កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារកេរដំណែលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាជាច្រើនដូចជា ល្ខោនស្រមោលស្បែក ល្ខោនខោល គុនល្បុក្កតោ និងចាប៉ីដងវែង មិនមែនបញ្ចប់ត្រឹមតែការនាំយកនូវរតនៈសម្បត្តិទាំងនេះ ទៅចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូតែប៉ុណ្ណឹង គឺចប់នោះទេ ។ វាទាមការការពារ និងសកម្មភាពជាបន្ទាន់ជាច្រើនបន្ថែមទៀត ។
ការចុះបញ្ជីលើកេរដំណែលទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែវាគ្រាន់តែជាចំណុចចាប់ផ្តើមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថា រតនសម្បត្តិទាំងនេះនៅស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ ។ ល្ខោនស្រមោលស្បែកក្តី ល្ខោនខោលក្តី គុនល្បុក្កតោក្តី និងចាប៉ីដងវែងក្តី គឺសុទ្ធតែចុះបញ្ជីនៅក្នុងខែធ្នូ គ្រាន់តែទីកន្លែងចុះបញ្ជីផ្សេងគ្នា និងឆ្នាំខុសគ្នាប៉ុណ្ណោះ ។ ដូច្នេះហើយបានជាយើងចាំបាច់ត្រូវតែរំលេចពី វា ។ បើមិនដូច្នេះទេ យើងអាចនឹងធ្វេសប្រហែសដែលអាចនឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង និងការពារ ។
ជាការពិតទម្រង់សិល្បៈទាំងនេះ បង្កប់នូវប្រវត្តិសាស្ត្រ ស្មារតី និងអត្តសញ្ញាណរបស់ខ្មែររាប់សតវត្ស ។ មហោស្រពស្រមោលខ្មែរជាមួយនឹងរូបស្បែកដែលឆ្លាក់យ៉ាងល្អិតល្អន់ ឆ្លុះបញ្ចាំងពីរឿងរាមាយណៈ និងវីរភាពផ្សេងទៀតលាយឡំការសម្តែង និងសិល្បៈទស្សនីយភាព ។ ល្ខោនខោល ជាការសម្តែងខាងវិញ្ញាណដែលបង្កប់ក្នុងទេវកថា និងពិធីសាសនា ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណទាំងទម្រង់នៃវិន័យរាងកាយ និងបច្ចេកទេសប្រយុទ្ធនាសម័យបុរាណ ។ ចំណែកចាប៉ីដងវែងក៏មានតម្លៃមួយដោយសារតែវាជាទម្រង់នៃការនិទានរឿងតាមរយៈតន្ត្រីដែលជាស្ពាននៃសិល្បៈខាងអារម្មណ៍ លាយឡំភាពកំប្លែង សីលធម៌ និងប្រវត្តិសាស្ត្រ ។
កេរដំណែលប្រពៃណីទាំងនេះ បានរួចឆ្លងផុតពីការបំផ្លិចបំផ្លាញដោយសង្គ្រាម អាណានិគមនិយម និងទំនើបកម្ម ប៉ុន្តែឥឡូវនេះវាកំពុងប្រឈមមុខនឹងការគំរា.មកំហែ.ងថ្មី គឺកង្វះអ្នកចូលរួម និងការគាំទ្រការលើកទឹកចិត្ត ស្របពេលដែលផលប្រយោជន៍មានកម្រិត ។ ការទទួលស្គាល់ដោយអង្គការយូណេស្កូផ្តល់នូវការមើលឃើញគុណតម្លៃរបស់វាមួយជ្រុង ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ប្រសិនបើមិនមានសកម្មភាពរួមដ៏រឹងមាំ ដើម្បីធានារការរស់ឡើងវិញ និងទ្រទ្រង់នូវរតនៈសម្បត្តិទាំងនេះ ។
ដើម្បីធានានិរន្តភាព និងជីបចរឲ្យកេរដំណែលរតនៈវត្ថុអរូបិយទាំងនេះបន្តមានតទៅទៀត សង្គមកម្ពុជាគួរតែមានការបញ្ជ្រាបវាចូលទៅក្នុងស្រទាប់នៃសង្គម ។ សាលារៀនគួរតែបញ្ចូលទម្រង់សិល្បៈទាំងនេះទៅក្នុងកម្មវិធីសិក្សាឲ្យទូលំទូលាយ ដោយលើកទឹកចិត្តកុមារឱ្យរៀនមិនត្រឹមតែបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្លៃវប្បធម៌ផងដែរ ។
ក្រៅពីនេះគោលនយោបាយជាតិគួរតែបែងចែកថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាលកន្លែងសម្តែង និងពិធីបុណ្យនានា ដែលអបអរសាទរទម្រង់សិល្បៈទាំងនេះ ។ កម្មវិធីបំពាក់បំប៉នអាហារូបករណ៍សម្រាប់និស្សិត និងជំនួយសម្រាប់សិល្បករនឹងលើកទឹកចិត្តឱ្យមានការចូលរួមក៏ជារឿងគួរតែគិតគូរ ។ លើសពីនេះទៀត ការបង្កើតមជ្ឈមណ្ឌលបេតិកភណ្ឌអាចបម្រើជាមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងការអនុវត្តការសំដែងក៏សំខាន់ ។
ក្រៅពីការអភិរក្សចេញហើយ ការច្របាច់បញ្ចូលគ្នាជាមួយនឹងទំនើបកម្មបច្ចេកវិទ្យាក៏គួរតែលើកកម្ពស់ ជាពិសេស គឺការប្រើប្រាស់វេទិកាឌីជីថលដែលអាចជួយរក្សា និងផ្សព្វផ្សាយប្រពៃណីទាំងនេះ ។ ភាពយន្តឯកសារការបង្រៀនតាមអ៊ីនធើណិត និងការសម្តែងនិម្មិតអាចជាវិធីជួយបង្កើនការផ្សព្វផ្សាយទៅដល់ទស្សនិកជន ទូទាំងពិភពលោក និងជំរុញឱ្យមានការកោតសរសើរថ្មីសម្រាប់ទម្រង់សិល្បៈទាំងនេះ ។ ការបង្កើតបណ្ណសារឌីជីថលធានាថា ការអនុវត្តទម្រង់សិល្បទាំងនេះក៏ជាការធានាការពារមួយជ្រុងបន្ថែមផងដែរ ។
ដោយឡែកយុទ្ធនាការជាតិដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ វេទិកាសង្គម និងព្រឹត្តិការណ៍សាធារណៈក៏អាចបង្កើតការរំភើបជុំវិញប្រពៃណីទាំងនេះ ។ ការយកចិត្តទុកដាក់ជាពិសេសគួរតែត្រូវបានផ្ដល់ដល់ការជំរុញចំណាប់អារម្មណ៍ក្នុងចំណោមយុវជន ដែលមានសារៈសំខាន់ចំពោះការរស់រានមានជីវិតរបស់ពួកគេ។ ជាមួយគ្នានោះ ការកសាងភាពជាដៃគូជាមួយអង្គការវប្បធម៌អន្តរជាតិនានដែលទាក់ទាញ មូលនិធិ ជំនាញ និងវេទិកាសម្រាប់សិល្បករកម្ពុជា ក៏ជាចំណុចមួយដែល បង្ហាញការងាររបស់ពួកគេទូទាំងពិភពលោក។
សរុបទៅការទាក់ទាញបាននូវការទទួលស្គាល់ពីអង្គការយូណេស្កូ គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំការពារ និងអភិរក្សសម្បត្តិដ៏មានតម្លៃទាំងនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាក៏ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីបុគ្គល សហគមន៍ និងរដ្ឋាភិបាលកាន់តែជ្រាលជ្រៅបន្ថែមទៀត ។ សូមយកចិត្តទុកដាក់ពីព្រោះបេតិកភណ្ឌវប្បធម៌កម្ពុជា គឺជាសម្បត្តិបេតិកភណ្ឌ មិនត្រឹមតែសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល ។ វាជាកាតព្វកិច្ចរបស់យើងក្នុងការការពារវា ហើយតាមរយៈការបោះជំហានទាំងនេះប្រជាជនកម្ពុជាអាចធានាថា ល្ខោនស្រមោលស្បែក ល្ខោនខោល គុនល្បុក្កតោ និងចាប៉ីដងវែង នឹងអាចបន្តរីកចម្រើន និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ ទន្ទឹមនឹងការរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់យើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ