រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង និងតំណាងក្រុមហ៊ុន សហគ្រាសឯកជននានា។
កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណង៖
•ផ្សព្វផ្សាយអំពីបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងទៅកាន់វិស័យឯកជន ដើម្បីបង្ខិតសេវាទៅកាន់សាធារណជនទូទៅ
- បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីបង្កើនភាពងាយស្រួលសម្រាប់សាធារណជនក្នុងការទទួលបាននូវឱកាសការងារយ៉ាងសម្បូរបែប
ស្នើសុំទីតាំងសម្រាប់ដាក់ដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួង នៅតាមសាកលវិទ្យាល័យ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, សាលាខណ្ឌ, សាខា ប.ស.ស., ផ្សារទំនើប, និងទីតាំងអាជីវកម្មនានា។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានជម្រាបថា បញ្ជរសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាស្នាដៃរបស់សិស្ស-និស្សិតរបស់វិទ្យាស្ថាន TVET ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈ ដែលនៅជិតគេហដ្ឋានរបស់ខ្លួន។ បញ្ជរសេវាសាធារណៈនេះមានមុខងារចំនួន ៨ ដូចជា៖
- សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
- សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
- សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
- សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
- សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
- សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
- ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
- ប្រអប់សំណូមពរ (Opinion Box)
លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័ត ចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ ជាជំហានទី១ នៅដើមឆ្នាំ ២០២៥ នៅតាមទីតាំងសាធារណៈនានា បន្ទាប់មកទៀតក្រសួងនឹងដាក់បញ្ជរសេវាសាធារណៈចល័តនេះបន្តបន្ទាប់ទៀតសរុបប្រមាណ ១ ០០០គ្រឿង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ