ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​ដ៏​ធំ CT Corp ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម​បណ្ឌិត Chairul Tanjung…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម​បណ្ឌិត Chairul Tanjung ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន CT Corp ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា CT Corp គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​ដ៏​ធំ​មួយ ដែល​មាន​ប្រតិបត្តិការ​អាជីវកម្ម​ចម្រុះ​ជា​ច្រើន ជា​ពិសេស​លើ​វិស័យ​ហិរញ្ញវត្ថុ​, សួន​កំសាន្ត​, អចលនទ្រព្យ​, សណ្ឋាគារ​, និង​ផ្សារ​ទំនើប ។

ឯកឧត្តម​ប្រធាន បាន​កោតសរសើរ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​គូសបញ្ជាក់​អំពី​ចំណាប់អារម្មណ៍​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​បញ្ជាក់​ថា កម្ពុជា​មាន​វិស័យ​សក្តានុពល និង​កាលានុវត្តភាព​ជា​ច្រើន​សម្រាប់​ក្រុមហ៊ុន ក្នុង​ទីផ្សារ​នាំ​ចេញ និង​ទីផ្សារ​ក្នុងស្រុក ។

សម្ដេច​បវរ​ធិ​បតី បាន​ចែករំលែក​អំពី​គោលនយោបាយ វិធានការ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកទឹកចិត្ត និង​ធានា​បរិស្ថាន​ធុរកិច្ច ការ​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា កម្ពុជា​មានការ​ត​ភ្ជាប់​ទីផ្សារ​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់ និង​ពិភពលោក ជា​ពិសេស តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជា​ច្រើន ។

សម្ដេច​បវរ​ធិ​បតី និង​ឯក​ឧត្ត​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​កាលានុវត្តភាព និង​វិស័យ​សក្តានុពល​មួយ​ចំនួន រួម​មាន​៖ វិស័យ​ហិរញ្ញវត្ថុ​, អចលនទ្រព្យ​, កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, អប់រំ​, បច្ចេកវិទ្យា​, ទេសចរណ៍​, សួន​កំសាន្ត​, សណ្ឋាគារ​, ផ្សារ​ទំនើប ជាដើម ។

សម្ដេច​បវរ​ធិ​បតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក៏​ដូច​ជា​ដៃគូ​អាជីវកម្ម​ក្នុងស្រុក ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ