រាជធានីភ្នំពេញ ៖ នៅពេលដែលកូនជំទង់របស់អ្នកមិនងាយចេញពីបន្ទប់គេងរបស់ពួកគេ ឪពុកម្តាយជាច្រើនចាប់ផ្តើមងឿងឆ្ងល់ និងបារម្ភក្នុងចិត្ត ប៉ុន្តែវាជារឿងសំខាន់ដែលអ្នកត្រូវចងចាំថា វាជាធម្មជាតិរបស់ក្មេង ។ ក្មេងជំទង់ជាញឹកញាប់ចាប់ផ្តើមចំណាយពេលច្រើននៅក្នុងបន្ទប់គេងរបស់ពួកគេដោយហេតុផលមួយចំនួន ៖
១. ឯករាជ្យភាព ៖ ចាប់ពីអាយុ ១១ ឆ្នាំ ក្មេងជំទង់ជាច្រើនចង់បានស្វ័យភាពបន្ថែមលើជីវិតរបស់ពួកគេ ។ ការសម្រេចចិត្តថា ត្រូវចំណាយពេលនៅកន្លែងណា ជាវិធីមួយក្នុងការគ្រប់គ្រង និងការសម្រេចចិត្តរបស់ពួកគេ ។ បន្ទប់គេងក៏ផ្តល់ឱ្យក្មេងជំទង់នូវអារម្មណ៍ឯករាជ្យ និងការគ្រប់គ្រងលើបរិស្ថានរបស់ពួកគេ ។ ពួកគេក៏អាចតុបតែងបន្ទប់ ដើម្បីឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងចំណាប់អារម្មណ៍របស់ពួកគេ ហើយអង្គុយនៅកន្លែងដែលគ្មាននរណាម្នាក់ប្រាប់ពួកគេថា ត្រូវធ្វើអ្វី ។
២. ឯកជនភាព ៖ នៅពេលដែលក្មេងជំទង់មានភាពចាស់ទុំ ពួកគេតែងតែចង់បានភាពឯកជនកាន់តែច្រើន ។ នេះមិនមានន័យថា ពួកគេកំពុងធ្វើអ្វីខុសនៅក្នុងបន្ទប់គេងរបស់ពួកគេនោះទេ ប៉ុន្តែពួកគេប្រហែលជាត្រូវការកន្លែងសម្រាប់គិត ផ្តោតអារម្មណ៍ រៀនសូត្រ ឬបិទសំឡេងរំខានពីពិភពលោកទាំងមូល ។
៣. ទូរស័ព្ទ ៖ ក្មេងជំទង់ចូលចិត្តអង្គុយលើគ្រែ ហើយចុចទូរស័ព្ទ ។ ហើយការសិក្សាថ្មីមួយបាននិយាយថា ពួកគេថែមទាំងដឹងថា ខ្លួនឯងកំពុងចំណាយពេលវេលាច្រើនពេកលើឧបករណ៍របស់ពួកគេផងដែរ ។ ដូច្នេះ សូមបង្កើតច្បាប់ និងព្រំដែនបច្ចេកវិទ្យាសម្រាប់កូនរបស់អ្នក ដើម្បីអាចគ្រប់គ្រងលើករណីនេះ ។
៤. មានអារម្មណ៍ថា មានសុវត្ថិភាព ៖ ថ្ងៃនៅក្នុងជីវិតរបស់ក្មេងជំទង់ ជាធម្មតាវាអាចមានភាពតានតឹង និងបញ្ហាប្រឈម ។ សម្ពាធពីមិត្តភ័ក្តិ ការប្រឈមមុខនឹងសាលា ភាពតានតឹងក្នុងការសិក្សា ការអភិវឌ្ឍន៍អត្តសញ្ញាណ ទំនាក់ទំនង សកម្មភាពក្រៅកម្មវិធីសិក្សា។ល។ ជួនកាលវាអាចធ្វើឱ្យក្មេងមានអារម្មណ៍ធុញថប់ និងតានតឹង ។ ពេលខ្លះការបិទទ្វារបន្ទប់គេងរបស់ពួកគេអាចមានអារម្មណ៍ថា ដូចជាបិទទ្វារចំពោះពិភពខាងក្រៅ ហើយផ្តល់ពេលឱ្យពួកគេពីរបីនាទី ដើម្បីគេចចេញពីរឿងទាំងអស់នោះ ។
តើខ្ញុំគួរបារម្ភទេ ប្រសិនបើកូនរបស់ខ្ញុំចំណាយពេលទាំងអស់នៅក្នុងបន្ទប់របស់ពួកគេ ? ចម្លើយយ៉ាងខ្លី គឺវាអាស្រ័យលើអ្វីដែលពួកគេធ្វើ ។ខណៈពេលដែលការចំណាយពេលវេលានៅក្នុងបន្ទប់គេងរបស់ពួកគេអាចជារឿងធម្មតា និងមានសុខភាពល្អសម្រាប់ក្មេងជំទង់ វាក៏សំខាន់ផងដែរសម្រាប់ឪពុកម្តាយក្នុងការថែរក្សាទំនាក់ទំនងបើកចំហ កំណត់ព្រំដែន និងធានាថាកូនរបស់ពួកគេកំពុងធ្វើឱ្យមានតុល្យភាពរវាងពេលវេលាតែម្នាក់ឯង និងអន្តរកម្មសង្គម សកម្មភាពរាងកាយ និងទំនួលខុសត្រូវផ្សេងទៀត ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្មេងជំទង់មើលទៅធម្មតារីករាយ អ្នកក៏អាចសង្កេតមើលថាតើមានបញ្ហាផ្សេងដែរ ឬទេ ដូចជាការធ្លាក់ចុះនៃការការសិក្សា ការគេងខុសធម្មតា លែងចង់ចូលរួមសកម្មភាពសង្គម ឬការផ្លាស់ប្តូរទម្លាប់ទទួលទានជាដើម ។ ទាំងនេះអាចជារោគសញ្ញានៃបញ្ហាធំដែលអ្នកត្រូវដោះស្រាយ ឬពិចារណាក្នុងការទទួលបានជំនួយពីអ្នកជំនាញ ៕ ប្រភព ៖ parentingteensandtweens
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ