រាជធានីភ្នំពេញ ៖ ស្ត្រីនៅកម្មការិនីកាត់ដេរម្នាក់បានស្លា.ប់បាត់បង់ជីវិត ទាំងកូនក្នុងផ្ទៃ ៩ ខែ បន្ទាប់ពីមកពីធ្វើការហើយមិនស្រួលខ្លួន ដោយសារឈឺក្បាលមួយយប់ហើយ ទិញថ្នាំ Panadol លេបចំនួនពីរគ្រាប់ក៏គាំងបេះដូងស្លា.ប់ទាំងព្រឹក ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងភូមិទួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ស្ត្រីដែលស្លា.ប់ទាំងកូនក្នុងផ្ទៃឈ្មោះ វ៉ូ កញ្ញា អាយុ៣៤ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅភូមិកើតហេតុខាងលើ ។ តាមបុរសជាប្ដីឈ្មោះ ផូ ផាន ហៅគរ ជាកម្មករបានឱ្យសមត្ថកិច្ចដឹងថា កាលពីវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់ និងប្រពន្ធបានត្រឡប់មកពីធ្វើការហើយរៀបចំដាំបាយហូប ។ លុះពេលហូបបាយរួច ក៏នាំគ្នាសម្រាកមួយសន្ទុះ នៅវេលាម៉ោងប្រមាណ១០យប់ ស្រាប់តែប្រពន្ធមានអាការៈមិនស្រួលខ្លួនឈឺក្បាលខ្លាំង ហើយគាត់ក៏បានយកប្រេងខ្យល់ជួយរឹត រួចក៏បាននាំគ្នាសម្រាកទៅ ។
បុរសជាប្ដីឲ្យបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៥ភ្លឺ ថ្ងៃទី២៥ ខែវិឆ្ឆិកា ប្រពន្ធមានអាការៈឈឺក្បាលម្ដងទៀតហើយ បានអោយកូនប្រុសអាយុ១៤ឆ្នាំ ទៅទិញថ្នាំឈឺក្បាលម៉ាក Panadol លេបអស់ចំនួនពីរគ្រាប់ក៏មានអាការៈមិនស្រួលខ្លួន ប្រកាច់បែកពពុះមាត់ ខាំមាត់ហើយគាត់ក៏បានទៅប្រាប់អ្នកជិតខាង បងប្អូនមកជួយមើល ក្រោយមកប្រពន្ធរបស់គាត់ដាច់ខ្យល់ស្លា.ប់នៅលើផ្ទះទាំងមានផ្ទៃពោះ៩ខែ ។ បន្ទាប់ពីប្រពន្ធស្លា.ប់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ នៅព្រឹកនេះដែរ សមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យសាកស.ព ។
តាមការត្រួតពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យតុលាការបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនោះស្លា.ប់ដោយសារគាំងបេះដូងបណ្ដាលមកពីឡើងសម្ពាធឈាម ៕
ចែករំលែកព័តមាននេះ