វៀតណាមវ៉ាដា.ច់ថៃ នាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន កាលពីខែកញ្ញា
ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញផ្លែទុរេនចំនួន ១៧៧,០០០តោន…
ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញផ្លែទុរេនចំនួន ១៧៧,០០០តោន…
ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញផ្លែទុរេនចំនួន ១៧៧,០០០តោន ដែលមានតម្លៃ ៦៤០,៧២លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិនក្នុងខែកញ្ញា។ ចំនួននេះបានវ៉ាដាច់ប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ផ្លែទុរេនច្រើនជាងគេទៅកាន់ទីផ្សារចិន។
កាសែតវៀតណាម Thanh Nien កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានរាយការណ៍ថា ប្រទេសចិនបានចំណាយប្រាក់ចំនួន ៨៩៤,៥៨លានដុល្លារ ដើម្បីនាំចូលផ្លែទុរេនចំនួន ២២៨,០០០តោននៅក្នុងខែកញ្ញា ដោយប្រទេសវៀតណាមមានចំណែករហូតដល់ ៧៧.៦%។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បើគិតសរុបសម្រាប់រយៈពេល៩ខែដំបូង នៃឆ្នាំនេះ ប្រទេសថៃនៅតែនាំមុខគេ ដោយបាននាំចេញផ្លែទុរេនជិត ៧៥៥,០០០តោន ដែលមានតម្លៃរហូតដល់ ៣.៧៣ពាន់លានដុល្លារ ស្មើនឹង ៥៤.៧%។ អំឡុងពេលដូចគ្នានេះ ប្រទេសវៀតណាមបាននាំចេញផ្លែទុរេន ៦១៨,០០០តោន មានតម្លៃ ២.៤៥ពាន់លានដុល្លារ ពោលកើនឡើង ៧២.២% គិតជាបរិមាណ និង៥៧.៣% គិតជាតម្លៃ។
យោងតាមលោក ដាង ភុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានអះអាងថា ជាធម្មតាប្រទេសវៀតណាមមានប្រៀបជាងប្រទេសថៃនៅចុងឆ្នាំ ពោលគឺនៅពេលមានផ្លែទុរេនក្រៅរដូវ ដើម្បីនាំចេញទៅប្រទេសចិន មិនដូចប្រទេសថៃដែលការប្រមូលផលពួកគេបានបញ្ចប់មុនពេលនោះ។ លោកបន្តថា តម្រូវការរបស់ចិនក៏កើនឡើងនៅពេលនោះផងដែរ ដោយសារអតិថិជនបង្កើនការទិញសម្រាប់ថ្ងៃឈប់សម្រាកចុងឆ្នាំ និងបុណ្យចូលឆ្នាំថ្មី។
លោកបន្ថែមថា វៀតណាមកំពុងរីករាយនឹងអត្ថប្រយោជន៍ពីវិស័យដឹកជញ្ជូនដូចជា ផ្លូវថ្នល់ និងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិន ជួយអ្នកនាំចេញរបស់ខ្លួនសន្សំសំចៃពេលវេលា និងការចំណាយ។
នៅក្នុងការដេញថ្លៃដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួន ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃនាពេលថ្មីៗនេះ បានដាក់ចេញគម្រោងមួយមានឈ្មោះថា «One Tambon, One Digital» ដែលមានគោលបំណងលើកកំពស់ផលិតភាពរបស់កសិករដាំដុះផ្លែទុរេន ពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់លើធុរេនថៃ ក៏ដូចជាលើកកម្ពស់ផលិតផលមានតម្លៃខ្ពស់នៅលើឆាកអន្តរជាតិ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ចំពេលមានការប្រកួតប្រជែងពីប្រទេសចិន និងប្រទេសជិតខាង គំនិតផ្តួចផ្តើមនេះនឹងជួយគ្រួសារកសិករជាង ៦,១០០គ្រួសារទទួលយកការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីកត់ត្រាទិន្នន័យដាំដុះ និងបណ្តុះបណ្តាលកសិករចំនួន ១២,២០០នាក់ក្នុងខេត្តចំនួន ២៣ ចេះធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងការអនុវត្តកសិកម្មល្អតម្រូវលើការនាំចេញទុរេន។
ប្រទេសថៃមានផ្ទៃដីដាំដុះទុរេន ១៦៣,២០០ហិចតា ហើយលូតលាស់បាន ១.៥៣លានតោនក្នុងមួយឆ្នាំ។
ទុរេនមានចំណែកចំនួន ៦៩% នៃការនាំចេញផ្លែឈើរបស់ថៃ កាលពីឆ្នាំ ២០២៣ ដោយប្រទេសចិន គឺជាទីផ្សារនាំចេញចម្បង។ ចំណែកប្រទេសវៀតណាមមានផ្ទៃដីដាំដុះទុរេនចំនួន ១៥៤,០០០ហិចតា ដោយផ្តល់ទិន្នផល ១.២លានតោនក្នុងមួយឆ្នាំ។ វៀតណាមបាននាំចេញទុរេនចំនួន ៥០ម៉ឺនតោន ដែលមានតម្លៃ ២.៣ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៣ ដោយ ៩០% ទៅប្រទេសចិន៕
ចែករំលែកព័តមាននេះ