ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងណាស់! ឥណ្ឌូណេស៊ីហូបក្រុមគីឡូ World Cup កក្រើកទ្វីបអាស៊ី

5 ម៉ោង មុន

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបានធ្វើឱ្យកក្រើកទ្វីបអាស៊ី ក្រោយបំបាក់អារ៉ាប៊ីសាអូឌីត ដោយលទ្ធផល ២-០ នៅទីក្រុងហ្សាកាតា នៅក្នុងការប្រកួតពូល C វគ្គជម្រុះជុំទី៣…

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបានធ្វើឱ្យកក្រើកទ្វីបអាស៊ី ក្រោយបំបាក់អារ៉ាប៊ីសាអូឌីត ដោយលទ្ធផល ២-០ នៅទីក្រុងហ្សាកាតា នៅក្នុងការប្រកួតពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ។

ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Gelora Bung Karno Main ចាប់ផ្តើមឡើងដោយម្ចាស់ផ្ទះឥណ្ឌូណេស៊ីបើកការវាយសម្រុកឥតឈប់ឈរ ធ្វើឱ្យតំបន់ការពារដ៏រឹងមាំរបស់អារ៉ាប៊ីសាអូឌីតស្ថិតក្រោមសម្ពាធភ្លាមៗ។ ការសម្រុកពីម្ចាស់ផ្ទះបានបង្កើតឱកាសមាសដល់ខ្សែបម្រើប្រយុទ្ធវ័យក្មេង Marselino Ferdinan អាយុ២០ឆ្នាំ អាចរកបាន២គ្រាប់ជ័យជម្នះម្នាក់ឯង នៅនាទី៣២ និង៥៧។ ហើយបើទោះបីជានាទីបន្តបន្ទាប់ក្រុមភ្ញៀវដាក់សម្ពាធយ៉ាងខ្លាំង និងខ្សែការពារឥណ្ឌូណេស៊ី Justin Hubner ទទួលបានកាតលឿងលើកទី២ ស្មើនឹងកាតក្រហមនៅនាទី៨៩ យ៉ាងណាក៏ដោយ ក៏លទ្ធផលជ័យជម្នះនេះបានរក្សាដល់អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ជ័យជម្នះលើក្រុមគីឡូ World Cup អារ៉ាប៊ីសាអូឌីត គឺជាការឈ្នះលើកដំបូងរបស់ឥណ្ឌូណេស៊ីនៅក្នុងវគ្គជម្រុះជុំទី៣ World Cup 2026 ប្រចាំទ្វីបអាស៊ី ដោយពួកគេឡើងទៅឈរនៅចំណាត់ថ្នាក់ លេខ ៣ក្នុងពូល C តាមពីក្រោយអូស្ត្រាលីនៅលេខ២ និងជប៉ុននៅកំពូលតារាង ខណៈការប្រកួតបន្ទាប់របស់ឥណ្ឌូណេស៊ី ត្រូវប៉ះអូស្ត្រាលី។

ឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Shin Tae-yong គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានបំបែកកំណត់ត្រាថ្មី ក្លាយជាក្រុមអាស៊ានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជម្រុះជុំទី៣ FIFA World Cup ក្រោយរកបាន៦ពិន្ទុ ឆ្លងកាត់៦ប្រកួតកន្លងមក។ ដូច្នេះពួកគេបានកំណត់គោលដៅថ្មី សម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍នៅលើឆាកអន្តរជាតិ។

ការបរាជ័យក្រោមថ្វីជើងក្រុមមកពីអាស៊ីអាគ្នេយ៍ អារ៉ាប៊ីសាអូឌីតក្រុមបទពិសោធន៍ចូលរួមប្រកួតពានរង្វាន់ World Cup ៦លើក កំពុងតែបង្ហាញការព្រួយបារម្ភ ដោយឈរនៅលេខ៤ មាន៦ពិន្ទុ ប៉ុន្តែឥណ្ឌូណេស៊ីមានប្រៀបជាងលើផលសងគ្រាប់បាល់បញ្ចូលទី ដ្បិតប្រកួតបន្ទាប់ពួកគេគេត្រូវប៉ះក្រុមជើងខ្លាំងជប៉ុន។ ឥណ្ឌូណេស៊ី គឺជាក្រុមអាស៊ានតែមួយគត់ ដែលអាចឡើងទៅដល់វគ្គនេះ ដោយស្ថិតក្នុងពូល C ជាមួយជប៉ុន, អារ៉ាប៊ីសាអូឌីត, បារ៉ែន, អូស្ត្រាលី និងចិន។

គួរបញ្ជាក់ថា វគ្គជម្រុះជុំទី៣ ត្រូវបានចែកចេញជា៣ពូល នៅក្នុង១ពូលមាន៦ក្រុម ត្រូវធ្វើការប្រកួត២ជើង ហើយ២ក្រុមកំពូលតារាងទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតជុំចុងក្រោយពានរង្វាន់ World Cup ឆ្នាំ ២០២៦ ដែលប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះរួមគ្នា។ ចំណែកក្រុមលេខ៣ និង៤ ត្រូវបន្តឆ្លងកាត់ការប្រកួតវគ្គជម្រុះជុំទី៤ បន្តទៀត៕ ដកស្រង់ ៖ ASEAN FOOTBALL, AFC, Al Jazeera និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ