ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាជវត្តកាយចេតិយគេចេញ ត្រូវម្ចាស់ចេតិយប្តឹងឱ្យសងវិញ​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ចៅអធិការវត្តប៉ោយចារ បាន​យកគ្រឿងចក្រកាយកំទិចចោលចេតិយនិងយកធាតុចេញដោយគ្មានប្រាប់ ត្រូវ​ម្ចាស់ចេតិយប្តឹងអាជ្ញាធរចុះជួយអន្តរាគមន៍កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី។…

0:00
0:00

ខេត្ត​បន្ទាយមានជ័យ ៖ ចៅអធិការវត្តប៉ោយចារ បាន​យកគ្រឿងចក្រកាយកំទិចចោលចេតិយនិងយកធាតុចេញដោយគ្មានប្រាប់ ត្រូវ​ម្ចាស់ចេតិយប្តឹងអាជ្ញាធរចុះជួយអន្តរាគមន៍កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី។

ម្ចាស់ចតិយបានប្រាប់ឱ្យដឹង​ថា ចៅអធិការវត្តប៉ោយចារ បានយកគ្រឿងចក្រប្រភេទអេស្កាវ៉ា​ទ័រ១គ្រឿង​កាយកំទិចចោលចេតិយរបស់ក្រុមគ្រួសារគាត់ ដោយមិនបានប្រាប់ឱ្យដឹងមុន តែសំណាង គាត់បានដឹងពីអ្នកជិតខាងប្រាប់ ទើបទៅហាមឃាត់ទាន់ ត្រូវចៅអធិការវត្តបញ្ជាកាយកំទិចត្រឹមបង្កាន់ដៃព័ទ្ធជុំវិញចេតិយ និងយកធាតុជីដូនជីតារបស់ពួក​គាត់​​ចេញមិនដឹងទុកឯណា ពេលហាមឃាត់គ្រឿងចក្រឈប់សកម្មភាព។

ម្ចាស់ចេតិយ​​ខាងលើ​បានបញ្ជាក់ថា រយៈពេលកន្លងមក ចៅអធិការវត្តប៉ោយចារ ធ្លាប់ប្រាប់ដែរសុំឱ្យម្ចាស់ចេតិយរើទៅដាក់កន្លែងផ្សេង ដើម្បីរៀបចាក់ដីមុខព្រះវិហារសម្រាប់កឋិនខាងមុខនេះ ហើយម្ចាស់ចេតិយចាំពិភាក្សាសាច់ញាតិសិន ស្រាប់តែ​ចៅអធិការវត្តអង្គនោះបានជួលគ្រឿងចក្របម្រុងកាយកំទិចចោល ដោយមិនបានប្រាប់ឱ្យដឹង ហើយក៏ប្តឹងទៅអាជ្ញាធរឃុំរហាត់ទឹកចុះរកដំណោះស្រាយជូននិងជួយរកយុត្តិធម៌សម្រាប់ធាតុជីដូនជីតាគាត់ផង។

ព្រះគ្រូចៅអធិការវត្តប៉ោយចារ មានសង្ឃដីកាថា តាមពិតអាត្មាបានប្រាប់ទៅម្ចាស់ចេតិយហើយ ឱ្យរុះរើចេតិយចេញដាក់ទីតាំងផ្សេង ព្រោះរៀបចំមុខព្រះវិហារឱ្យបានសមរម្យ និងសម្រាប់កន្លែងចតរថយន្តពេលដង្ហែកឋិនទានខាងមុខនេះ ដោយម្ចាស់ចេតិយមិនឆ្លើយតប ទើបសម្រេចកាយចេតិយគ្រោងកសាងថ្មីជូនវិញនៅកន្លែងទីតាំងផ្សេង ដោយឱ្យម្ចាស់ជាអ្នករកហុងស៊ុយធ្វើជូន តែម្ចាស់ចេតិយមកបញ្ឈប់សកម្មភាពគ្រឿងចក្រ។

មេឃុំរហាត់ទឹកបានបញ្ជាក់ថា ជាការពិតណាស់ ដែលចៅអធិការវត្តរហាត់ទឹក កាយចេតិយរបស់ពុទ្ធបរិស័ទចេញ ដោយមិនបានប្រាប់ម្ចាស់ដឹងមុន គឺខុសទាំងស្រុង ព្រោះម្ចាស់ចេតិយបានសុំទីតាំង​កសាងតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ ហើយចៅអធិការវត្តប៉ោយចាររៀបចំទីធ្លាវត្តសម្រាប់កឋិនទានបានជួលគ្រឿងចក្រកាយចេតិយ​នេះ​ចោល ហើយពេលតវ៉ាសន្យាធ្វើសង តែម្ចាស់ចេតិយ​ថា គាត់មិនទទួលយកកន្លែងថ្មីទេ សុំឱ្យចៅអធិការវត្តកសាងបង្កាន់ដៃថ្មីលើកន្លែងចាស់វិញឱ្យបានដូចដើម ហើយយកអដ្ឋិធាតុ​ជីដូនជីតាគាត់ទុកកន្លែងដើមវិញចាក់សោដូចដើមទើបបញ្ចប់រឿង ។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ