ទីក្រុងប៊ែឡាំង៖ អធិការបតីអាល្លឺម៉ង់ លោកអូឡាស់ សូល (Olof Scholz) បន្ទាប់ពីត្រូវគេរិះគន់ខ្លាំងៗពាក់ព័ន្ធនឹងការហៅទូរស័ព្ទទៅលោកពូទីន និងសន្ទនាគ្នារយៈពេលមួយម៉ោងកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះរួចមក ថ្ងៃនេះ លោកចេញមកបញ្ជាក់ជំហរច្បាស់ៗត្រង់ចំណុចនេះ និងនិយាយការពារទង្វើរបស់គាត់។ លោកសូលបកស្រាយថាមិនមែនលោកចង់និយាយទូរស័ព្ទទៅលោកពូទីនប៉ុន្មានទេ។ ប៉ុន្តែនេះជាការចាំបាច់ណាស់ដែលលោកត្រូវតែធ្វើដូច្នេះដោយខានពុំបាន។
នៅក្នុងឱកាសនោះ លោកទាំង២បាននិយាយគ្នាពាក់ព័ន្ធនឹងបច្ចុប្បន្នភាព និងស្ថានភាពសង្គ្រាមអ៊ុយក្រែន និងការស្វែងរកដំណោះស្រាយ។ នោះជាការនិយាយសន្ទនាគ្នាដោយផ្ទាល់រវាងលោកទាំង២ជាលើកដំបូងនៅក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយ។ ម៉្យាងទៀត នៅសល់តែបីខែទៀតប៉ុណ្ណោះ ប្រទេសអាល្លឺម៉ង់នឹងរៀបចំការបោះឆ្នោតមុនអាណត្តិ។
លោកសូលត្រូវគេសង្កេតឃើញជាទូទៅថាលោកប្រឈមនឹងការចាញ់ឆ្នោត។ មូលហេតុដោយសារប្រជាប្រិយភាពរបស់គាត់កំពុងស្រុតចុះយ៉ាងខ្លាំង។ ដូច្នេះ គេមិនដឹងថាតើការនិយាយទូរស័ព្ទលើកនេះអាចនឹងធ្វើឱ្យលោកចំណេញ ឬខាតផ្នែកនយោបាយ។ ក្រុមខាងឆ្វេង និងខាងស្ដាំកំពុងនិយាយរំអុកថាប្រទេសអាល្លឺម៉ង់ត្រូវតែកែសម្រួលនយោបាយការបរទេស។
ក្រុមអ្នករិះគន់ចំពោះការនិយាយទូរស័ព្ទនោះរួមទាំងលោកហ្សេឡិនស្គីផងដែរយល់ថាការហៅទូរស័ព្ទនោះអាចជាការហុចដងដាវឱ្យសត្រូវ។ ពួកគេយល់ថាចង់ឬមិនចង់ ការហៅទូរស័ព្ទជាឯកតោភាគីបែបនេះធ្វើឱ្យលោកពូទីនសម្លឹងឃើញថាជាការបែកបាក់សាមគ្គីគ្នានៅក្នុងចំណោមក្រុមបស្ចិមប្រទេស។ ពួកគេយល់ថាធ្វើបែបនេះដើម្បីបានចំណេញនយោបាយតែម្នាក់ឯង ហើយសុខចិត្តឱ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។ មិនខុសពី «រុះជញ្ជាំងផ្ទះអ្នកដទៃដើម្បីស្ងោរពងមាន់របស់ខ្លួនឯង»។
ប៉ុន្តែលោកសូលមិនគិតដូច្នេះទេ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់រូបនេះបកស្រាយថាវាជារឿងសំខាន់ដែលត្រូវតែលោកជជែកគ្នាជាមួយលោកពូទីនដោយផ្ទាល់ និងប្រាប់គាត់ថាគាត់មិនអាចស្រមៃគិតថាទំហំនៃការគាំទ្រចំពោះអ៊ុយក្រែនពីសំណាក់ប្រទេសអាល្លឺម៉ង់ អឺរ៉ុប និងប្រទេសដទៃទៀតអាចនឹងថយចុះនោះទេ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាការសន្ទនាគ្នានោះមានលក្ខណៈស៊ីជម្រៅណាស់ មិនមែនសើៗលំៗនោះឡើយ។
ប៉ុន្តែលោកសូលទទួលស្គាល់ថាលោកពូទីនប្រកាន់ជំហររឹងមាំដូចដែកថែប។ គាត់គ្មានកែប្រែទស្សនៈរបស់គាត់ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនសូម្បីតែបន្តិច។ ត្រង់ចំណុចនេះហើយដែលលោកសូលយល់ថាជាដំណឹងមិនល្អទាល់តែសោះ។ ការហៅទូរស័ព្ទនេះចំពេលដែលភាគីទាំង២ចាប់ផ្ដើមបង្កើនការប្រាស្រ័យទាក់ទងគ្នាកាន់តែញឹកញាប់រវាងបស្ចិមប្រទេស និងម៉ូស្គូ។
អគ្គលេខាធិការអង្គការសហប្រជាជាតិដែលជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ផងដែរនោះបានចូលរួមកិច្ចប្រជុំកំពូលប្រ៊ីក (BRICS) ដែលរៀបចំនៅប្រទេសរុស្ស៊ី។ គេរំពឹងថានៅខែធ្នូខាងមុខនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូលនៅម៉ាល់តាដែលជាសមាជិកសហភាពអឺរ៉ុប។ ដូច្នេះ ឃើញថាលោកខាងលិច និងរុស្ស៊ីចាប់ផ្ដើមបោះដៃរកគ្នាជាបណ្ដើរៗ។ គ្រាន់តែថាមិនទាន់ធ្វើទំនាក់ទំនងដោយផ្ទាល់នៅឡើយទេ គ្រាន់តែជាលក្ខណៈលឹបលរចុះឡើងៗដើម្បីស្ទង់ចិត្តគ្នា។
អឺរ៉ុបកំពុងមានអារម្មណ៍មិនសូវស្រណុកខ្លួនប៉ុន្មានទេនៅពេលលោកត្រាំនឹងឡើងកាន់អំណាចនៅដើមឆ្នាំក្រោយ។ ឥឡូវនេះ លោកត្រាំតែងតាំងមន្ត្រីទទួលបន្ទុកខាងកិច្ចការបរទេស, សន្តិសុខជាតិ និងការពារជាតិសុទ្ធតែជាមនុស្សដែលអាចងាយស្រួលនិយាយស្ដាប់គ្នាបានជាមួយទីក្រុងម៉ូស្គូ។ ត្រង់ចំណុចនេះហើយដែលលោកសូលយល់ថាលោកត្រូវតែចេះចាប់ឱកាស។ លោកថ្លែងថាបើបណ្ដោយឱ្យអាមេរិក និងរុស្ស៊ីក្លាយជាមេចំណែក ឬតួឯក (superstar)តែម្នាក់ឯងនៅក្នុងការស្វែងរកសន្តិភាពឱ្យអ៊ុយក្រែនហាក់ដូចជាសូវសមប៉ុន្មានទេ។ លោកយល់ថាអឺរ៉ុបត្រូវតែមានចំណែកនៅក្នុងរឿងនេះដែរក្នុងនាមអ៊ុយក្រែនជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុប៕
ចែករំលែកព័តមាននេះ