រាជធានីភ្នំពេញ ៖ ជារឿងគួរឱ្យអបអរផងដែរនៅពេលទទួលដំណឹងថាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាធឿន ធារ៉ា បានសម្រេចមហិច្ឆតារបស់ខ្លួនដណ្ដើមបានខ្សែក្រវាត់កម្រិតពិភពលោក និងផ្ទះវីឡាកូនកាត់មួយខ្នង ក្រោយផ្ដួលដៃគូ៣ប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេសឬ8 MEN TOURNAMENT ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅនេះ។
បើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត
ប្រទីប សំពះព្រះខែ និងអកអំបុក ស្ថានីយទូរទស្សន៍ សហការជាមួយអ្នកឧបត្ថម្ភកម្មវិធី
បានរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតពិភពលោកជាលើកទី២នៅកម្ពុជា (8MEN TOURNAMENT) ដែលមានកីឡាករជើងខ្លាំងមកពី៨ប្រទេសចូលរួម បន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំនេះ ធ្លាប់ធ្វើម្ដងរួចមកហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ ខណៈកាលនោះ កីឡាករ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់។
សម្រាប់ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេស ឬ 8 MEN TOURNAMENT លើកទីពីរនេះក៏មិនធម្មតាដែរ ដ្បិតកីឡាករទាំងប្រាំពីរប្រទេសសុទ្ធតែជាជើងខ្លាំង ដែលកីឡាករ ធឿន ធារ៉ា មិនអាចប្រហែសបាន ។ ជាក់ស្ដែង កីឡាករ VICTOR TEIXEIRA មកពីប្រេស៊ីលគឺជាជើងខ្លាំងមួយរូបដែលមានបទពិសោធជោកជាំនៅសង្វៀនបរទេស និងនៅប្រទេសថៃ, កីឡាករ DANIEL DESA មកពីប្រទេសន័រវែសក៏មិនធម្មតាដែរ រូបគេធ្លាប់ផ្តួលកីឡាករកូនខ្មែរកាត់បារាំង ចាន់ សីហា ម្ដងរួចហើយ។
ចំណែក កីឡាករ ALAN LEVEQUE មកពីប្រទេសបារាំង ក៏មានកេរ្តិ៍ឈ្មោះក្នុងពិភពប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងខ្លាំងដែរ។
ជាមួយគ្នានោះ ក៏មានកីឡាករ LI BAILIN មកពីប្រទេសចិន, កីឡាករ MARWEN HOULI មកពីទុយនេស៊ី, កីឡាករSTEVENS MATTHEW WILLIAM RICHARDមកពីអូស្ត្រាលី និងកីឡាករFEDARYNCHYK YAUHENIY មកពីបេឡារុស។
អ្នកគាំទ្របានលាន់មាត់ថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេស ឬ 8 MEN TOURNAMENT លើកទីពីរនេះ ពិតជាកក្រើកខ្លាំងជាងលើកទីមួយ ដោយសារកីឡាករ ធឿន
ធារ៉ា បានសម្ងំសំលៀងអាវុធរបស់ខ្លួនជាច្រើនខែមកហើយ ។ ជាពិសេសនោះ គឺការប្រើស្នៀត
ពូថៅដៃពិឃាដដែលជាអាវុធមុតស្រួចក្នុងការផ្ដួលគូប្រកួតរបស់ខ្លួនចំនួន៣រូបក្នុងការប្រកួត
ជម្រុះវិលជុំរហូតចុងក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ខាង
លើជាលើកទី២អមដោយប្រាក់រង្វាន់យ៉ាងក្រាស់ក្រែលជាមួយរង្វាន់ធំគឺផ្ទះវីឡាកូនកាត់មួយខ្នងថែមទៀតផង ៕
ចែករំលែកព័តមាននេះ