ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” (វីដេអូ)

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធនាគារចល័ត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានជួយជំរុញយ៉ាងឆាប់រហ័សនូវការវិវត្តនៃប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមឌីជីថល ។ ខណៈពេលដែលវឌ្ឍនភាពឌីជីថលនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន វាក៏បានពង្រីកហានិភ័យនៃសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ ។…

រាជធានីភ្នំពេញ ៖ ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធនាគារចល័ត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានជួយជំរុញយ៉ាងឆាប់រហ័សនូវការវិវត្តនៃប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមឌីជីថល ។ ខណៈពេលដែលវឌ្ឍនភាពឌីជីថលនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន វាក៏បានពង្រីកហានិភ័យនៃសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ ។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា មានការកើនឡើង ប៉ុន្តែចំណេះដឹងពីសុវត្ថិភាពសន្តិសុខសាយប័រនៅមិនទាន់ទូលំទូលាយនៅឡើយ ដែលនាំឱ្យកម្រិតហានិភ័យនៃការរងគ្រោះស្ថិតក្នុងលំដាប់ខ្ពស់ និងមិនអាចឆ្លើយតបបានទាន់ពេលវេលានៅពេលមានឧប្បត្តិហេតុណាមួយកើតឡើង ។ ហានិភ័យទាំងនោះរួមមានការបោកបញ្ឆោតអនឡាញ ការផ្ញើតំណភ្ជាប់ក្លែងបន្លំ ការជ្រៀតចូលនៃមេរោគ ការលួចអត្តសញ្ញាណ និងការលួចព័ត៌មានទិន្នន័យជាដើម ។ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងសាធារណជនទូទៅសុទ្ធតែអាចប្រឈមមុខនឹងហានិភ័យក្នុងលំហសាយប័រដែលកំពុងលេចឡើងទាំងអស់នេះ ។

យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ការធានាឱ្យមានសុវត្ថិភាព និងនិរន្តភាពនៃសន្តិសុខឌីជីថល គឺជាសកម្មភាពអាទិភាពយ៉ាងសំខាន់មួយក្នុងការចូលរួមជម្រុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាបន្ន ។ ដើម្បីចូលរួមគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ដួចផ្ដើមធ្វើនូវគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” ដែលជាគម្រោងយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ ។

គោលបំណង

គម្រោងខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រមានគោលបំណងសំខាន់ៗចំនួន ៤ ដូចខាងក្រោម ៖

១. លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគំរាមកំហែង និងសុវត្ថិភាពតាមអ៉ីនធឺណែត ដល់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងហោចណាស់ចំនួន ៥០,០០០នាក់ តាមរយៈការផ្សព្វផ្សាយខិតបណ្ណព័ត៌មានឌីជីថល និងវីដេអូអប់រំខ្លីតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក.ប.ទ ។

២. បង្កើនការយល់ដឹងដល់និស្សិតចំនួន ២៥០ នាក់ ទាក់ទងទៅនឹងឯកជនភាពនៃទិន្នន័យ តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលានៅតាមគ្រឹះស្ថានសិក្សាចំនួន ៥ ដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ។

៣. ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួមចំនួន ៣០០-៤០០ តាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រ  ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ។

៤. ជំរុញ លើកទឹកចិត្ត និងបង្កើតទម្លាប់ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើសន្ដិសុខឌីជីថល និងប្រើប្រាស់អ៊ីនធឺណែតប្រកបដោយទំនួលខុសត្រូវ ។

សមាសភាពចូលរួម

គម្រោងខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រត្រូវបានរៀបចំដោយអគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​​និង​ព័ត៌មាន​ ដែលក្នុងនោះសមាជិកក្នុងគម្រោងមានសមាសភាពចូលរួម រៀបចំ និងគាំទ្រដូចខាងក្រោម ៖

    • លោក ជា លីនណា                   អ្នកគ្រប់គ្រងគម្រោង និងជាអ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ
    • លោក ជា សុភ័ក្រ្តា        អ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍មាតិកាបញ្ជ្រាបចំណេះដឹងអំពីសន្តិសុខសាយប័រ
    • កញ្ញា ផែន ផល្លីដែត                 អ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍មាតិកាបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព
    • លោក ទឹម តែមបញ្ញា                និស្សិតស្រាវជ្រាវ
    • លោក ហេង សុវត្ថារ៉ា     ​​           និស្សិតស្រាវជ្រាវ ។

    ផែនការសកម្មភាព

    យុទ្ធនាការផ្សព្វផ្សាយលើអនឡាញ

    យុទ្ធនាការផ្សព្វផ្សាយលើអនឡាញមានផែនការសកម្មភាពដូចជា ៖

    • ការផលិតផ្ទាំងរូបភាពឌីជីថលនិងបង្កើតវីដេអូអប់រំខ្លីដែលបង្កប់សារអប់រំអំពីសុវត្ថិភាពតាមអ៊ីនធឺណិតដែលនឹងត្រូវចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក.ប.ទ ។​ ក្នុងនោះ ការផ្សព្វផ្សាយខិតបណ្ណព័ត៌មានឌីជីថលមានចំនួន០៣ និងការផ្សព្វផ្សាយវីដេអូអប់រំខ្លីមានចំនួន ០៣ ដែលសរុបទាំងអស់ចំនួន ០៦សម្រាប់រយៈពេលមួយខែពេញ ។
    • ការបង្កើតដៃគូសហការជាមួយស្ថាប័នរដ្ឋ ឯកជន និងគ្រឹះស្ថានអប់រំដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ។

    យុទ្ធនាការផ្សព្វផ្សាយតាមរយៈកម្មវិធីសិក្ខាសាលា

    កម្មវិធីសិក្ខាសាលានឹងរៀបចំឡើងនៅតាមគ្រឹះស្ថានសិក្សាចំនួន ០៥ រួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ។ សិក្ខាសាលានេះនឹងមានសកម្មភាពសំខាន់ៗដូចជា ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសដែលមានជំនាញ ការធ្វើសកម្មភាពក្រុម ការសួរសំនួរនិងពិភាក្សាបើកចំហអំពីទិន្នន័យឯកជនភាព ។

    ទម្រង់បែបបទនៃសិក្ខាសាលាមានដូចខាងក្រោម ៖

    • ប្រធានបទ ៖ «ការកំណត់សម្គាល់ និងជៀសវាងពីវិធីក្លែងបន្លំយកទិន្នន័យឯកជនភាព»
    • កាលបរិច្ឆេទ ៖ ថ្ងៃទី ១6 ដល់ថ្ងៃទី ២0 ខែធ្នូ ឆ្នាំ ២០២៤
    • ចំនួនអ្នកចូលរួម ៖ ៥០នាក់/សាកលវិទ្យាល័យ (សរុប ២៥០នាក់)
    • ទីកន្លែង ៖

    –   សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) | ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤

    –   សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) | ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤

    –    វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា (ITC) | ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤

    –    សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) | ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤

    –    បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) | ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ។

    យុទ្ធនាការផ្សព្វផ្សាយតាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន​ 

    វេទិកាសន្តិសុខសាយប័រសម្រាប់យុវជននឹងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។​ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមទទួលបាននូវបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ ។

    ទម្រង់បែបបទវេទិកាសន្តិសុខសាយប័រសម្រាប់យុវជនមានដូចខាងក្រោម ៖

    • ប្រធានបទ ៖
    • សុន្ទរកថាទី ១ ៖ «ការការពារទិន្នន័យផ្ទាល់ខ្លួននៅក្នុងយុគសម័យឌីជីថល៖ និន្នាការ បញ្ហាប្រឈម និងទិសដៅអនាគត»
    • សុន្ទរកថាទី ២ ៖ «ការពង្រឹងសមត្ថភាពយុវជនកម្ពុជា នៅក្នុងវិស័យសន្តិសុខសាយប័រ៖ ជំនាញ ការយល់ដឹង និងឱកាស»
    • កិច្ចពិភាក្សាស្ដីពី សន្តិសុខសាយប័រនៅក្នុងយុគសម័យសង្គមអេឡិចត្រូនិក និងការបណ្ដុះទម្លាប់ក្នុងការរក្សាសុវត្ថិភាពតាមអនឡាញ ។
    • កាលបរិច្ឆេទ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤
    • ចំនួនអ្នកចូលរួម៖ 300 – 400 នាក់
    • ទីកន្លែង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។

    រយៈពេលគម្រោង

    គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” មានរយៈពេល ១ខែ ដែលប្រព្រឹត្តទៅចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ៕ អត្ថបទសហការ

    តើអ្នកដឹងទេថា ហានិភ័យនៅលើបណ្ដាញអ៉ីនធឺណិតអាចកើតឡើងក្នុងរូបភាពណាខ្លះ ?

    សូមចុច Link នេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/watch/?v=885889517015621