ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបន្ថែមថ្ងៃឈប់សម្រាកនៅឆ្នាំក្រោយ ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

6 ម៉ោង មុន

ប្រទេសថៃ ៖ គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានអនុម័តបន្ថែមថ្ងៃឈប់សម្រាកសាធារណៈសម្រាប់ឆ្នាំក្រោយ និងខែមករា ឆ្នាំ ២០២៦ ដោយហៅថា ថ្ងៃឈប់សម្រាកចុងសប្តាហ៍រយៈពេលវែង…

ប្រទេសថៃ ៖ គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានអនុម័តបន្ថែមថ្ងៃឈប់សម្រាកសាធារណៈសម្រាប់ឆ្នាំក្រោយ និងខែមករា ឆ្នាំ ២០២៦ ដោយហៅថា ថ្ងៃឈប់សម្រាកចុងសប្តាហ៍រយៈពេលវែង ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទាំងមូល។ ហើយតាមរយៈការអនុម័តនេះ ប្រទេសថៃនឹងមានថ្ងៃឈប់សម្រាកចំនួន ២១ថ្ងៃ នៅឆ្នាំ ២០២៥។

ឧបនាយករដ្ឋមន្ត្រី លោក ភូមថាំ វីឆាយ៉ាឆៃ (Phumtham Wechayachai) បានប្រកាសថា ការបន្ថែមថ្ងៃឈប់សម្រាកនៅឆ្នាំក្រោយ គឺនៅថ្ងៃចន្ទ ទី២ ខែមិថុនា និងថ្ងៃចន្ទ ទី១១ ខែសីហា ដោយភ្ជាប់ជាមួយថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយានី នៅថ្ងៃអង្គារ ទី៣ ខែមិថុនា និងទិវាមាតា នៅថ្ងៃអង្គារ ទី១២ ខែសីហា បង្កើតឱ្យមានថ្ងៃឈប់ចុងសប្តាហ៍រយៈពេល៤ថ្ងៃ។ ការបន្ថែមថ្ងៃឈប់សម្រាកផ្សេងទៀត គឺនៅថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ ២០២៦ ដោយបន្ថែមការថ្ងៃឈប់សម្រាកចូលឆ្នាំសកលដល់៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦។

ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្ថែមថ្ងៃឈប់សម្រាកសាធារណៈ ដើម្បីជួយឧស្សាហកម្មធ្វើដំណើរ និងជម្រុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ក្រោយជំងឺកូរីដ១៩ ខណៈវិស័យទេសចរណ៍រួមចំណែកប្រហែល ១២% នៃ GDP សរុប និងជិត ១/៥ (មួយភាគប្រាំ) នៃការងាររបស់ប្រទេសថៃ។ ការប្រកាសបន្ថែមថ្ងៃឈប់សម្រាកនេះ ក៏ស្របទៅនឹងចំណាត់ការរបស់រដ្ឋបាលនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ក្នុងការកំណត់ទិសដៅឆ្នាំក្រោយគឺជាឆ្នាំទេសចរណ៍ និងកីឡាផងដែរ។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី សាស៊ីកាន វឌ្ឍនាចាន់ (Sasikan Wattanachan) បានឱ្យដឹងថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរបរទេសប្រហែល ៣០លាននាក់បានចូលមកប្រទេសថៃ ដើម្បីបំពេញតាមគោលដៅរដ្ឋាភិបាល នៃការស្វាគមន៍ភ្ញៀវបរទេសចំនួន ៣៦.៧លាននាក់ នៅឆ្នាំនេះ។ កាលពីឆ្នាំ ២០១៩ ប្រទេសថៃបានឃើញការមកដល់របស់ភ្ញៀវបរទេសជិត ៤០លាននាក់ ដែលបង្កើតប្រាក់ចំណូលបាន ៦០ពាន់លានដុល្លារអាមេរិក មុនពេលការរីករាលដាលជំងឺកូវីដ១៩ បានបំផ្លាញវិស័យនេះ។

យោងតាមវេទិកាធ្វើដំណើរទេសចរណ៍ Agoda បានឱ្យដឹងថា អ្នកទេសចរបរទេសពេញចិត្តចំពោះប្រទេសថៃ សម្រាប់ការកម្សាន្តពេលរាត្រី តំបន់ឆ្នេរ និងឧទ្យានជាតិដ៏រស់រវើក ហើយការទាក់ទាញនេះ កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកកំណត់ត្រាមុនកើតជំងឺកូវីដ១៩ ស្របពេលដែលតម្រូវការធ្វើដំណើរនៅជុំវិញពិភពលោក កំពុងតែស្ទុះងើបឡើងវិញគួរកត់ឱ្យសម្គាល់៕ (ដកស្រង់ ៖ Bangkok Post, Nation Thailand និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ