ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ងុយ រិទ្ធ បិទសមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី ៦ 

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី ៦ ត្រូវបានប្រារព្ធពិធីបិទ នៅថ្ងៃព្រហស្បតិ៍ ទី ១៩…

រាជធានីភ្នំពេញ ៖ សមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី ៦ ត្រូវបានប្រារព្ធពិធីបិទ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ថ្លែងនៅក្នុងកម្មវិធីបិទសមាជនេះ ឯកឧត្តម ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) ក្នុងការគោរពច្បាប់ និងមានវិជ្ជាជីវៈការងារ ដែលជាការធានាទាំងសិទ្ធិកម្មករ និងធានាសិទ្ធិថៅកែរោងចក្រ សហគ្រាស ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បន្ទាប់ពីមានលោក គឹម ចាន់សំណាង ជាប្រធានតាមរយៈការបោះឆ្នោតសម្រាប់អាណត្តិទី ៦ នេះ នឹងចូលរួមចំណែកការពារផលប្រយោជន៍រួមរបស់សហជីព និងផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព ពោរពេញទៅដោយភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីការពារឧត្តមប្រយោជន៍ និងសិទ្ធិពេញលេញពិតប្រាកដដល់សមាជិករបស់ខ្លួនដែលសុទ្ធសឹងតែជាកម្មករនិយោជិត ។ 

ឯកឧត្តមលើកឡើងថា នៅកម្ពុជា សហជីពបាននិងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត ។ កម្ពុជាមានលំហូរសហជីពល្អប្រសើរ ល្បឿននៃការកកើតសហជីពមានសន្ទុះច្រើននាមួយរយៈឆ្នាំចុងក្រោយនេះ ។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកចំហសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា ។ 

ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង ។ ពោលគឺ សហជីពទាំងអស់ត្រូវចាត់ទុកកម្មករនិយោជិតជាកិច្ចការងារចម្បង និងស្ថិតក្នុងរបៀបវារៈរបស់ខ្លួនជានិច្ច ។ ក្រៅតែពីការពារសិទ្ធិកម្មករនិយោជិត សហជីពក៏មានតួនាទីដ៏សំខាន់មួយទៀតដែរ គឺការពារផលប្រយោជន៍រួមនៅក្នុងរោចក្រឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកន្លែងការងារមានសុខដុមនីយកម្ម និងផលិតភាពកាន់តែប្រសើរ ជំរុញដល់ការរីកចម្រើនរបស់រោងចក្រ សហគ្រាស ៕ អត្ថបទសហការ