ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មុខ​ផ្សារ​អ្នក​លឿង​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធុញទ្រាន់​ជា​ខ្លាំង

6 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​នាំ​គ្នា​រអ៊ូរទាំ​ជា​ខ្លាំង​រឿង​ចរាចរណ៍​នៅ​មុខ​ផ្សារ​អ្នក​លឿង​ដែល​តែងតែ​កកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក​ទាំង​ល្ងាច​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង ។ ពលរដ្ឋ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មុខ​ផ្សារ​អ្នក​លឿង និង​កែង​ផ្សារ​ត្រង់​ចំណុច​ក្រុមហ៊ុន​ម៉ូតូ​ហុងដា…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​នាំ​គ្នា​រអ៊ូរទាំ​ជា​ខ្លាំង​រឿង​ចរាចរណ៍​នៅ​មុខ​ផ្សារ​អ្នក​លឿង​ដែល​តែងតែ​កកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក​ទាំង​ល្ងាច​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង ។

ពលរដ្ឋ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មុខ​ផ្សារ​អ្នក​លឿង និង​កែង​ផ្សារ​ត្រង់​ចំណុច​ក្រុមហ៊ុន​ម៉ូតូ​ហុងដា តែងតែ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​ស្ទះ​ម្តង​ៗ​រយៈពេល​រាប់​ម៉ោង ដោយសារ​តែ​ផ្លូវកែង​ផ្សារ​នេះ​តូច​ចង្អៀត តែ​រថយន្ត​ឆ្លងកាត់​សុទ្ធតែ​ជា​រថយន្ត​ធំ​ៗ ប្រភេទ​រថយន្ត​យី​ឌុ​ប និង​រថយន្ត​វ៉េ​អង​សណ្ដោង​រ៉ឺ​ម៉ក បើក​ឆ្លងកាត់​ផ្លូវ​នេះ​ច្រើន​ពេក ។

ពលរដ្ឋ​បញ្ជាក់​ថា ក្រុម​រថយន្ត​វ៉េ​អង​ដឹកស្រូវ​យក​ទៅ​លក់​នៅ​ច្រកព្រំដែន​កោះ​រកា ចំណែក​រថយន្ត​យី​ឌុ​ប ចូល​ទៅ​ដឹក​ខ្សាច់​នៅ​តាម​ដេប៉ូ​ខ្សាច់​តាម​បណ្ដោយ​ដង​ទន្លេ ពេល​ដែល​រថយន្ត​ធំ​ៗ​ទាំងនេះ​បើក​មក​ប្រឈម​គ្នា​ម្ដង​ៗ​នៅ​ចំណុច​កែង​ផ្សារ​អ្នក​លឿង តែងតែ​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ជា​ប្រចាំ ទោះបី​មាន​អ្នក​ជួយ​សម្រួល​ចរាចរណ៍​យ៉ាងណា​ក៏​ដោយ ព្រោះ​រថយន្ត​ដឹកស្រូវ​ដឹក​ខ្សាច់​នេះ​ច្រើន​ពេក ។

ដូច្នេះ ពលរដ្ឋ​ទាំងអស់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​ពាម​រក៍ ជួយ​រៀបចំ​ផ្លូវ​វៀង​ឲ្យ​រថ​យន្ត​ដឹក​ខ្សាច់ បើក​វៀង​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង​វិញ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ​បែប​នេះ ព្រោះ​វា​ពិបាក​ណាស់ ។

លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៍បាន​បញ្ជាក់​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ផ្សារ​អ្នក​លឿង​នេះ គឺ​ពិតជា​កើត​មាន​រាល់ថ្ងៃ​មែន ហើយ​ដំណោះស្រាយ​មិនមែន​ថា គ្មាន​នោះ​ទេ គឺ​យើង​អាច​ឱ្យ​ក្រុម​រថយន្ត​ដឹក​ខ្សាច់ បើក​វៀង​ទៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង​បាន ប៉ុន្តែ​បញ្ហា​ត្រង់​ថា ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​នេះ ខាង​អាជ្ញាធរ​បាន​ដាក់​លូ​បិទ​ដើមផ្លូវ​ចុង​ផ្លូវ ហាមឃាត់​រថយន្ត​ធំ​ឆ្លងកាត់ បើ​ខាង​អាជ្ញាធរ​ដក​លូ​ទាំងនោះ​ចេញ​វិញ ឡាន​ដឹក​ខ្សាច់​អាច​បើក​វាង​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​វិញ នោះ​បញ្ហា​និង​លែង​មាន​ទៀត​ហើយ​។

ដោយឡែក លោក កែវ ពិសី អភិបាលស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​ថា ទំនប់​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង​នេះ ធ្លាប់​មាន​គេ​លួច​បើក​ឲ្យ​រថយន្ត​ឆ្លងកាត់​ម្ដង​ហើយ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​មន្ទីរ​សាធារណ​:​ការ​បញ្ជា​ឲ្យ​បិទ​វិញ ដោយ​សំអាង​ថា ផ្លូវ​ទំនប់​នេះ ធ្វើ​ដើម្បី​ទប់ទឹក​ការពារ​ក្រុង​អ្នក​លឿង​ប៉ុណ្ណោះ មិន​អាច​ទ្រ​នឹង​ទម្ងន់​ធ្ងន់​ៗ​របស់​រថយន្ត​ធំ​ៗ​ទាំងនោះ​បាន​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អភិបាលស្រុក​បាន​ទទួលស្គាល់​ថា ទីប្រជុំជន​អ្នក​លឿង​នេះ ពិតជា​មានការ​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ​មែន ហើយ​លោក​នឹង​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ និង​ទាក់ទង​ទៅ​ខាង​មន្ទីរ​សាធារណការ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​ទាល់តែ​
បាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ