទេ ​ទីផ្សារ​ឲ្យ​តែ​យើង​ចង់​លក់ ទូរស័ព្ទ​ប្រាប់​ម៉ូយ​ៗ​ទៅ​គេ​នឹង​ចាប់​ប្រមូល​ភ្លាម​ ។ ​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណូល​នេះ បើ​តាម​អ្នកស្រី ទុ​យ ឃឿ​ប បាន​បញ្ជាក់​ថា ចង្រិត​គាត់​មាន​ចំនួន​០៤​អាង ចាប់​លក់​វិល​ជុំ​ប្រចាំខែ​ ។​ ក្នុង​០១​ខែ​គាត់​រក​ចំណូល​បាន​ពី​ចង្រិត​ជាង​១​លាន​រៀល​ ។ នេះ​មិន​ទាន់​និយាយ​ពី​ការ​លក់​សត្វ​កណ្ដូប​ទេ​ ។

ដូច្នេះ​ អ្នកស្រី​បាន​ធូរស្រាល​គ្រាន់បើ​ដែរ បើ​និយាយ​ពី​ជីវភាព​ក្នុង​គ្រួសារ មិន​យ៉ាប់​យ៉ឺន​ដូច​កាល​ធ្វើ​ចម្ការ​ទេ​ដែល​មួយ​ថ្ងៃ​ៗ​គ្មាន​ពេល​ទ​នេ​រ នៅ​តែ​ហាល​ក្ដៅ ខាតដើម​ស្ទើ​រាល់​ឆ្នាំ ហើយ​ជំពាក់​ធនាគារ​ស្ទើរ​វ័ណ្ឌ.ក​​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ