ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​បើក​វ៉ា​ឡានពេទ្យ ជ្រុល​បុក​រថយន្ត​ធុន​ធំ រួញ​មុខ​មើល​លែង​យល់ សំណាងល្អ​គ្មាន​មនុស្ស​គ្រោះថ្នាក់

1 ខែ មុន

ខេត្តព្រៃវែង ៖ ពិតជា​សំណាង​មួយ នៅ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​មែន រថយន្ត​តាក់ស៊ី ប្រភេទ​ហា​យ​ឡែ​ន​ឌ័​រ ១​គ្រឿង ដែល​ព្យាយាម​បើក​វ៉ា​រថយន្ត​សា​មុ​យ​(​ឡានពេទ្យ​) ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ ដឹក​ស៊ីម៉ង់​តិ៍…

ខេត្តព្រៃវែង ៖ ពិតជា​សំណាង​មួយ នៅ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​មែន រថយន្ត​តាក់ស៊ី ប្រភេទ​ហា​យ​ឡែ​ន​ឌ័​រ ១​គ្រឿង ដែល​ព្យាយាម​បើក​វ៉ា​រថយន្ត​សា​មុ​យ​(​ឡានពេទ្យ​) ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ ដឹក​ស៊ីម៉ង់​តិ៍ ១​គ្រឿង​ទៀត ដែល​បើក​មក​បញ្ច្រាស​គ្នា បណ្តាល​អោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ វិល​ជា​ច្រើន​ជុំ ខ្ទាត​ទៅ​ខាង បុក​ហ្នឹង​របាំង​ដែក​អម​ផ្លូវ​យ៉ាង​ខ្លាំង​ទៀត ប៉ុន្តែ​សំណាងល្អ បែរជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ពុំ​មាន​រង​របួស ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ដែល​ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​បង្ក​នៅ​ក្នុង​ហេតុការណ៍​នេះ ជា​រថយន្ត​តាក់ស៊ី ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-2702 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ជន់ កុសល អាយុ​៣៨​ឆ្នាំ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ជានា​រី​វ័យ​ជាង​២០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ។

យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី ដែល​បានឃើញ​ហេតុការណ៍ បាន​អះអាង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បើក​មក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច ខាងក្រោយ​ឡានពេទ្យ គោលដៅ​ទៅ​ភ្នំពេញ ពេល​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​បើក​វ៉ា​ឡានពេទ្យ ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​វ៉េ​អង ដឹក​ស៊ីម៉ង់​តិ៍ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា ពេញទំហឹង ធ្វើ​អោយ​រថយន្ត​វ៉េ​អង​ដាច់រ​ទីល​ជាប់​គាំង​កណ្តាល ចំណែក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ខ្ទាត​ពីរ​ទៅ​បី​ត្រឡប់ ទៅ​បុក​ហ្នឹង​របាំង​ដែក​អម​សងខាង​ផ្លូវ ហើយ​ខ្ទាត​មក​កណ្តាលផ្លូវ​វិញទៀត ទើប​ជាប់​គាំង​នឹង​ថ្កល់ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នក​នៅ​ក្បែ​កន្លែង​កើតហេតុ បាន​ជួយ​គាស់​ទ្វារ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ យក​មនុស្ស​ទាំង​២​នាក់ នៅ​ក្នុង​រថយន្ត​ចេញ​មក​ក្រៅ ដោយ​សុវត្ថិភាព ហើយ​អ្នក​ទាំង​២ គ្មាន​របួស​អ្វី​ទេ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ប៉ុន្តែ​ដោយសារ​រថយន្ត​វ៉េ​អង ជាប់​គាំង​កណ្តាលផ្លូវ អូស​ចេញ​មិន​រួច ទើប​ធ្វើ​អោយ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ដោយ​ផ្នែក​ខាងលិច ស្ទះ​ពី​កន្លែង​កើតហេតុ​រហូត​ជិត​ដល់​សាលាឃុំ​កំពង់​ភ្នំ ចំងាយ​ជាង​៦​គីឡូម៉ែត្រ ហើយ​ផ្នែក​ខាងកើត ស្ទះ​ពី​កន្លែង​កើតហេតុ រហូត​ដល់​ខាងកើត​ស្ពាន​ស្ទឹង​ស្លូត ចំងាយ​ជាង​៤​គីឡូម៉ែត្រ និង​ផ្លូវ​ចូល​ទីប្រជុំជន​អ្នក​លឿង ស្ទះ​ដល់​ផ្សារ​អ្នក​លឿង​តែ​ម្តង ។

ទោះជា​យ៉ាងណា​ក៏​ដោយ ដោយសារ​មានការ​ខំប្រឹង​ពី​សមត្ថកិច្ច​មូល​ដ្នា​ន ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ ក៏​អាច​រំកិល​ទៅ​មុខ​បាន​ម្តង​បន្តិច​ៗ គឺ​មិន​ជាប់​គាំង​នោះ​ទេ គ្រាន់តែ​ចំណាយពេល​អស់​ច្រើន​ម៉ោង​បន្តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ