ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានរាយការណ៍ថា ក្រសួងការងារមានបំណងបញ្ជូនពលករថៃ ទៅកាន់ប្រទេសសិង្ហបុរីបន្ថែមទៀត ជាពិសេសសម្រាប់ផ្នែកជាច្រើននៅក្នុងវិស័យផលិតកប៉ាល់។
លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃ បានលើកឡើងថា លោក និងលេខាធិការអចិន្ត្រៃយ៍ក្រសួងបានទៅដល់ប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន ហើយបានពិភាក្សាជាមួយមន្ត្រីមកពីការិយាល័យការងារសិង្ហបុរី អ្នកជំនួញសិង្ហបុរី និងលោក Ureerat Chareontoh ឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសសិង្ហបុរីផងដែរ។
លោក Phiphat បានថ្លែងថា បច្ចុប្បន្នពលករថៃជិត៤ពាន់នាក់ កំពុងធ្វើការក្នុងប្រទេសសិង្ហបុរី ដែលភាគច្រើនក្នុងវិស័យសំណង់ កម្មករផលិតកម្ម ផ្សារដែក អ្នកបម្រើលើយន្តហោះ កម្មករផលិតគ្រឿងបន្លាស់អេឡិចត្រូនិច អ្នកដំឡើងបំពង់ដែក និងកម្មករទូទៅ។ លោកបន្តថា ពលករថៃអាចទៅធ្វើការនៅប្រទេសសិង្ហបុរី ព្រោះការងារនៅទីនោះ នឹងជួយអភិវឌ្ឍជំនាញ ក៏ដូចជារកប្រាក់ផ្គត់ផ្គង់គ្រួសារផងដែរ»។
ការបញ្ចូនពលករទៅក្រៅប្រទេស ក៏ជាគោលនយោបាយសំខាន់របស់ក្រសួងការងារថៃព្រោះចង់លើកកម្ពស់ជំនាញប្រជាជនថៃទៅក្រៅប្រទេស ដូច្នេះពួកគេនឹងនាំប្រាក់ចំណូលមកប្រទេសជាតិវិញ។ លោកបានបន្តថា «ការពិភាក្សាជាមួយបណ្តាមន្ត្រី ក៏ដូចជាសហគ្រិនសិង្ហបុរី នឹងជួយពង្រីកទីផ្សារការងារថៃក្នុងប្រទេសសិង្ហបុរី»។
លោកគូសបញ្ជាក់ថា «ប្រទេសសិង្ហបុរីកំពុងតែស្វែងរកជាងដែកក្នុងផ្នែកផលិតកប៉ាល់ កម្មករជំនាញផ្នែកអេឡិចត្រូនិច និងកម្មករសំណង់មានបទពិសោធន៍។ តម្រូវការខ្ពស់សម្រាប់កម្មករសំណង់បន្ថែម ដើម្បីគាំទ្រដល់ការពង្រីកគម្រោងជាច្រើនផ្សេងៗ ជាពិសេសវិស័យផលិតកប៉ាល់។ ស្របពេលការងារក្នុងវិស័យផលិតកប៉ាល់រួមមាន ការសាងសង់ ជួសជុល និងថែទាំ»។
លោកបានបន្ថែមចុងក្រោយថា ប្រជាជនថៃអាចទទួលការងារជាកម្មករទូទៅ ជាងដែក ជាងគំនូរ និងជាងដែកកប៉ាល់ ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្តមុនពេលចាប់ផ្តើមការងារ។ នេះគឺជាឱកាសដ៏ល្អសម្រាប់ប្រទេសថៃក្នុងការបញ្ជូនពលករកាន់តែច្រើនទៅប្រទេសសិង្ហបុរី៕ ប្រភព ៖ បាងកកប៉ុស្តិ៍
ចែករំលែកព័តមាននេះ