ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ហេង សួរ ដឹកនាំ​ប្រតិភូ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការងារ​អាស៊ាន លើក​ទី​ ២៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ក្នុង​ប្រទេស​សិង្ហ​បុរី

1 ខែ មុន

ប្រទេសសិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី ​២៨…

ប្រទេសសិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី ​២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ក្រោម​មូលបទ “​ការ​ពង្រឹង​ភាព​ធន់ និង​ការ​លើកកម្ពស់​នវានុវត្តន៍​” នា​ថ្ងៃ​ទី​ ៣០-៣១ ខែតុលា ឆ្នាំ​២ ០២៤ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ហត្ថពល​កម្ម​សិង្ហ​បុរី និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​/​ប្រធាន​ប្រតិភូ​ក្រសួង​ការងារ​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​, រដ្ឋមន្ដ្រី​ការងារ​ទី​ម័​រ​ឡេ​ស្ដេ ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍ និង​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ហេង សួរ បាន​ជម្រាប​ជូន​អង្គប្រជុំ​ពី​វឌ្ឍនភាព​នៃ​គោលការណ៍​ណែនាំ​អាស៊ាន ស្តី​ពី​ចល័ត​ភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​សម្រាប់​ទេ​សន្តរ​ប្រវេ​សករ ក្នុង​តំបន់​អាស៊ាន ដែល​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​អាស៊ាន​កត់សម្គាល់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង ​៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ប្រទេស​ឡាវ​ ។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​សហការ​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ផ្តល់​ជូន​ពលករ​ទេសន្តរប្រវេសន៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន នូវ​លទ្ធភាព​ទទួល​បាន​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម ដោយ​មិន​គិត​ពី​កា​រប​ម្លា​ស់​ទី​នៅ​ក្នុង​តំបន់ ដែល​ស្រប​នឹង​មូលបទ​របស់​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​នេះ គឺ “​ការ​ពង្រឹង​ភាព​ធន់ និង​ការ​លើកកម្ពស់​នវានុវត្តន៍​”​។ គំនិត​ផ្ដួចផ្ដើម​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង​សាមគ្គីភាព និង​បរិ​យា​ប័ន​របស់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ជាក់​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​អាស៊ាន​នៅ​លើ​ឆាក​អន្ដរជាតិ ពិសេស​ក្នុង​ការ​លើកកម្ពស់​ស្តង់ដា​ការងារ​ប្រកបដោយ​សុខុមាលភាព​នៅ​ក្នុង​តំបន់​ផង​ដែរ​ ។

នៅ​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ដែរ រដ្ឋមន្ត្រី​/​តំណាង​ប្រតិភូ​ការងារ​មក​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​អាស៊ាន ស្តី​ពី​ចល័ត​ភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​សម្រាប់​ទេ​សន្តរ​ប្រវេ​សករ ក្នុង​តំបន់​អាស៊ាន ដោយ​បាន​កំណត់​ទិស​ដៅ​ឱ្យ​ឧត្តមមន្ដ្រី​ការងារ​អាស៊ាន (SLOM) ធ្វើការ​ពិភាក្សា​លម្អិត​លើ​យន្ដការ​ក្នុង​ការ​អនុវត្ត​បាន​យ៉ាង​ពេញលេញ​នូវ​គោលការណ៍​ណែនាំ​អាស៊ាន​នេះ ដូច​មាននៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម (Joint Communique) នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​នេះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ការងារ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់ បាន​អនុម័ត​នូវ “​សេចក្តីថ្លែងការណ៍​រួម (Joint Communique) នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​” ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​អនុវត្ត​ការងារ​បន្ដ​ក្នុង​រយៈពេល ២​ឆ្នាំទៅ​មុខ ​៕ អត្ថបទសហការ