លើកដំបូងក្នុងរយៈពេល៣ឆ្នាំ ដែលគ្មានកីឡាករ Real Madrid ក្នុងបញ្ជីក្រុមគោជល់អេស្ប៉ាញ
1 អាទិត្យ មុន
ប្រទេសអេស្ប៉ាញ ៖ អ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិអេស្ប៉ាញ ហាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយការប្រកាសបញ្ជីឈ្មោះកីឡាករទាំង២៦នាក់ ត្រៀមប្រកួតពានរង្វាន់ UEFA Nations League រដូវកាល…
ប្រទេសអេស្ប៉ាញ ៖ អ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិអេស្ប៉ាញ ហាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយការប្រកាសបញ្ជីឈ្មោះកីឡាករទាំង២៦នាក់ ត្រៀមប្រកួតពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ នៅពាក់កណ្តាលខែវិច្ឆិកានេះ ដោយគ្មានកីឡាករមកពីក្រុម Real Madrid សូម្បីតែម្នាក់។
លោក Luis de la Fuente គ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានប្រកាសបញ្ជីឈ្មោះកីឡាករសម្រាប់ពានរង្វាន់ UEFA Nations League ហើយជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ដែលគ្មានកីឡាករក្រុមស្តេចស Real Madrid សូម្បីតែម្នាក់ក្នុងចំណោមកីឡាករ២៦នាក់ ដែលត្រូវបានកោះហៅ។ ការមិនកោះហៅកីឡាកររបស់ Real Madrid ភាគច្រើនដោយសារបញ្ហារបួសដូចជា ខ្សែការពារស្លាបស្តាំ Dani Carvajal ក៏ដូចជាការចាកចេញរបស់ខ្សែប្រយុទ្ធ Joselu និងខ្សែការពារកណ្តាល Nacho អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅថ្មីៗនេះ។
ទោះយ៉ាងណា លោក Luis de la Fuente សល់ជម្រើសកីឡាករ Real Madrid មួយចំនួនទៀតដូចជា Jesús Vallejo, Fran García, Lucas Vázquez ឬ Dani Ceballos ដែលអាចពិចារណាសម្រាប់កោះហៅនាពេលខាងមុខ ប្រសិនបើមានការផ្លាស់ប្តូរណាមួយកើតឡើង។
ស្ថានភាពនេះបានរំលឹកឡើងវិញនូវរឿងស្រដៀងគ្នា កាលពីខែតុលា ឆ្នាំ ២០២១ នៅពេលក្រុមគោជល់អេស្ប៉ាញប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ដោយគ្មានកីឡាករ Real Madrid ក្រោមការដឹកនាំរបស់លោក Luis Enrique ។ គ្រានោះ អេស្ប៉ាញយកឈ្នះអ៊ីតាលី ប៉ុន្តែចាញ់បារាំង នៅវគ្គផ្តាច់ព្រ័ត្រ។
បច្ចុប្បន្នក្រុមអេស្ប៉ាញកំពុងត្រៀមខ្លួន សម្រាប់ការប្រកួត UEFA Nations League នាពេលដ៏ខ្លីខាងមុខនេះ ហើយគោលបំណងលោក Luis de la Fuente គឺរក្សាចំណាត់ថ្នាក់កំពូលក្នុងពូល ៤ លីគ A រួមមានជាមួយដាណឺម៉ាក ស៊ែប និងស្វីស ដ្បិតក្រុមរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញវ័យ៦៣ឆ្នាំរូបនេះ បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ដែលគ្រោងប្រកួតនៅខែមីនា ឆ្នាំ ២០២៥ បើទោះបីជានៅសល់២ប្រកួតទៀត ទើបបញ្ចប់វគ្គចែកពូលក្នុងលីគយ៉ាងណាក៏ដោយ។ សម្រាប់ការរបស់ក្រុមគោជល់អេស្ប៉ាញនៅខែវិច្ឆិកានេះ នឹងត្រូវប៉ះដាណឺម៉ាកនៅថ្ងៃទី១៥ មុនពេលប៉ះស្វីស នៅថ្ងៃទី១៨៕ (ប្រភព ៖ beIN SPORTS)
ចែករំលែកព័តមាននេះ