ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ​សំពះ​ព្រះ​​​ខែ និងអកអំបុក រៀបចំនៅ​លើ​ទឹកដី​អង្គរ​

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ស្រប​ពេល​ដែល​ព្រះរាជាណា​ចក្រ​កម្ពុជា​ប្រារ​ព្ឋ​ពិធី​អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះ​ព្រះ ខែ អកអំបុក នៅ​ខេត្តសៀមរាប​ ក៏​មាន​រៀប​ពិធី​នេះ​រយៈពេល​ពីរ​ថ្ងៃ…

ខេត្ត​សៀម​រា​ប ៖ ស្រប​ពេល​ដែល​ព្រះរាជាណា​ចក្រ​កម្ពុជា​ប្រារ​ព្ឋ​ពិធី​អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះ​ព្រះ ខែ អកអំបុក នៅ​ខេត្តសៀមរាប​ ក៏​មាន​រៀប​ពិធី​នេះ​រយៈពេល​ពីរ​ថ្ងៃ និង​មាន​បន្ថែម​កម្មវិធី​អុំទូក​លក្ខណៈ​មិត្តភាព​រវាង​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា​ខេត្ត ជាមួយ​រដ្ឋបាល​ខេត្ត និង​អង្គភាព​មន្ទីរ​ស្ថាប័ន​នានា ព្រមទាំង​កម្មវិធី​កំសាន្ត​សប្បាយ​ៗ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​សរុប​មាន​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី ១៦​ខែវិច្ឆិកា​ឆ្នាំ​២០២៤ ។

​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បាន​បើក​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០២៤ នៅ​វេទិកា​ស្ទឹង​សៀមរាប ក្រោម​អធិបតីភាព លោក លី សំ​រិ​ទ្ឋ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​ជំទាវ​ , លោកប្រាក់ សោ​ភ័ អភិបាលនៃគណៈ​អភិបាលខេត្ត និងលោក​ជំទាវ ព្រមទាំង​វត្តមាន លោក លោក​ជំទាវ សមាជិក​សមាជិកា ព្រឹទ្ធ សភា . រដ្ឋសភា លោក លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី គណៈ​អភិបាលខេត្ត​សៀមរាប កំពង់ធំ ព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ និង​ខេត្តបាត់ដំបង និង កុងស៊ុល​ប្រចាំ​ខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព អស់លោក លោក​ជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ។

តាម​សេចក្តីរាយការណ៍​របស់​លោក នួន គ្រឹះ​ស្នា អនុប្រធាន​គណៈកម្មការ​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ នេះ ការ​ប្រណាំងទូក​(​ង​) មាន​ទូក​ចូលរួម​ចំនួន ៣៧​ទូក មាន​ទូក​នារី ០៤​ទូក ដែល​មាន​ចំណុះ ២២​នាក់ មានការ​កើនឡើង​ជាង​ឆ្នាំ​២០២៣ ដែល​មាន​កីឡាករ កីឡា​ការី​នី សរុប ៩០៩​នាក់ នារី ១១០​នាក់ តាម​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ដែល​បាន​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ច ដើម្បី​សម្រាប់​ប្រកួត​ជា​លក្ខណៈ​ជាតិ អន្តរា​ជាតិ​។ ក្នុង​ពិធី​ប្រណាំងទូក​នេះ ក៏​មានការ​ប្រកួតប្រណាំង​នូវ​ក្រឡោ ដែល​ជា​សម្បត្តិ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​នៅ​ខេត្តសៀមរាប ។

ថ្លែង​បើក​អង្គពិធី លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្ត​ដាក់ ខ្ពស់​លើ​បណ្តា​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ក្នុង​នោះ​តាម​រយៈ​ការ​ដាក់​ចេញ​កម្មវិធី​ពិសេស “​ទស្សនា​សៀមរាប​ឆ្នាំ​២០២៤” ដែល​ធ្វើ​ឲ្យ​ខេត្តសៀមរាប មាន​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ​ធំ​ៗ​ជា​ច្រើន តួ យ៉ាងដូច​ជា​ពិធីបុណ្យ​ទន្លេ សៀមរាប​សង្ក្រាន្ត កម្ពុជា​បំបែក​ឯក​ទ​គ្គ​កម្ម «​ការ​តាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​» នៅ​មុខ​ប្រាសាទ អង្គរវត្ត សហគមន៍​ទេសចរណ៍​ភូមិ​វត្ត​បូព៌ ការ​តាំង​ពិ​ពណ៌​អាហារ កម្មវិធី​វេច​អន្សម​ភ្ជុំបិណ្ឌ កម្មវិធី “​ស្នាមញញឹម​នៃ​កម្ពុជា​” លើក​ទី​២ និង​កិច្ចប្រជុំ​ធំ​ៗ​ទាំង​ថ្នាក់​ជាតិ អន្តរជាតិ ព្រមទាំង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៀត​។

ដោយឡែក​ នៅ​ខែ​ឆ្នូ ខាង​មុខ​នេះ ខេត្ត​ក៏​មាន​ព្រឹត្តិការណ៍​ជា​ច្រើន ដូច​ជា​កម្មវិធី​បង្ហោះ​ខ្លែងឯក ការ​រត់​ពាក់កណ្តាល ម៉ា​រ៉ា​តុ​ន ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជើង ឯក​ពិភពលោក ព្រមទាំង​កម្មវិធី​ផ្សេង​ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរ ជាតិ មក​ទស្សនា​ខេត្តសៀមរាប ក៏​ដូច​ជា​ការ​បង្កើន​សេដ្ឋកិច្ច​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​។

អភិបាលខេត្ត​បន្ថែម​ថា​៖​ដើម្បី​រួមចំណែក ក្នុង​ការ​ថែរក្សា​វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណី​ជាតិ រដ្ឋបាល​ខេត្ត​សៀម រាប តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃ​១៤ និង​ថ្ងៃ​១៥​កើត ខែកត្តិក​ជា​រៀង​រាល់​ឆ្នាំ​។ លោក សូម​កោតសរសើរ​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់ មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​វិស័យ​ឯកជន​នានា ដែល​បាន​រៀបចំ​ក្រុម​ប្រណាំងទូក​មាន​សរុប​ចំនួន ៣៧​ទូក មាន​កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ក្រុង ស្រុក និង​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត សរុប​ចំនួន ៩០៩​នាក់ និង​ប្រទីប​បំភ្លឺ​លម្អរ​នៅ​ពេល​រាត្រី​ចំនួន ១៥​ប្រទីបផង​ដែរ ។

លោក ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​ជនរួមជាតិ​ទាំងអស់ ដែល​ចូលរួម​ក្នុង​ព្រះរាជ ពិធី បុណ្យ អុំទូក​នេះ សូម​ចូលរួម​ថែរក្សា​នូវ​អនាម័យ បរិស្ថាន ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌ សោ​ភ័​ណ្ឌ​ភាព​ក្រុង​ប្រវត្តិ​សាស្ត្រ​អង្គរ ព្រមទាំង​រក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន សំខាន់​កុមារ​តូច​ៗ នៅ​ក្នុង​ពិធីបុណ្យ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ