ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​សេដ្ឋកិច្ច​ថា ការ​បណ្តុះបណ្តាល​ជំនាញ TVET របស់​រាជរដ្ឋាភិបាល​បាន​ក្លាយជា​ថ្នាលបង្កើត​កម្លាំង​ជំនាញ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ស្រប​នឹង​របត់​ផ្លាស់​ប្តូ​ទិស​ដៅ​វិនិយោគ​ថ្មី

8 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កន្លង​ទៅ​គឺ​មាន​រយៈកាល​មួយ​ឆ្នាំ​ហើយ​គិត​ត្រឹម​ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កន្លង​ទៅ​គឺ​មាន​រយៈកាល​មួយ​ឆ្នាំ​ហើយ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ ​២០២៤ ក្នុង​នោះ​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​វាយតម្លៃ​ថា កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​នេះ​បាន​ក្លាយទៅជា​ថ្នាល​បណ្តុះបណ្តាល​កម្លាំង​ជំនាញ​មួយ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ហើយ​តាម​រយៈ​សន្ទុះ​កើនឡើង​នៃ​កម្លាំង​ជំនាញ​នៅ​ក្នុងស្រុក​នេះ​គឺ​ស្រប​តាម​របត់​ថ្មី​មួយ ក្នុង​ការ​កែប្រែ​ទិស​ដៅ​វិនិយោគ​បរទេស​នៅ​កម្ពុជា ដែល​នឹង​អាច​ប្រែក្លាយ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​លំហូរ​វិនិយោគ​នៅ​តំបន់​អាស៊ាន និង​សកលលោក ​។

បណ្ឌិត ឈាង​ ​វ​ណ្ណា​រិ​ទ្ធ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​គូសបញ្ជាក់​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​អាច​ទាក់ទាញ​យុវជន​ចូល​រៀន​ជំនាញ​បាន​ជាង​៧​មុ​ឺ​ន​នាក់​ក្នុង​រយៈពេល​ឆ្នាំ​មកនេះ វា​ពិតជា​ដំណើរការ​ដ៏​គួរ​ឱ្យ​កត់សម្គាល់ និង​ជា​សមិទ្ធផល​ដ៏​ល្អ​ប្រពៃ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​បង្កើន​ជំនាញ​នៅ​កម្ពុជា​ ។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូប​នេះ​បន្ត​ថា ការ​អភិ​វ​ឌ្ឃ​ន៍​កម្លាំង​ជំនាញ​គឺជា​រឿង​ចាំបាច់​ណាស់​នៅ​ក្នុង​យុគសម័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នា​ពេល​បច្ចុប្បន្ន កម្ពុជា​ចាំបាច់​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត​ក្នុង​វិស័យ​ផលិតកម្ម និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ដូច្នេះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ​នឹង​ក្លាយទៅជា​សូចនាករ​មួយ​ដ៏​មាន​សក្តានុពល និង​ចម្បង​ក្នុង​ការ​ផ្លាស់​ប្តូ​មុខមាត់​សេដ្ឋកិច្ច​កម្ពុជា ​។

បើ​ទោះបី​យ៉ាងណា​ក៏​ដោយ លោក​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​បែប​ថ្មី​នេះ ប្រទេស​កម្ពុជា​ត្រូវការ​វិនិយោគ​ធនធាន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​យុវជន​នូវ​ជំនាញ​អនាគត​ដែល​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ​នា​ពេល​អនាគត ដូច​ជា​ជំនាញ​បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​ជំនាញ​ផ្សេង​ទៀត ដែល​កម្ពុជា​គួរតែ​ផ្តោត​ទៅ​លើ​បន្ថែម​លើ​ការ​អភិវឌ្ឍ​ជំនាញ​មូលដ្ឋាន ​។​ 

ចំណែក​លោក​បណ្ឌិត គី​ ​សេរី​វឌ្ឍន៍ អនុប្រធាន​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើក​ឡើង​ថា ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​នេះ​នឹង​ក្លាយទៅជា​ច​លករ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ពីព្រោះ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះ​បាន​ក្លាយទៅជា​ថ្នាល​នៃ​ការ​បង្កើត​កម្លាំង​ជំនាញ​ជា​ច្រើន​មុ​ឺ​ន​នាក់​រួច​ស្រាប់​ទៅ​ហើយ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ​ចាប់តាំងពី​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ ។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បន្ថែម​ថា ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មួយ​នេះ​នឹង​នាំ​កម្ពុជា​ទៅ​ដល់​ការ​បង្កើត​កម្លាំង​ធនធាន​ផលិតកម្ម​ដ៏​ខ្លាំង​មួយ​ដែល​មាន​ផលិតភាព​ខ្ពស់ នឹង​ឈាន​ដល់​អភិវឌ្ឍ​ឧស្សាហកម្ម និង​ផលិតកម្ម​នៅ​កម្ពុជា ដែល​ជា​យន្តការ​ក្នុង​ការ​កែប្រែ​កម្ពុជា​ពី​ការ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម មក​ពឹងផ្អែក​លើ​ឧស្សាហកម្ម និង​ពី​សហគ្រាស​ខ្នាត​តូច​មធ្យម មក​ជា​ឧស្សាហកម្ម​ធន់​ធ្ងន់ ​។

លោក​ ​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ត​ថា ការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដើម្បី​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​លើ​ការ​បង្កើន​កម្លាំង​ជំនាញ​នៅ​កម្ពុជា​នេះ គឺ​នឹង​ធ្វើ​ឱ្យ​ការ​ឧត្តមភាព​នៃ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​មាន​ភាព​ខ្លាំង ដែល​អាច​ឈាន​ជើង​ក្នុង​ការ​ប្រកួតប្រជែង​មួយ​ដ៏​ធំ​នៅ​ក្នុង​តំបន់​អាស៊ាន និង​តំបន់​ផ្សេង​ៗ​ទៀត​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ​។

បើ​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​មក​ដល់​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះ​បាន​ទទួល​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សរុប​ចំនួន​ជាង​៧​មុ​ឺ​ន​នាក់​នៅ​ទូ​ទាំង​ប្រទេស​។ យុវជន​សិក្សា​ជំនាញ​របស់​រាជរដ្ឋាភិបាល​ទាំងនោះ​បាន​ទទួល​ការងារ​ធ្វើ​សមរម្យ​, កំពុង​ចុះ​កម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន​ឯកជន​នានា​ក្រោម​កិច្ច​សម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ការ​ប្រកួតប្រជែង​ខ្ពស់ មាន​ភាព​ធន់ បត់បែន អាច​ឆ្លើយ​តប​តាម​តម្រូវការ​នៃ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ធានា​ថា «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​អនុវត្ត​តាម​អភិក្រម​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ “​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​” ៕ អត្ថបទសហការ