ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​ណូ ​បុក​ឡើង​ទ្រូងផ្លូវ​ ឆ្លង​ទៅ​ចំណែក​​ម្ខាង​ទៀត អ្នក​ជិះ​ម៉ូតូ និងម៉ូតូ​កង់​បី​បើក​គេច​ដួល​ក្រឡ​ប់ ​របួសធ្ងន់​​ស្រាល៥នាក់

13 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​ហ៊ី​ណូ ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ​១​គ្រឿង ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​អ្នកបើកបរ​ងងុយដេក ហើយ​ងោក​១​ភាំង ក៏​រេ​ចង្កូត​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​បង្គោល​ភ្លើង​ដាច់​រលើង​គល់​១​ដើម…

រាជធានីភ្នំពេញ ​៖ រថយន្ត​ហ៊ី​ណូ ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ​១​គ្រឿង ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​អ្នកបើកបរ​ងងុយដេក ហើយ​ងោក​១​ភាំង ក៏​រេ​ចង្កូត​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​បង្គោល​ភ្លើង​ដាច់​រលើង​គល់​១​ដើម រួច​ជ្រុល​ឆ្លង​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត។ បន្ទាប់​មក​អ្នកបើកបរ​ បាន​បួង​ចង្កូត​ត្រលប់​ទៅ​ខាងស្ដាំ​ហើយ​បុក​ឡើង​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ ជា​លើក​ទី​២ ​ម្ដងទៀត ​ឡើង​ចូល​ទៅ​គន្លង​ផ្លូវ​ខាងស្ដាំ​របស់​ខ្លួន​វិញ ហើយ​ក៏​ជ្រុល​ធ្លាក់​ក្បាល​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​នៅ​ខាងស្ដាំ ​ទៅ​មុខ​លែង​រួច​តែ​ម្ដង ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​មួយ​គ្រឿង ​ជិះ​គ្នា​២​នាក់ និង​ម៉ូតូ​កង់​បី ​១​គ្រឿង ​ជិះ​គ្នា​៣​នាក់​ទៅ​ដល់ ឃើញ​រថយន្ត​កំពុង​ស្ថានភាព​បែប​នេះ ខ្លាច​រថយន្ត​បុក​ស្លាប់​ ក៏បាន​ខំ​នាំ​គ្នា​គេច​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​របួសធ្ងន់​ម្នាក់​ និងស្រាល​ម្នាក់ ចំណែក​ម៉ូតូ​កង់​បី​ក្រឡាប់​រង​របួសធ្ងន់​ម្នាក់​ និងស្រាល​២​នាក់ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក​ Hino ព​ណ៍​ខៀវចាស់ កន្ទុយ​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​កំពង់ចាម 4A-1637 រីឯ​ស្លាក​លេខ​ខាង​មុខ​បាំង​មើល​អត់​ឃើញ​ទេ បើកបរ​ដោយ​បុរស​ម្នាក់​និង​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។ ដោយឡែក​ជន​រង​គ្រោះ​មាន​ចំនួន​៥​នាក់ ក្នុង​នោះ​រួម​មាន​១.​ឈ្មោះ​វ៉ុ​ន វាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​គរ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ រង​របួសស្រាល ។ ២.​ឈ្មោះ​នួន ធឿ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​បាក់​នឹម សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​គឺជា​ប្ដី​ប្រពន្ធ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KA-8279 ។ ៣.​ឈ្មោះ​អ៊ូច ភា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​អ្នកបើកបរ​ម៉ូតូ​កង់​បី រង​របួសស្រាល ៤.​ឈ្មោះ ឃឹម ភុ​ន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ រង​របួសធ្ងន់ ៥​ឈ្មោះ​ទូ ប៉ិច ភេទ​ស្រី អាយុ​៦៧​ឆ្នាំ​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ចំការ​ដូង ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ពួក​គាត់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​១​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HW-3623 ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ហ៊ី​ណូ​១​គ្រឿង​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​១​ភាំង ក៏​ស្រាប់តែ​រេ​ចង្កូត​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ។ បន្ទាប់​មក​បុក​បង្គោល​ភ្លើង​ដែក​១​ដើម​បាក់​ដាច់​ត្រឹម​គល់​ប៉ើង​ខ្ទាត​ច្រើន​ម៉ែត្រ រួច​ជ្រុល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ពេល​នោះ​អ្នកបើកបរ​បាន​បួង​ចង្កូត​មក​ខាងស្ដាំ​វិញ ហើយ​ក៏​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ម្ដងទៀត ឆ្លង​ចូល​មក​គន្លង​ខាងស្ដាំ​វិញ ទើប​ក្បាល​រថយន្ត​នោះ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ចំណែក​កន្ទុយ​រ៉ឺ​ម៉ក​នៅ​លើ​ផ្លូវ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈ​ដែល​រថយន្ត​ខាងលើ​កំពុង​តែ​បុក​ឡើង​សួនច្បារ ម្ដង​ធ្លាយ​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង ម្ដង​មក​ខាងស្ដាំ​បែប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ និង​ម៉ូតូ​កង់​បី​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​វាក់ ហើយដោយ​សារ​តែ​ភ័យ​ខ្លាច​រថយន្ត​បុក​ស្លាប់ ទើប​ម៉ូតូ​និង​ម៉ូតូ​កង់​បី​ខាងលើ​នាំ​គ្នា​បើក​គេច​ចេញ​ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ​និង​ប្រថុចញ៉ុច​បំផុត ។ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​និង​ម៉ូតូ​កង់​បី​ក្រឡាប់​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៥​នាក់​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ពងទឹក បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​នោះ​នាំ​ទៅ​សាកសួរ​ទើប​ដឹង​ថា គាត់​ងងុយដេក​ហើយ​ងោក​១​ភាំង ក៏​ជួប​រឿង​បែប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​អ្នក​របួសធ្ងន់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្ន​ពេញ​បាន​នាំ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ