មាត់មានក្លិនអាចជារឿងគួរឱ្យខ្មាសអៀនមួយសម្រាប់មនុស្សគ្រប់រូប ហើយអ្វីដែលសំខាន់នោះ វាអាចធ្វើឱ្យដៃគូសន្ទនាមានអារម្មណ៍មិនល្អ ។ មនុស្សច្រើនណាស់ដែលមិនបានដឹងថា មាត់របស់ខ្លួនមានក្លិនស្អុយខណៈក្លិននេះផ្លាស់ប្តូរដោយអាស្រ័យលើប្រភពបង្ក ។
*តើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យមាត់មានក្លិនស្អុយ ?
កត្តាសំខាន់ៗរួមមាន ៖
១- អាហារ ៖ វត្តមានកម្ទេចអាហារដែលនៅជុំវិញធ្មេញអាចបង្កើនបរិមាណបាក់តេរីហើយបន្ទាប់មក វាក៏បណ្តាលឱ្យមានក្លិនស្អុយ ។ ការទទួលទានអាហារមួយចំនួនដូចជា ខ្ទឹមបារាំង មើមខ្ទឹមស បន្លែនិងគ្រឿងផ្សំដទៃទៀតក៏អាចបណ្តាលឱ្យមាត់និងដង្ហើមមានក្លិនស្អុយបានដែរ ។
២- ប្រើប្រាស់ផលិតផលថ្នាំជក់ ៖ ពិតណាស់ ការជក់បារីធ្វើឱ្យមាត់មានក្លិនមិនល្អ ។ អ្នកជក់បារីប្រឈមខ្ពស់នឹងជំងឺអញ្ចាញធ្មេញដែលជាប្រភពនាំឱ្យមាត់មានក្លិនមិនល្អ ។
៣- អនាម័យធ្មេញមិនបានល្អ ៖ ប្រសិនជាអ្នកមិនបានដុសសម្អាតធេ្មញដោយច្រាស និងខ្សែទៀងទាត់រាល់ថ្ងៃទេនោះ ចំណែកតូចៗដែលជាកាក់សំណល់អាហារនឹងបន្តស្ថិតនៅក្នុងមាត់របស់អ្នក ។ យូរៗទៅ កាកសំណល់ទាំងអស់នេះនឹងពូនផ្តុំទៅជាកំណកដុំកំបោររឹង ។ ដុំកំបោរនេះដែលគ្រូពេទ្យជំនាញអះអាងថា បណ្តាលឱ្យរលាកអញ្ចាញនិងមាត់មានក្លិន ។ ដោយឡែក ផ្នែកគ្រើមលើផ្ទៃរាបអណ្តាតក៏អាចចាប់យកពពួកបាក់តេរីនិងបង្កើតឱ្យមានក្លិនផងដែរ ។
៤- មាត់ស្ងួត ៖ ទឹកមាត់ក្រៅពីជួយរំលាយអាហារ វាក៏នៅជួយលាងសម្អាតមាត់និងបោសសម្អាតកម្ទេចអាហារពីមាត់ផងដែរ ។ លក្ខខណ្ឌមាត់ស្ងួតដែលគេហៅថា Xerostomia អាចធ្វើឱ្យខ្យល់ដង្ហើមមិនល្អ ។ ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើន(៧-៨កែវក្នុងមួយថ្ងៃ) ។ ជាទូទៅ មាត់មនុស្សស្ងួតអំឡុងពេលដេកលក់ ហើយនេះក៏ជាមូលហេតុដែលមនុស្សភ្ញាក់ពីដំណេកពេលព្រឹក មាត់មានក្លិនស្អុយដែរ ។ ចំណែកការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនអាចបណ្តាលឱ្យមាត់មានសភាពស្ងួតផងដែរ ។
៥- មានរោគឆ្លងក្នុងមាត់ ៖ ក្លិនមាត់អាចបណ្តាលមកពីរបួសដោយសារការវះកាត់ក្នុងនោះមានដូចជា ការដកធ្មេញ ជំងឺពុកធ្មេញ រលាកមាត់ និងជំងឺអញ្ចាញ ។
៦- ការរលាកច្រមុះបំពង់កនិងលក្ខខណ្ឌជំងឺផ្សេងៗ ៖ ការរលាកច្រមុះ ក្តោងច្រមុះឬបំពង់ករ៉ាំរ៉ៃក៏អាចបណ្តាលឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អផងដែរ ។
*តើគេគួរធ្វើដូចម្តេចខ្លះដើម្បីកាត់បន្ថយឬទប់ស្កាត់ខ្យល់ដង្ហើមមិនល្អនេះ ?
១- ដុសសម្អាតធ្មេញរៀងរាល់ពេលទទួលទានរួច ៈ ចូរដុសសម្អាតធ្មេញជាមួយនឹងថ្នាំដែលមានសារធាតុហ្វ្លរ៉ៃ ( Fluoride)ខ្ពស់យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីទទួលទានបាយរួច ។ ថ្នាំដុសធ្មេញដែលមានសារធាតុប្រឆាំងបាក់តេរីត្រូវបានអ្នកជំនាញអះអាងថា មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ក្លិនមាត់ ។
២- ចូរដុសសម្អាតធ្មេញដោយប្រើខ្សែយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ៖ ការប្រើខ្សែអាចជួយសម្អាតកម្ទេចអាហារដែលនៅតាមចន្លោះធ្មេញជាទីដែលច្រាសមិនអាចចូលទៅដល់ ។
៣- ដុសសម្អាតអណ្តាត ៖ អណ្តាតជាកន្លែងដែលបាក់តេរីតោងជាប់ ។ ដូច្នេះ ការដុសសម្អាតវាដោយប្រុងប្រយ័ត្នអាចជួយកាត់បន្ថយក្លិនមាត់ ។
៤-ចៀសវាងកុំឱ្យមាត់មានសភាពស្ងួត ៖ គួររក្សាឱ្យមាត់មានសំណើមជានិច្ចនិងផឹកទឹកឱ្យបានច្រើន ។ ចៀសវាងការជក់បារី ផឹកកាហ្វេ ភេសជ្ជៈកំប៉ុងដែលអាចបណ្តាលឱ្យមាត់កាន់តែស្ងួតជាងមុន ។ ការទំពាស្ករកៅស៊ូឬជញ្ជក់ស្ករគ្រាប់អាចជំរុញឱ្យទឹកមាត់ចេញច្រើន ។
៥- គួរផ្លាស់ប្តូរច្រាសដុសធ្មេញថ្មីក្នុងពេលកំណត់ណាមួយ ៖ អ្នកគួរតែប្តូរច្រាសចេញ នៅពេលសរសៃរបស់វារេចឬវៀច ។ ការផ្លាស់ប្តូរគួរធ្វើរៀងរាល់៣-៤ខែម្តង ។ ចូរជ្រើសរើសយកច្រាសថ្មីដែលមានសរសៃទន់ ។ ៦- គួរទៅជួបពេទ្យធ្មេញម្តងឬ២ដងក្នុងមួយឆ្នាំដើម្បីទទួលការពិនិត្យឬសម្អាត ៕
ចែករំលែកព័តមាននេះ