រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានសម្រេចឲ្យក្រសួងរ៉ែ និងថាមពលបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបង្កើតស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវផលប្រយោជន៍សំខាន់ៗចំនួន២ ដែលប្រទេសជាតិទទួលបាន ក្រោយប្រជាពលរដ្ឋផ្លាស់ប្ដូរពីការប្រើប្រាស់យានយន្ដប្រើប្រេងឥន្ធនៈទៅប្រើយានយន្ដអគ្គិសនី ។
សម្តេចមហាបវរធិបតី បានលើកឡើងថា ផលប្រយោជន៍ចំនួន២ ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន ៖ ទី១ ៖ បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យានយន្តអគ្គិសនីប្រើថាមពលតិចជាង ការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល៥ដង ។
ទី២ ៖ បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ ។ ក្នុងន័យនេះ សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយានយន្ដអគ្គិសនី ឆ្នាំ២០២៤-២០៣០ ដែលមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យយានយន្តអគ្គិសនីទាំងមូល ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយក្រុមហ៊ុនរថយន្ដ BYD ដែលជាក្រុមហ៊ុនរថយន្ដអគ្គិសនី ដើម្បីដំឡើងរោងចក្រផលិតរថយន្ដអគ្គិសនីនៅប្រទេសកម្ពុជាតែម្ដង ។ ខណៈនៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបាននាំចូលរថយន្ដអគ្គិសនី ឬអគ្គិសនីលាយសាំងចូលមកប្រទេ សកម្ពុជា ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីក៏ណែនាំដល់ក្រសួងរ៉ែ និងថាមពល ដែលមានតួនាទីភារកិច្ចដឹកនាំជំរុញការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីនៅកម្ពុជា ត្រូវរៀបចំដាក់ចេញនូវចំណាត់ការនានាជុំវិញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្ដថា មានតែការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្ដ អគ្គិសនីឲ្យបានកាន់តែប្រសើរច្រើនទេ ទើបអាចដាក់ចេញទាក់ទាញការបង្កើតការផ្លាស់ប្ដូរយានយន្ដពីប្រើប្រេងឥន្ធនៈ ទៅប្រើប្រាស់យានយន្ដអគ្គិសនីវិញជាបណ្ដើរៗ ដើម្បីផ្ដល់ជម្រើស សម្រាប់ប្រជាពលរដ្ឋ ។
នៅក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ក៏បានឲ្យក្រសួងសាធាណការ និងដឹកជញ្ជូនធ្វើការត្រួតពិនិត្យយានយន្ត ហើយក្រសួងរ៉ែ និងថាមពលធ្វើការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ។
សូមជម្រាបថា បើការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសបាន ២០០,៨២៤គ្រឿង ក្នុងនោះម៉ូតូ ១៧០,៧៤៦គ្រឿង យានយន្តធុនស្រាល២៦,៣៨០គ្រឿង និងយានយន្តធុនធ្ងន់៣,៦៩៨គ្រឿង ។ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនីបានចុះបញ្ជីសរុបចំនួន១,៤៧៩គ្រឿង ក្នុងនោះ ម៉ូតូ៥១៨គ្រឿង ម៉ូតូកង់បី៣០គ្រឿង និងរថយន្ត៩៣១គ្រឿងផងដែរ ៕
ចែករំលែកព័តមាននេះ