ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​រដ្ឋ​ឡាវ ​កោតសរសើរ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ជំទាវ Pany…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ជំទាវ Pany Yathotou អនុប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​វិមាន​ ៧​មក​រា ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ​អនុប្រធាន​រដ្ឋ ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​សម្តែង​ការ​អបអរសាទរ​ជូន​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជានាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យរបស់​កម្ពុជា ដែល​បាន​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ក៏​ដូច​ជា​បាន​ធ្វើ​ឱ្យ​កិត្យានុភាព​របស់​កម្ពុជា ​កាន់តែ​លេចធ្លោ​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ​ ។

លោក​ជំទាវ​អនុប្រធាន​រដ្ឋ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែល​បាន​រៀបចំ​បាន​យ៉ាង​ល្អ​ប្រសើរ ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ​នៃ​មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ​។

លោក​ជំទាវ​អនុប្រធាន​រដ្ឋ​ក៏​បាន​សម្ដែង​ នូវ​សេចក្តី​សោមនស្ស​រីករាយ និង​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ រវាង​ឡាវ និង​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ គ្រប់​កាលៈទេសៈ​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី ​បាន​អរគុណ​លោក​ជំទាវ​អនុប្រធាន​រដ្ឋ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​បាន​បង្ហាញ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​។

សម្ដេច​បវរ​ធិ​បតី​ ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី នឹង​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​បន្ថែម​ទៀត​ ។

សម្ដេច​បវរ​ធិ​បតី និង​លោក​ជំទាវ​អនុប្រធាន​រដ្ឋ បាន​ពិភាក្សា​លើ​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ជា​ច្រើន មាន​ជា​អាទិ៍ ​៖ វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, ថាមពល​, សន្តិសុខ និង​ការពារ​ជាតិ​, ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ