បុរសខ្លាំងរបស់រុស្ស៊ីថា សង្គ្រាមអ៊ុយក្រែនកំពុងតែវិវត្តន៍ទៅរកជម្លោះជាសកល
ប្រទេសរុស្ស៊ី ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ…
ប្រទេសរុស្ស៊ី ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ…
ប្រទេសរុស្ស៊ី ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) បានអះអាងថា សង្រ្គាមអ៊ុយក្រែនកំពុងតែវិវត្តន៍ទៅរកជម្លោះជាសកល បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយប្រើអាវុធរបស់ពួកគេ។ ហើយលោកក៏បានព្រមានលោកខាងលិចថា ទីក្រុងម៉ូស្គូអាចតបតទៅវិញ នៅគ្រប់ពេលវេលាទាំងអស់។
លោក ពូទីន បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីបានឆ្លើយតបទៅនឹងការប្រើប្រាស់មីស៊ីលរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ដោយការបាញ់ប្រភេទថ្មីនៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងនៅទីតាំងយោធាអ៊ុយក្រែន។ លោកក៏បានព្រមានទៀតថា អ្វីៗជាច្រើនទៀតអាចនឹងកើតឡើង ខណៈជនស៊ីវិលនឹងត្រូវបានព្រមានមុនពេលការវាយប្រហារបន្ថែមទៀត ដោយអាវុធបែបនេះ។
បុរសខ្លាំងរបស់រុស្ស៊ីវ័យ៧២ឆ្នាំរូបនេះបានបន្តថា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) អ៊ុយក្រែនបានវាយប្រហាររុស្ស៊ីជាមួយនឹងមីស៊ីលយុទ្ធសាស្ត្រ ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦គ្រាប់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ព្រមទាំងមីស៊ីលបង្ហោះតាមអាកាសរយៈចម្ងាយឆ្ងាយ Storm Shadow របស់អង់គ្លេស ក៏ដូចជាគ្រាប់រ៉ុក្កែត HIMARS ផលិតដោយអាមេរិកផងដែរ កាលពីថ្ងៃទី២១ ខែវិច្ឆិកា។
លោក ពូទីន បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៊ី ធ្វើឡើងដោយទូរទស្សន៍រដ្ឋ ស្ថិតនៅទីក្រុងមូស្គូថា «ចាប់ពីពេលនោះមក ដូចដែលយើងបានបញ្ជាក់ម្តងហើយម្តងទៀត ជម្លោះតំបន់ក្នុងប្រទេសអ៊ុយក្រែនបង្កឡើងដោយលោកខាងលិចពីមុន បានទទួលធាតុនៃចរិតលក្ខណៈសកល។ សហរដ្ឋអាមេរិកកំពុងជំរុញពិភពលោកឆ្ពោះទៅរកជម្លោះសកល ហើយក្នុងករណីមានការកើនឡើងសកម្មភាពឈ្លានពាន យើងក៏នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់»។
លោក ពូទីន បានបន្តទៀតថា ការវាយប្រហារពីអ៊ុយក្រែនដោយមីស៊ីល ATACMS បានបរាជ័យក្នុងការធ្វើឱ្យខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែការវាយប្រហារលើតំបន់ឃាស់ (Kursk) កាលពីថ្ងៃទី២១ ខែវិច្ឆិកា បង្កខូចខាតទីតាំងខ្លះ ដោយបណ្តាលនាំឱ្យមានមនុស្សស្លាប់ និងរបួស។ លោកបន្ថែមថា ការវាយប្រហារដោយសត្រូវតាមរយៈអាវុធបែបនេះ គឺមិនអាចផ្លាស់ប្តូរដំណើរនៃសកម្មភាពយោធាគ្រប់គ្រងតំបន់នៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននោះទេ។ ដូច្នេះរុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធរបស់ខ្លួនប្រឆាំងនឹងទីតាំងយោធាប្រទេសទាំងនោះ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធពួកគេប្រឆាំងនឹងគ្រឿងបរិក្ខាររបស់រុស្ស៊ី៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ