រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ជាន់ទី១ ក្នុងផ្ទះល្វែងមួយកន្លែង បណ្តាលអោយខូចខាតស្ទើរទាំងស្រុង រួមសម្ភារៈមួយចំនួនផងដែរ ។
ហេតុការណ៍ខាងលើនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង៤០នាទីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង នៅតាមបណ្តោយផ្លូវ ១៦៧ ក្នុងសង្កាត់ទួលទំពូងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីម្ចាស់ផ្ទះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់នៅជាន់ក្រោមកំពុងមើលក្រុមជាងជួសជុលផ្ទះ ខណៈនោះក៏មានផ្សែងហ៊ុយខ្មៅ ចេញពីបន្ទប់ជាន់ទី០១ ភ្លាមៗគាត់រត់ស្ទុះទៅយកបំពង់ពន្លត់ ដើម្បីបាញ់ដែរ ប៉ុន្តែដោយសារផ្សែងច្រើនមិនអាចពន្លត់បាន គាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ ។
អគ្គិភ័យនេះបង្កអោយឆាបឆេះបន្ទប់ ចំនួន០១ ស្ទើរទាំងស្រុង រួមនឹង ម៉ាសុីនត្រជាក់០១គ្រឿង នឹង កុំព្យូទ័រចំនួន០១ ក្នុងនោះបានប្រើប្រាស់រថយន្តចំនួន ០៧គ្រឿង មានរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ ស្នងការរាជធានីភ្នំពេញ ០៥គ្រឿង នឹងរថយន្តពន្លត់របស់ទីក្រុង កោះពេជ្រ ០២គ្រឿងបាញ់រហូតអោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋាន បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ចែករំលែកព័តមាននេះ