ទីក្រុងម៉ូស្គូ៖ នៅថ្ងៃនេះ លោកពូទីនចេញសេចក្ដីព្រមានធ្ងន់ៗ និងត្រង់ៗទៅប្រទេសអាមេរិកដែលទើបតែត្រូវសារព័ត៌មានចុះផ្សាយថាលោកបៃដិនអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់គ្រាប់មីស៊ីលរបស់ខ្លួន (អាមេរិក) ដើម្បីបាញ់បានឆ្ងាយៗចូលទឹកដីរុស្ស៊ី។ លោកពូទីនបានធ្វើបច្ចុប្បន្នភាពនយោបាយនុយក្លេអ៊ែរជាថ្មីម្ដងទៀតដើម្បីកំណត់លក្ខខណ្ឌក្នុងការប្រើអាវុធនេះ។
យោងតាមការធ្វើបច្ចុប្បន្នភាពនយោបាយនុយក្លេអ៊ែរថ្មីដែលមានឈ្មោះថា «គោលការណ៍ជាមូលដ្ឋានរបស់រដ្ឋក្នុងការទប់ទល់ដោយនុយក្លេអ៊ែរ» បានកំណត់លក្ខខណ្ឌគំរាមកំហែងកម្រិតណាខ្លះដែលរុស្ស៊ីរក្សាសិទ្ធិប្រើនុយក្លេអ៊ែរវាយបកទៅវិញ។ យោងតាមគោលការណ៍ថ្មីនេះ រុស្ស៊ីនឹងពិចារណាប្រើនុយក្លេអ៊ែរ បើរុស្ស៊ី ឬបេឡារូសរងការវាយប្រហារដោយអាវុធធម្មតា។ សំខាន់ឱ្យតែជាការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី ឬចំណុចណា១នៃចំណុចទាំង២នេះ។
នយោបាយនុយក្លេអ៊ែរកាលពីឆ្នាំ២០២០ចែងថារុស្ស៊ីនឹងពិចារណាប្រើនុយក្លេអ៊ែរបើខ្លួនទទួលរងការវាយប្រហារដោយនុយក្លេអ៊ែរ ឬវាយប្រហារត្រឹមតែអាវុធធម្មតាក៏ដោយ ឱ្យតែមានសភាពធ្ងន់ធ្ងរគំរាមកំហែងដល់ជោគវាសនរបស់ជាតិ។ ក្រោយមក រុស្ស៊ីធ្វើបច្ចុប្បន្នភាពឡើងវិញដោយរក្សាសិទ្ធិប្រើនុយក្លេអ៊ែរបើខ្លួនរងការវាយប្រហារពីប្រទេសដទៃដែលមិនមែនជារដ្ឋនុយក្លេអ៊ែរ ប៉ុន្តែគាំទ្រដោយរដ្ឋនុយក្លេអ៊ែរ។ ឧទាហរណ៍ អ៊ុយក្រែនបាញ់មីស៊ីលចូលរុស្ស៊ី ហើយត្រូវអាមេរិកប្រកាសគាំទ្រ។
កាលនោះ រុស្ស៊ីក៏រក្សាសិទ្ធិប្រើនុយក្លេអ៊ែរផងដែរបើខ្លួនទទួលរងការវាយប្រហារទ្រង់ទ្រាយធំផ្គុំគ្នាដោយយន្តហោះចម្បាំងហោះងងឹតមេឃ ឬដោយមីស៊ីលបណ្ដែត និងយន្តហោះដ្រូន។ វិមានក្រឹមឡាំងថ្លែងថារុស្ស៊ីចាត់ទុកអាវុធនុយក្លេអ៊ែរជារបស់សម្រាប់ទប់ទល់។ ការធ្វើបច្ចុប្បន្នភាពនយោបាយនុយក្លេអ៊ែរថ្ងៃនេះដើម្បីជាការផ្ដាំទុកឱ្យហើយដោយពាក្យពេចន៍ច្បាស់ៗថាបើពួកបច្ចាមិត្តហ៊ានវាយប្រហាររុស្ស៊ី សូមកុំសង្ឃឹមថារួចខ្លួនឱ្យសោះ។ ពួកគេនឹងទទួលរងការវាយបកវិញជាមិនខាន។
សព្វថ្ងៃនេះ គ្រាន់តែអាមេរិក និងរុស្ស៊ីមានអាវុធនុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងច្រើនលើសលប់រហូតដល់៨៨%នៃពិភពលោក។ អាវុធទាំងនេះអាចបំពាក់នៅលើគ្រាប់មីស៊ីលអន្តរទ្វីប អាចទម្លាក់ពីលើយន្តហោះ ឬបំពាក់នៅលើនាវាមុជទឹក។ សម្រាប់អាមេរិក មានតែប្រធានាធិបតីអាមេរិកម្នាក់គត់អាចមានសិទ្ធិបញ្ជាឱ្យបាញ់នុយក្លេអ៊ែរក្នុងនាមជាអគ្គបញ្ជាការកងទ័ព។
ចំណែកនៅប្រទេសរុស្ស៊ី មានតែលោកពូទីនម្នាក់គត់ក្នុងនាមជាប្រមុខរដ្ឋរុស្ស៊ីដែលមានសិទ្ធិបញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរ។ ដំណឹងដែលថាលោកបៃដិនអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយម៉ាកអាត់តាខំ (ATACOMS) ចូលទឹកដីរុស្ស៊ីនោះគេអាចដឹងតាមរយៈការចុះផ្សាយនៅលើទំព័រសារព័ត៌មានដែលដកស្រង់ពីប្រភពមិនបញ្ចេញឈ្មោះតែប៉ុណ្ណោះ។
ប៉ុន្តែគេមិនទាន់ស្ដាប់ឮសេចក្ដីប្រកាសជាផ្លូវការ និងជាលាយលក្ខណ៍អក្សរពីស្ថាប័នជាតិដូចជាក្រសួងការពារជាតិ (មន្ទីរបញ្ចកោណ), ក្រសួងការបរទេស ឬសេតវិមាននៅឡើយទេ។ ឆ្លើយតបចំពោះព័ត៌មានដែលថាលោកបៃដិនអនុញ្ញាតឱ្យធ្វើដូច្នេះ អ្នកនាំពាក្យវិមានក្រឹមឡាំងចាប់ផ្ដើមធ្វើអត្ថាធិប្បាយជាបណ្ដើរៗហើយ។ អ្នកនាំពាក្យរូបនេះថ្លែងថាកងទ័ពរុស្ស៊ីកំពុងតាមដានបញ្ហានេះដោយយកចិត្តទុកដាក់បំផុតដើម្បីចង់ដឹងថាតើអ៊ុយក្រែនពិតជាហ៊ានបាញ់មីស៊ីលទាំងនោះដែរឬទេ៕
ចែករំលែកព័តមាននេះ