ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​យូ​ណា​ន សន្យា​ផ្តល់​អាហារូបករណ៍​កាន់តែ​ច្រើន​ដល់​និស្សិត​កម្ពុជា និង​ជំរុញ​ទេសចរ​ចិន​ទៅ​កម្ពុជា​ បន្ថែម​ទៀត

13 ម៉ោង មុន

ទីក្រុង​គុន​មិ​ញ ​៖ នា​ល្ងាច ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

ទីក្រុង​គុន​មិ​ញ ​៖ នា​ល្ងាច ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្ត​យូ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​ នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨, កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១១ ពី​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិ​ញ ខេត្ត​យូ​ណា​ន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​អភិបាលខេត្ត​យូ​ណា​ន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ GMS នៅ​ទីក្រុង​គុន​មិ​ញ នា​ឱកាស​នេះ និង​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ ដែល​បាន​ជួប​សម្ដេច​បវរ​ធិ​បតី​ម្ដងទៀត បន្ទាប់​ពី​ឯកឧត្តម​បាន​ជួប​ជាមួយ​សម្ដេច​បវរ​ធិ​បតី ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ កាលពី​ចុងឆ្នាំ​២០២៣ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី អំពី​ការ​វិវឌ្ឍន៍ និង​សក្តានុពល​របស់​ខេត្ត​យូ​ណា​ន ផង​ដែរ​។ ឯកឧត្តម​បាន​កត់​សម្គាល់ថា កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​យូ​ណា​ន និង​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន ជា​ពិសេស តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច វិស័យ​ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត ចំពោះ​បដិសណ្ឋាកិច្ច​យ៉ាង​កក់ក្តៅ និង​បាន​សម្តែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ឯកឧត្តម​អភិបាលខេត្ត ម្ដងទៀត​។ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​របស់​ខេត្ត​យូ​ណា​ន ដែល​ជា​ក្បាលម៉ាស៊ីន​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ សម្តេច​បវរ​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​អំពី​ភាព​រីក​ចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ស្រប​ពេល​ប្រទេស​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។ សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​អំពី​សក្តានុពល​ក្នុង​វិស័យ​ជា​ច្រើន សម្រាប់​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​យូ​ណា​ន​។ សម្តេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​កិច្ច​សហប្រតិបត្តិការ រវាង​តំណាង​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​មន្ទីរ​ការ​បរទេស​នៃ​ខេត្ត​យូ​ណា​ន ជួប​ប្រជុំ​បាន​ឆាប់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ​។

សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម​អភិបាលខេត្ត​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន ពាណិជ្ជកម្ម ការ​វិនិយោគ ឧ​ស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ​និង​ការ​បណ្ដុះបណ្ដាល ព្រមទាំង​ទេសចរណ៍ ជាដើម​។ ឯកឧត្តម​អភិបាលខេត្ត​បាន​សន្យា​ពិនិត្យ​លទ្ធភាព​ផ្ដល់​អាហារូបករណ៍​កាន់តែ​ច្រើន​ទៀត ដល់​និស្សិត​កម្ពុជា ដើម្បី​មក​បន្ត​ការ​សិក្សា​នៅ​ខេត្ត​យូ​ណា​ន និង​បន្ត​ខិតខំ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចិន ទៅ​ធ្វើ​ទេសចរណ៍ នៅ​ប្រទេស​កម្ពុជា ដែល​មាន​គោលដៅ​ទេសចរណ៍​សម្បូរ​បែប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ