ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo អវត្តមានប្រកួតទល់នឹងក្រួអាត ខណៈដំណឹងចូលនិវត្តន៍កំពុងតែផ្ទុះខ្លាំង

6 ម៉ោង មុន

ប្រទេសព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo បានអវត្តមានការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទល់នឹងក្រុមម្ចាស់ផ្ទះក្រូអាត នៅក្នុងពានរង្វាន់ UEFA Nations League…

ប្រទេសព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo បានអវត្តមានការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទល់នឹងក្រុមម្ចាស់ផ្ទះក្រូអាត នៅក្នុងពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ ពោលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបង្កើតចំណងជាច្រើនលើសារព័ត៌មានជុំវិញពិភពលោក ពាក់ព័ន្ធនឹងគម្រោងចូលនិវត្តន៍ពីអាជីពរបស់ខ្លួន។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Al Nassr ពុំបានរួមដំណើរជាមួយក្រុមបញ្ចខែលព័រទុយហ្គាល់ទៅកាន់កីឡដ្ឋាន Poljud ដើម្បីតទល់ជាមួយម្ចាស់ផ្ទះក្រូអាតឡើយ សម្រាប់ការប្រកួតចុងក្រោយក្នុងពូល ១ នៃលីគ A ពានរង្វាន់ UEFA Nations League កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ខណៈក្រុមទាំងពីរបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។

ការអវត្តមានប្រធានក្រុម Cristiano Ronaldo ពុំមែនមកពីបញ្ហាណាមួយឡើយ ខណៈ លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់បានបញ្ជាក់មុនការប្រកួតហើយថា ការមិនបញ្ចូលឈ្មោះ Ronaldo សម្រាប់ប្រកួតនេះ ដោយសារជាជំនួបចុងក្រោយក្នុងពូល។ ដ្បិតព័រទុយហ្គាល់កក់កៅអីវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិរួចទៅហើយ ពោលគឺក្រោយការឈ្នះក្រុមភ្ញៀវប៉ូឡូញ ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ស្របពេល Ronaldo ក៏រកបាន២គ្រាប់ផងដែរ។ ឆ្លងកាត់ទាំង៦ប្រកួតនៅក្នុងពូល ១ លីគ A ព័រទុយហ្គាល់ដឹកដៃក្រូអាតឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ចំណែកស្កុតឡែនសល់ឱកាសលេង Play-off រក្សាកៅអីនៅលីគ A រដូវកាលក្រោយ ខណៈដែលប៉ូឡូញធ្លាក់ទៅលីគ B ដោយស្វ័យប្រវត្តិ។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo កាលពីថ្មីៗនេះ ទើបតែបង្កើតភាពរំជើបរំជួលខ្លាំងលើបណ្តាសារព័ត៌មានជុំវិញពិភពលោក ពាក់ព័ន្ធនឹងគម្រោងចូលនិវត្តន៍ពីអាជីពដ៏ជោគជ័យរបស់ខ្លួន។ ថ្លែងនៅក្រោយជ័យជម្នះរបស់ព័រទុយហ្គាល់លើប៉ូឡូញ អតីតខ្សែប្រយុទ្ធក្លិប Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះបានឱ្យដឹងដូច្នេះថា «ខ្ញុំគ្រាន់តែចង់រីករាយជាមួយនឹងបាល់ទាត់។ ប្រសិនបើចូលនិវត្តន៍នោះត្រូវតែកើតឡើងក្នុងរយៈពេលមួយ ឬពីរឆ្នាំទៀត ខ្ញុំមិនច្បាស់ទេ។ ខ្ញុំឈានចូលវ័យ៤០ឆ្នាំឆាប់ៗនេះ ខ្ញុំពិតជាចង់រីករាយជាមួយវា ហើយដរាបណាខ្ញុំនៅតែមានអារម្មណ៍នៃការតាំងចិត្ត ខ្ញុំនឹងនៅតែបន្ត។ ប៉ុន្តែបើថ្ងៃដែលខ្ញុំអស់អារម្មណ៍បែបនោះ ខ្ញុំនឹងចូលនិវត្តន៍»។

គួរបញ្ជាក់ថា ការឈ្នះលើប៉ូឡូញ Cristiano Ronaldo រកឃើញជ័យជម្នះការប្រកួតអន្តរជាតិលើកទី ១៣២ ដោយបំបែកកំណត់ត្រាអតីតមិត្តរួមក្រុម Real Madrid ខ្សែការពារ Sergio Ramos ឈ្នះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញចំនួន ១៣១ប្រកួត។ ទោះបីជាបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតជាមួយក្រុម Al Nassr ក៏ពិតមែន ប៉ុន្តែ Ronaldo ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការព្យួរស្បែកជើងអាជីពបាល់ទាត់។ ហើយវាកើតឡើងបន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលវ័យ៣៩ឆ្នាំរូបនេះបានសារភាពថា ខ្លួនប្រហែលជាមិនអាចឈានដល់ការរកគ្រាប់បញ្ចូលទីគ្រាប់ទី១ពាន់ក្នុងអាជីពនោះទេ ដ្បិតបច្ចុប្បន្នរូបគេកំពុងឈរជាកីឡាករបាល់ទាត់រកគ្រាប់បញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ ពោលចំនួន ៩១០គ្រាប់ទាំងក្លិប និងជម្រើសជាតិ៕ ប្រភព ៖ talkSPORT, beIN SPORTS និង AS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ