ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​កំពុង​បង្អួត​សម្រស់​ល្អឆើត​ឆាយ​ក្រោម​ម្លប់​សុខ​សន្តិភាព

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​ និង​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​លើ​គ្រប់​វិស័យ រួម​មាន​៖ វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ​វប្បធម៌ ទេស​ចរណ៍​ និង​ការទូត…

រាជធានី​ភ្នំពេញ​ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​ និង​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​លើ​គ្រប់​វិស័យ រួម​មាន​៖ វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ​វប្បធម៌ ទេស​ចរណ៍​ និង​ការទូត ។

ជាមួយនឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​បាន​ប្រែក្លាយ​មុខមាត់​ប្រកបដោយ​ភាព​ទាក់ទាញ តាម​រយៈ​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ និង​បាន​ក្លាយទៅជា​ប៉ូ​ល​សេដ្ឋ​កិច្ច​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​បាន​ផ្ដោត​យ៉ាង​សំខាន់​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ដូច​ជា​៖ ស្ពាន ស្ពាន​អាកាស ផ្លូវថ្នល់ ប្រព័ន្ធ​ប្រឡាយ​ទឹក បណ្ដាញទឹក​ស្អាត បណ្តាញ​អគ្គិស​នី ទូរគម​នាគមន៍ និង​ភ្លើង​បំភ្លឺ​សាធារណៈ ការ​កែ​លម្អ​សួនច្បារ​និង​លំហ​បៃតង​ជាដើម ។

ភាព​រីក​ចម្រើន​ដ៏​រស់​រវើក​នេះ​អាច​និយាយ​បាន​ថា រាជធានី​ភ្នំពេញក្រោម​ការ​ដឹកនាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា និង​ជា​ប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ស្គាល់​ការ​ប្រែ​មុខមាត់​ថ្មី​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ដែល​ត្រូវ​ចា​ទុក​ក្នុង​ក្រាំងមាស​ថា ជា​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍​កម្រិត​កំពូល​មួយ​របស់​រាជ​នី​ភ្នំពេញ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។

រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ព្រះរាជាណាចក្រ​កម្ពុជា​នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ជា​នាយក​រដ្ឋមន្ត្រី​បន្តវេន​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ក៏​ដូច​ជា​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។

ដោយ​គ្រាន់តែ​រយៈពេល​១​ឆ្នាំ​នៃ​ដើម​នីតិកាល​ទី​៧ ដោយ​មាន​សម្តេច​ធិ​បតី​ជា​នាយក​រដ្ឋមន្ត្រី បាន​ផ្ដល់​ជូន​នូវ​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន រួម​មាន ៖ ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​កោះន​រា ស្ពាន​នាគ​ភ្លោះ​កោះន​រា ស្ថានីយ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​-​ស្ពាន​ឆ្លងកាត់​ទន្លេ​ចាក់​អង្រែ​ក្រោម ព្រែក​ប្រា និង​ការដ្ឋាន​សាងសង់​ស្ពាន​ភ្លោះ​តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសព្វ​ជាមួយនឹង​ផ្លូវជាតិ​លេខ​ពីរ​ថែម​ទៀត​ផង​ដែល​បំរើ​ទៅ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កាន់តែ មាន​ភាព​ងាយស្រួល​។

ជាមួយ​គ្នា​នេះ​ដែរ រាជធានី​ភ្នំពេញ​ ដែល​មាន​ឯកឧត្តម​ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​ការ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការ​គ្រប់គ្រង​ធនធានមនុស្ស ការ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​ការ​កសាង កែ​លម្អរ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​តូច​ធំ​ជា​ច្រើន ដើម្បី​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​។

តាម​របាយ​ការណ៍ គិត​ត្រឹម​ឆ្នាំ​២០២៣ ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ប្រមាណ​ជាង ២ លាន​នាក់​នាក់ ហើយ​រាជធានី​ភ្នំពេញ​ក៏​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ផ្ទៃដី​ទំហំ​ជិត ៧០០​គីឡូ​ម៉ែត្រការ៉េ មាន​ចំនួន ១៤ ខណ្ឌ និង ១០៥ សង្កាត់​។

ចំពោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត រដ្ឋបាល​រាជធានី បាន​កសាង សង់ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី
ស្ពាន​អាកាស​ថ្មើរជើង និង​សួនច្បារ​ជា​ច្រើន​កន្លែង ដើម្បី​កាត់​បន្ថយ​ភាព​កកស្ទះ បង្ករ​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ក៏​ដូច​ជា​បង្កើន​គុណភាព​ជីវិត​ដល់​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លូវ​ថ្មី​ៗ​ដែល​បាន​ស្ថាបនា​ឡើងជា​បន្តបន្ទាប់ រីឯ​ផ្លូវ​ចាស់​ៗ​ត្រូវ​បាន​ពង្រីក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​យានយន្ត និង​ការ​កកស្ទះ អាគារ​ខ្ពស់​ៗ រួម​មាន​អាគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប នឹង​លំនៅ​ឋាន​បាន​រីក​ដូច​ផ្សិត​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ រាជធានី​ភ្នំពេញ​មាន​អាគារ​ខ្ពស់​ៗ​ជាង​២​ពាន់​អគារ​ដែល​បម្រើ​ឱ្យ​ការ​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​។ លើស​ពី​នេះ​ទៅ​ទៀត សំណង់​លំនៅ​ឋាន​តាម​បែប​សហគមន៍​និង​បុរី​បាន​រីក​ដុះដាល​ជា​ហូរហែ ដើម្បី​បម្រើ​តម្រូវការ​នៃ​កំណើនប្រជាជន​។

បន្ថែម​ពី​នេះ​ទៀត ​រាជធានី​ភ្នំពេញ​មានការ​រីក​ចម្រើន​គម្រោង​លំនៅ​ដ្ឋា​ន​ប្រមាណ​ជាង ៣០០ កន្លែង ចំពោះ​វិស័យ​វិនិយោគ និង​កម្មន្ដសាល រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិ​យោគ​ជាតិ​និង​អន្តរជាតិ មក​បោះទុន បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​នៅ​តាម​ជាយ​ទីក្រុង បង្កើត​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ធំ​ៗ ដែល​ផលិត​នូវ ផលិតផល​ដ៏​មាន​សក្កា​នុ​ពល​ជា​ច្រើន​ប្រភេទ​សម្រាប់​នាំ​ចេញ​។

ជា​រួម​រាជធានី​ភ្នំពេញ​ មាន​រោងចក្រ​សហគ្រាស​ប្រមាណ​១​ម៉ឺន​សហគ្រាស​ដែល​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ជុំវិញ​ប្រមាណ​រាប់​សិប​ម៉ឺន​នាក់ និង​ផ្ដល់​ជា​ប្រាក់​ឈ្នួល​សរុប​ខ្ទង់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ​មួយ​ឆ្នាំ​។ ចំពោះ​ការ​ផ្គត់ផ្គង់​ថាមពល សាខា​អគ្គិសនី​រាជធានី​ភ្នំពេញ បាន​ពង្រីក​វិសាលភាព​ផ្គត់ផ្គង់ និង​បម្រើសេវា​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​និង​អ្នក​ប្រើប្រាស់​អគ្គិសនី​ទាំង​នៅ​ក្នុង​ខណ្ឌ​ទាំង​១៤ មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​ថ្លៃ​អគ្គិសនី​មាន​តម្លៃ​សមរម្យ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ