ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​អាច​ទារ​លុយ​ពី​អតីត​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​បាន​ទេ ក្រោយ​ការ​បែកបាក់​គ្នា?

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ពេល​គេ​សួរ​ថា តើ​ស្នេហា​ជា​អ្វី​នោះ គឺ​ពិបាក​នឹង​រកបាន​នូវ​ចម្លើយ​រួម​ខ្លាំង​ណាស់ ​។ យ៉ាងណាមិញ យើង​តែ​លឺ​ពាក្យ​មួយ​ឃ្លា​ពោល​ថា «​ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ខ្វាក់​ភ្នែក​»​។ តើ​ពិត…

រាជធានីភ្នំពេញ ៖ នៅ​ពេល​គេ​សួរ​ថា តើ​ស្នេហា​ជា​អ្វី​នោះ គឺ​ពិបាក​នឹង​រកបាន​នូវ​ចម្លើយ​រួម​ខ្លាំង​ណាស់ ​។ យ៉ាងណាមិញ យើង​តែ​លឺ​ពាក្យ​មួយ​ឃ្លា​ពោល​ថា «​ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ខ្វាក់​ភ្នែក​»​។ តើ​ពិត ឬ​យ៉ាងណា? នៅ​ពេល​ដែល​យើង​ស្រឡាញ់​នរណា​ម្នាក់ យើង​ប្រាកដជា​មិន​បាន​គិត​ទេ​ថា ការ​ស្រឡាញ់ នឹង​បង្កើត​ឱ្យ​មាន​កំហុស រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ខ្លួនឯង ក្លាយជា​មនុស្ស​ខ្វាក់​ភ្នែក ព្រោះតែ​ស្នេហា​។ ខ្វាក់​ភ្នែក​ត្រង់នេះ ចង់​សំដៅ​ថា ពេល​ស្រលាញ់​ងប់​ខ្លាំង ទោះ​ភាគី​ម្ខាង​ប្រព្រឹត្ត​កំហុស​ឆ្គង​​យ៉ាងណា ក៏​ឱ្យ​អភ័យ​បាន មិន​ប្រកាន់ទោស​អូស​ដំណើរ​ឡើយ​។

​សេ្ន​ហា ឬ​ការ​ស្រឡាញ់ នឹង​ធ្វើ​ឱ្យ​យើង​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​មនុស្ស​ម្នាក់​នោះ ប៉ុន្តែ យើង​បែរជា​មិន​ដែល​ទទួល​បាន​អ្វី​សោះ​ត្រឡប់​មក​វិញ ​។ ការ​លះបង់​ដើម្បី​មនុស្ស​ដែល​យើង​ស្រឡាញ់ មិន​គួរ​ណា​គិត​ចង់បាន​អ្វី​ត្រឡប់​មក​វិញ​ទេ​ ។ ប៉ុន្តែ​យើង​ខុស​ខ្លាំង បើ​យើង​គិតតែ​លះបង់​ដើម្បី​គេ ទាំង​ដែល​គេ​មិន​ដែល​គិត​ចង់បាន ឬ​ចង់​ធ្វើ​អ្វី​សោះ​ដើម្បី​យើង​ ។ ហេតុ​ដូច្នេះ​ ក៏​មាន​ពាក្យ​មួយ​ឃ្លា​ថ្មី​អំពី​ស្នេហា​លើក​ឡើង​ថា «​ស្នេហា​ប្រភេទ​ខ្លះ​ធ្វើ​ឱ្យ​មនុស្ស​ខ្វាក់​ភ្នែក ប៉ុន្តែ​ស្នេហា​ប្រភេទ​ខ្លះ​ទៀត​ធ្វើ​ឱ្យ​មនុស្ស​បាន​ភ្លឺភ្នែក ហើយ​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ដើរ​ចេញពី​ស្នេហា​ក្លែងក្លាយ​មួយ​នេះ​» ។

​យ៉ាងណាមិញ ទំនាក់ទំនង​សេ្ន​ហា​ខ្លះ មិន​ត្រឹម​ពាក់ព័ន្ធ​មនោសញ្ចេតនា​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​នោះ​ទេ ករណី​ខ្លះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់ មាសប្រាក់ និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ផង​ដែរ​។ ដល់​ចំណុច​នេះ បើសិនជា​ស្នេហា​របស់​បុរស​ស្ត្រី​មួយគូ រួមរស់​ជាមួយ​គ្នា​ក្នុង​នាម​ជា​ប្តី​-​ប្រពន្ធ​ស្របច្បាប់ ដោយ​មានការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ នោះ​គឺ​ហៅ​ថា សហ​ព័ទ្ធ អាច​នឹង​មិន​មាន​បញ្ហា​ច្រើន​ទេ នៅ​ពេល​បែកបាក់ ឬ​លែង​លៈ ព្រោះ​ច្បាប់​នឹង​ការពារ​ថា ត្រូវ​បែងចែក​ទ្រព្យសម្បត្តិ​រួម​យ៉ាងណា​។

​ក៏​ប៉ុន្តែ​សម្រាប់​ចំណងស្នេហា​អ​នីតិ​សង្វាស ឬ​ការ​រួមរស់​មាន​សេ្ន​ហា​ដោយ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​ក៏​ទំនាក់ទំនង​ស៊ីជម្រៅ​ត្រឹម​គូសង្សារ តែងតែ​ទិញ​កាដូ ឬ​របស់​មាន​តម្លៃ​ផ្សេង​ៗ​ជូន​ដៃគូ​ស្នេហា ខ្លះ​ក៏​ឆ្លៀត​ខ្ចី​លុយ​ពី​ដៃគូ​សង្សារ​ផង​ដែរ នៅ​ពេល​ដែល​ចំណងស្នេហា​នៅ​ផ្អែម​ល្អែ​ម អ្វី​ៗ​ក៏​បងអាច​ឱ្យ​អូន ឬអ្វី​ៗ​ក៏​បងអាច​ឱ្យ​អូន​។

​យ៉ាងណាមិញ ទំនាក់ទំនង​សេ្ន​ហា ពុំ​មាន​នរណា​បានដឹង​ថា​អាច​នឹង​បញ្ចប់​យ៉ាងណា​នោះ​ទេ​។ គូ​ខ្លះ​បញ្ចប់​ដោយ​សន្តិវិធី ហើយ​គូ​ខ្លះ ក៏​ត្រូវ​បង្ខំចិត្ត​តាម​ទារ​យក​លុយ​ដែល​បាន​ខ្ចី​ទៅ​ផង​ដែរ​។ ទើប​មាន​ចំណោទ​មួយ​លើក​ឡើង​ថា «​ពេល​ស្រលាញ់​គ្នា​ឡើង​ផ្អែម​ល្អែ​ម សុំ​ខ្ចី​លុយ​! អ៊ីចឹង​យើង​អាច​ទារ​លុយ​ពី​អតីត​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​បាន​ទេ ក្រោយ​ការ​បែកបាក់​គ្នា​នោះ?

​យោង​តាម​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «Can I get my money back from an ex​?» ឬ ប្រែ​សម្រួល​ថា «​តើ​ខ្ញុំ​អាច​ទារ​លុយ​ពី​អតីត​គូស្នេហ៍​បាន​ទេ?​» ដែល​បាន​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ដ៏​ល្បី​មួយ​ឈ្មោះ «theguardian» ដែល​ចុះ​ផ្សាយ​រាង​យូរ​ឆ្នាំ​ដែរ​ហើយ តែ​វា​មាន​អត្ថន័យ​ដ៏​ល្អ​ដែល​បាន​បង្ហាញ​ពី​នារី​ម្នាក់​លើក​ឡើង​ថា អតីត​មិត្ត​ប្រុស​របស់​នាង​ធ្លាប់​បាន​ខ្ចី​លុយ​ពី​នាង​ចំនួន ២០០០ ផោន ឬ​ប្រមា​ន​ជាង​២៥០០​ដុល្លារ​នៅ​ពេល​មិន​ទាន់​បែកបាក់​គ្នា​។

តែ​ក្រោយ​បែកបាក់​គ្នា​ជាង​មួយ​ឆ្នាំ បុរស​រូប​នោះ​ទោះ​មានការ​ងារ​ល្អ តែ​មិន​ព្រម​សង​លុយ​នាង​នោះ​ទេ ដូច្នេះ​នាង​ក៏​ចោទសួរ​ថា តើ​នាង​អាច​ទារ​លុយ​ដែល​បាន​ខ្ចី​នាង​នោះ ពី​អតីត​សង្សារ​នាង​ដែរ ឬទេ? ក្នុង​អត្ថបទ​បាន​លើកយក​យោបល់​អ្នកជំនាញ​ជា​ច្រើន​មក​ពន្យល់ «​ថា​គួរតែ​ទារ​លុយ​ដែល​បាន​ខ្ចី​នោះ​មក​វិញ​។ ខ្លះ​ក៏​ផ្តល់​ជា​គតិ​ថា តើ​ពេល​ខ្ចី​នោះ​មាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ដែរ ឬទេ? អ្នកខ្លះ​ក៏​លើក​ឡើង​ថា «​បើ​គាត់​ជា​បុរស​ពិតប្រាកដ និង​ជា​មនុស្ស​ស្មោះត្រង់ គាត់​ប្រាកដជា​សង​លុយ​ដែល​បាន​ខ្ចី​នោះ​!​។

​តែ​អ្នកជំនាញ​ខ្លះ​បាន​ចោទសួរ​ផង​ដែរ​ពន្យល់​ថា នាង​នឹង​ទទួល​បាន​ប្រាក់​ត្រឡប់​មក​វិញ​អាស្រ័យ​លើ​រឿង​ត្រូវ​ពិចារណា​។ ទី​១- ថា​តើ​លុយ​ទាំងនោះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ច្បាស់​ថា​ជា​ប្រាក់​កម្ចី ។ ត្រូវ​ប្រាកដ​ថា តើ​បុរស​នោះ​អាច​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​កុហក​ថា លុយ​នោះ គឺ​វា​ជា​លុយ​អំណោយ ឬ​អត់? ខ្លះ​ក៏​ឱ្យ​មតិ​ថា គួរ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ទារ​លុយ​ខ្ចី​នោះ​មក​វិញ បើសិន​ជា​ប្រើ​វិធី​លួងលោម ឬ​វិធី​ត្រជាក់​មិន​ដំណើរការ​។

​យ៉ាងណាមិញ យើង​សូម​លើកយក​ចំណុច​ពីរ ដែល​គួរ​ពិចារណា​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ នោះ​គឺ​ភាព​ខុស​គ្នា​រវាង «​អំណោយ និង​ការ​ខ្ចីប្រាក់​» ព្រោះ​ជា​រឿង​២ ខុស​គ្នា​ដាច់​ស្រឡៈ​។ ​១- ពាក្យ​ថា «​អំណោយ​» គឺជា​ភាសា​សាមញ្ញ​មួយ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ មាន​ន័យ​ថា​ជា​ការ​ឱ្យ ឬ​ប្រគល់​នូវ​វត្ថុ ឬ​ទ្រព្យសម្បត្តិ ដោយ​ស្ម័គ្រចិត្ត​ទៅ បុគ្គល​ម្នាក់​ទៀត​។ ប៉ុន្តែ​ក្នុង​ន័យ​ច្បាប់ អំណោយ​ត្រូវ​បាន​កំណត់​ថា ជា​ការ​ផ្តល់​ឱ្យ​ដោយ​មាន​ឆន្ទៈ​ឯកតោភាគី ចំពោះ​បុគ្គល​ដែល​បាន​កំណត់​ជាក់លាក់ ហៅ​ថា «​ប្រទាន​កម្ម​» ។

មាត្រា​៥៦៨ នៃ​ក្រមរដ្ឋប្បវេណី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា «​ប្រទាន​កម្ម​» សំដៅ​ដល់​កិច្ចសន្យា​មួយ ដែល​ត្រូវ​មាន​អានុភាព ដោយ​ភាគី​ម្ខាង​បង្ហាញ​ឆន្ទៈ​ផ្តល់​ទៅ​ឱ្យ​ភាគី​ម្ខាង​ទៀត​នូវ​ទ្រព្យសម្បត្តិ ដោយ​មិន​យក​ថ្លៃ ហើយ​ភាគី​ម្ខាង​ទៀត​យល់ព្រម​ទទួល​។ ​«​ប្រទាន​កម្ម​» ត្រូវ​បាន​បង្កើត​ឡើង ដោយ​មានការ​ព្រមព្រៀង​រវាង អ្នក​ធ្វើ​អំណោយ ហៅ​ថា «​ទាយក​» និង អ្នក​ទទួល​អំណោយ ហៅ​ថា «​បដិគ្គាហក​»​។

​២- កិច្ចសន្យាខ្ចី​បរិភោគ ( ឬ​ហៅ​ថា កិច្ចសន្យា​ខ្ចីប្រាក់​)
​យោង​តាម​មាត្រា​៥៧៨ កិច្ចសន្យាខ្ចី​បរិភោគ គឺ​សំដៅលើ​កិច្ចសន្យា​មួយ​ប្រភេទ ដែល​ភាគី​ម្ខាង ហៅ​ថា​អ្នក​ឲ្យ​ខ្ចី ដែល​មាន​ករណី​កិច្ច​ប្រគល់​ការ​ប្រើប្រាស់​ដោយ​សេរី នូវ​ប្រាក់ ស្បៀងអាហារ ឬ​វត្ថុ​ជំនួស​ផ្សេង​ទៀត ក្នុងអំឡុងពេល​កំណត់​ណាមួយ​ឲ្យ​ទៅ​ភាគី​ម្ខាង​ទៀត ដែល​យើង​ហៅ​ថា​អ្នក​ខ្ចី ។ ដោយឡែក​អ្នក​ខ្ចី​មាន​ករណី​កិច្ច​ត្រូវ​ប្រគល់​សង​ទៅ អ្នក​ឲ្យ​ខ្ចី​វិញ​នូវ​វត្ថុ​ដែល​មាន​ប្រភេទ គុណភាព និង ចំនួន​ស្មើគ្នា​នឹង​វត្ថុ​ដែល​ទទួល​បាន​ពី​អ្នក​ឲ្យ​ខ្ចី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ